យោងតាមលោក Pep Guardiola អ្នកចាត់ការទូទៅរបស់ក្រុម Manchester City បានឲ្យដឹងថា ខ្សែប្រយុទ្ធ Sergio Aguero ជិតនឹងយល់ព្រមផ្ទេរទៅកាន់ក្រុម Barcelona ដែលនឹងធ្វើឲ្យគាត់ជួបជាមួយកំពូលតារាឆ្នើមរបស់អាហ្សង់ទីន Lionel Messi ដែលជាមិត្តរួមសញ្ជាតិ។
ខ្សែប្រយុទ្ធស៊ុតបាល់បញ្ចូលទីច្រើនបំផុតរបស់ក្រុម Man City រូបនេះ បានចំណាយពេលមួយទសវត្សរ៍នៅឯកីឡដ្ឋាន Etihad បានស៊ុតបាល់បញ្ចូលទី២គ្រាប់យ៉ាងរហ័សក្នុងជ័យជម្នះ ៥-០ លើក្រុម Everton នៅក្នុងការបង្ហាញខ្លួនក្របខ័ណ្ឌ Premier League ចុងក្រោយរបស់គាត់សម្រាប់ក្លិបកាលពីថ្ងៃអាទិត្យ។
គ្រាប់បាល់បញ្ចូលទីបានធ្វើឲ្យគ្រាប់បាល់សរុបក្នុងលីគ Premier League របស់លោកកើនដល់១៨៤គ្រាប់ ដែលជាចំនួនច្រើនបំផុតដោយកីឡាករម្នាក់សម្រាប់ក្លិបតែមួយ។
ខ្សែប្រយុទ្ធវ័យ៣២ឆ្នាំរូបនេះត្រៀមចាកចេញពីទឹកដី Etihad ជាភ្នាក់ងារឥតគិតថ្លៃបន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ទល់នឹងក្រុមតោខៀវ Chelsea ។
លោក Guardiola បានប្រាប់ BBC ថា “ប្រហែលជាខ្ញុំបង្ហាញអាថ៌កំបាំង។ ប្រហែលជាគាត់ជិតនឹងយល់ព្រមលើកិច្ចព្រមព្រៀងមួយសំរាប់ក្លិបបេះដូងខ្ញុំ គឺ Barcelona ។ គាត់នឹងលេងជាមួយកីឡាករឆ្នើម Messi គ្រប់ពេល។
លោក Guardiola បានបន្តថា “ខ្ញុំប្រាកដណាស់ថាគាត់នឹងរីករាយ ហើយប្រហែលជា Barcelona កាន់តែខ្លាំង និងបង្ហាញការជឿជាក់ជាមួយគាត់នៅលើទីលាន”។
រដូវកាលចុងក្រោយរបស់ Sergio Aguero នៅឯ Man City ត្រូវបានខកខានដោយការរងរបួស និងការឆ្លងជំងឺកូវីដ–១៩ ប៉ុន្តែលោក Guardiolaជឿជាក់ថា ខ្សែប្រយុទ្ធរូបនេះមានច្រើនដើម្បីផ្តល់ឱ្យក្លិបយក្សនៅអេស្ប៉ាញ Barcelona ។
ក្រុម Barcelona សម្រាប់រដូវកាលនេះគឺជារដូវកាលដ៏ខកចិត្តមួយដោយបញ្ចប់នៅចំណាត់ថ្នាក់លេខ ៣ នៅលីគកំពូលអេស្ប៉ាញ La Liga និងធ្លាក់នៅវគ្គ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ផងដែរ ៕
ដោយ៖ ភារៈ