លោកឧត្តមសេនីយ៍ស្នងការ​ខេត្តកំពង់ចាមអញ្ជើញ​ដឹកនាំកិច្ច​ប្រជុំ​ពង្រឹង​លេីផែនការ​ការពារសន្ដិសុខ​ ថែរក្សា​ សុវត្ថិភាព​ សណ្ដាប់ធ្នាប់​ ជុំវិញបរិវេណមណ្ឌលចត្ដាឡីស័ក​

ចែករំលែក៖

ខេត្ត​កំពង់ចាម​ ៖​ បច្ចុប្បន្ន​ក្រសួង​សុខាភិបាល​នៅមិនទាន់បិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈនៅឡេីយទេ​ តែ​បាន​ត្រឹមបន្ថយការឆ្លងពីច្រេីនមកតិច​ ។ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នាប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល និងការណែនាំក៏ដូចជាបទបញ្ជារបស់រាជរដ្ឋាភិបាលឱ្យបានខ្ជាប់ខ្ជួន​  និងតាមដានសុខភាពឱ្យបានដិតដល់ ហើយប្រសិនណាសង្កេត​ឃើញមានរោគ​សញ្ញាដែល​សង្ស័យ​ សូមប្រញាប់ទៅធ្វើតេស្តរកមេរោគឱ្យទាន់ពេលវេលា​ ចៀសវាងការឆ្លង​ចែក​ចាយ​បន្ត ។

  នេះជាប្រសាសន៍លោកឧត្ដមសេនីយ៍​ទោ​​ ឯម​ កុសល​ ស្នងការនគរបាលខេត្តកំពង់ចាម​ ដែលបានផ្តាំផ្ញេីសារនេះទៅកាន់​ពលរដ្ឋ​រស់នៅ​ក្នុងមូលដ្ឋាននៃខេត្តកំពង់​ចាម​ ក្នុងអំឡុង​ពេលលោកអញ្ជើញ​ដឹកនាំកិច្ចប្រជុំបន្ទាន់មួយដើម្បីដាក់​ចេញ​នូវវិធានការថ្មីៗបន្ថែម​ទៀតក្នុងការ​ប្រយុទ្ធប្រឆាំង​ ការពារ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-​១៩ នៅរសៀលថ្ងៃ​ទី២៥​ ខែឧសភា​ ឆ្នាំ​២០២១​ ដែលធ្វេីឡេីងនៅអធិការដ្ឋាននគរបាលស្រុកជេីងព្រៃ​ ។ 

   អង្គប្រជុំមាន​ការចូលរួម​ពីលោកស្នងការរងទទួលដឹកនាំអធិការដ្ឋាននគរបាលស្រុកជេីងព្រៃ​ លោកស្នងការរងទទួលដឹកនាំការិយាល័យសុខាភិបាល​  លោក​នាយ-នាយរងការិយល័យ​ពាក់ព័ន្ធ​ និងលោក-លោកស្រី​អធិការ​-អធិការរង​ នគរបាល​ស្រុកជេីងព្រៃ​ ។ 

  លោកឧត្ដមសេនីយ៍​ទោ​​ ឯម​ កុសល​ បានលេីកឡេីងថា​ បន្ទាប់ពីមានការផ្ទុះនូវជំងឺកូវីដ-១៩​ នៅតាមបណ្ដារោងចក្រ​ សហគ្រាស​ ទេីបថ្នាក់ដឹកនាំខេត្តបេីកការប្រជុំ​ដេីម្បី​ពង្រឹងលេីផែនការ​ការ​ពារ​ សន្តិសុខ ថែរក្សា​សុវត្ថិភាព​ សណ្ដាប់ធ្នាប់​ នៅជុំវិញបរិវេណមណ្ឌលចត្តាឡីស័ក​ និងភូមិសាស្រ្តដែលត្រូវបិទខ្ទប់​ក្នុងស្រុកជេីង​ព្រៃ​ ព្រមទាំងពង្រឹងលេីកិច្ចជំនាញ និងពង្រឹងលេីវិធានការសុខាភិបាល​ ពិសេស​រិះរកវិធានការថ្មីៗបន្ថែម​ទៀតក្នុងការប្រយុទ្ធប្រឆាំង​ ការពារ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-​១៩ ជាមួយ​ក្រសួង​សុខាភិបាល​ និង​រាជរដ្ឋាភិបាល​។ 

  លោក​ ឯម​ កុសល​ បានបញ្ជាក់ណែនាំបន្ថែមថា​ ផ្អែកតាមប្រភពព័ត៌មានពីក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ បានឱ្យដឹងថា អ្នកឆ្លងកូវីដក្នុងរយ:ពេល៩ថ្ងៃដំបូងនឹងបង្ហាញរោគសញ្ញាដូចខាងក្រោម​ ៖​

  ថ្ងៃទី១-៣៖ ឈឺ.កតិចតួចស្រដៀងនឹងផ្តាសាយដែរ។

  ថ្ងៃទី៤៖ រាកតិចៗ និងឈឺក្បាលតិចតួច។

  ថ្ងៃទី៥៖ ឈឺសន្លាក់ រីឯរាងកាយចុះខ្សោយ ព្រមទាំងអស់កម្លាំង។

  ថ្ងៃទី៦៖ ឡើងកម្ដៅ៣៧អង្សា រួមមានក្អក និងចង់ក្អួត។

  ថ្ងៃទី៧៖ ពិបាកដកដង្ហើម ឬដកដង្ហើមថប់ៗ តឹងណែនទ្រូង។

  ថ្ងៃទី៨៖ ក្អកជាប់ មានស្លេស្ម បូករួមទាំងឈឺក្បាល ឈឺខ្លួន និងក្អួតចង្អោរ។

  ថ្ងៃទី៩៖ អាការពិបាកខ្លាំង ចាំបាច់ត្រូវពិនិត្យឈាម និងថតសួត​ ។ 

  លោក​បន្ថែម​ថា​ ដេីម្បី​បញ្ចប់ស្ថានភាពចម្លងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ២០​កុម្ភៈ​ សូម​អនុវត្ត​តាម​វិធានការ ៣កុំ​ ៣ការពារ​ឱ្យបាន​គ្រប់​ៗគ្នា​ គឺចាប់ផ្តើម​ពីអ្នក​ ព្រោះគ្រូពេទ្យមិនមែនទេវតា​ទេ​ ឯអាជ្ញាធរ​មូលដ្ឋាន​ក៏​មិនមែន​មនុស្ស​យន្ត​ដែរ​ ។ សរុបមក​ គ្រូពេទ្យ​ និង​អាជ្ញាធរ​ក៏​មាន​ក្រុម​គ្រួសារ​ដែល​ត្រូវ​មេីល​ថែ​ និង​យក​ចិត្ត​ទុក​ដាក់​ដែរ​ ៕

                       

...

ដោយ ៖ ​វណ្ណៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print