យន្តហោះដឹកមនុស្សជាង១៦០ នាក់ បានហោះហើររយៈពេល២ម៉ោងនៅលើអាកាស ហើយកូនកម្លោះកូនក្រមុំបានរៀបចំពិធីរៀបការតាមប្រពៃណី។ យន្តហោះបានហោះហើរឆ្លងកាត់ព្រះវិហារល្បី Meenakshi ក្នុងទីក្រុង Maduai ។
រដ្ឋ Tamil Nadu ស្ថិតនៅភាគខាងកើតឥណ្ឌាបានចេញច្បាប់បិទទីក្រុងបន្ថែម២សប្តាហ៍ទៀត ដោយសារមានករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់ ក្រោយបញ្ចប់ច្បាប់បិទទីក្រុងនៅថ្ងៃទី២៤ខែឧសភា ។
នៅក្នុងរដ្ឋTamil Nadu មានករណីឆ្លងថ្មីបន្ថែមជាង៣៥ពាន់នាក់ធ្វើឲ្យអ្នកឆ្លងសរុបក្នុងរដ្ឋនេះកើនឡើងដល់ទៅ១,៨ លាននាក់។
ដោយសារតែចង់ប្រញាប់រៀបការ «ទ្រាំលែងបាន»គូស្នេហ៍មួយគូរស់នៅទីក្រុង Madurai រដ្ឋ Tamil Nadu បានរកឃើញវិធីសាស្ត្រគេចពីច្បាប់ហាមប្រាម ដោយជួលយន្តហោះដឹកអ្នកដំណើរមួយគ្រឿង ហើយអញ្ជើញមិត្តភក្តិ បងប្អូនឡើងយន្តហោះទាំងអស់គ្នាហោះហើរទៅលើអាកាសរៀបចំពិធីមង្គលការ។
សារព័ត៌មាន Sputnik បានផ្សាយថា កូនកំលោះនិងកូនក្រមុំមានឈ្មោះថា Rakesh និងDakshina បានរៀបចំពិធីរៀបការនៅចុងសប្តាហ៍កន្លងមក ដោយមានមនុស្សចូលរួម១៦០នាក់។ ជើងហោះហើរ មានរយៈពេល២ម៉ោង ហើយនៅពេលពិធីចាប់ផ្តើមឡើង យន្តហោះបានហោះឆ្លងកាត់ព្រះវិហារ Meenakshi។
នៅពេលពិធីមង្គលការចប់ហើយយន្តហោះក៏វិលត្រឡប់មកចុះចតនៅកន្លែងដើមវិញ ហើយភ្ញៀវក៏បានអញ្ជើញឡើងយន្តហោះផ្សេងទៀតវិលត្រឡប់ទៅកន្លែងរៀងៗខ្លួន៕ ដោយ៖ធីរីណា
https://youtu.be/50N7u5wIGNo
រូបថតនៃពិធីមង្គលការនៅលើយន្ដហោះបានរីករាលដាលនៅលើអ៊ីនធឺណិត។ រូបភាព៖ News18