អាមេរិកបានបង្កើនការប្រកាសអាសន្នពីការធ្វើដំណើរទៅកាន់ប្រទេសជប៉ុន ក្នុងពេលដែលប្រទេសនេះប្រារព្ធពិធីប្រកួតកីឡាអូឡាំពិក។ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងអាមេរិក CDCបានព្រមានកម្រិតទី៤ពីការធ្វើដំណើរទៅកាន់ប្រទេសជប៉ុន។
នៅក្នុងសេចក្តីប្រកាសរបស់CDC ក្នុងគោលដៅទប់ស្កាត់ការឆ្លងកូវីដ-១៩ ក្នុងពេលដែលទីក្រុងតូក្យូ នឹងត្រូវបើកប្រកួតកីឡាអូឡាំពិកនៅថ្ងៃទី២៣ខែកក្កដាខាងមុខនេះ។
ក្រោយការប្រកាសខាងលើរដ្ឋាភិបាលជប៉ុនក៏បានលើកឡើងថា ការព្រមានពីការធ្វើដំណើររបស់អាមេរិកមិនប៉ះពាល់ដល់ការប្រកួតកីឡាអូឡាំពិកនោះឡើយ ហើយក៏មិនប៉ះពាល់ដល់គណៈប្រតិភូកីឡា អូឡាំពិករបស់អាមេរិកនោះដែរ។
ក្រុមអ្នករៀបចំការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូ បានសន្យាថា និងសហការជាមួយគ្នាយ៉ាងជិតស្និទ្ធដើម្បីធានាដល់សុវត្ថិភាពរបស់ក្រុមកីឡាករដែលចូលរួមក្នុងការប្រកួតកីឡាអូឡាំពិក។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលជប៉ុន លោក Nobou Kishi បានឱ្យដឹងថា រដ្ឋាភិបាលនឹងរៀបចំក្រុមគ្រូពេទ្យដើម្បីការពារដល់ក្រុមកីឡាកររួចផុតពីកូវីដ-១៩ ។
ជាមួយគ្នានេះដែរ គណៈកម្មការអូឡាំពិក និង ប៉ារ៉ាឡាំពិក បានបង្ហាញការទុកចិត្តទៅលើវិធានការធានាសន្តិសុខសុវត្ថិភាពដល់ក្រុមកីឡាករទាំងអស់ដែលចូលរួមប្រកួតកីឡាអូឡាំពិក៕
រូបភាព៖ AFP-JiJi