នៅថ្ងៃទី២៥ខែឧសភា ពេលវេលានៅអាមេរិក អតីតប្រធានាធិបតីដូណាល់ ត្រាំ បានបញ្ជាក់ថា កូវីដ-១៩ មានប្រភពមកពីទីក្រុងវូហាន ប្រទេសចិន។
លោកត្រាំបញ្ជាក់ថា «ពេលនេះមនុស្សគ្រប់រូបបានទទួលស្គាល់ថា ខ្ញុំនិយាយត្រូវ ដែលបញ្ជាក់ថា កូវីដ-១៩ មានប្រភពមកពីទីក្រុងវូហាន ហើយពេលខ្លះខ្ញុំហៅវីរុសនេះ ថាជាវីរុសចិន។ ចំពោះខ្ញុំ តាំងពីពេលដំបូងដែលបញ្ជាក់អំពីរឿងនេះ ហើយវាជាការណ៍ពិត ប៉ុន្តែខ្ញុំទទួលរងការរិះគន់យ៉ាងខ្លាំង។ នៅពេលនេះមនុស្សគ្រប់រូបដឹងថាខ្ញុំនិយាយត្រូវ»។
ការលើកឡើងខាងលើរបស់អតីតប្រធានាធិបតីដូណាល់ ត្រាំ គឺក្រោយពេលរដ្ឋាភិបាលរបស់ប្រធានាធិបតីបៃឌិន បានអំពាវនាវដល់អង្គការសុខភាពពិភពលោក បើកការស្រាវជ្រាវដោយបើកចំហពីប្រភពវីរុសកូវីដ-១៩ ដោយតម្លាភាព ពឹងផ្អែកទៅលើបច្ចេកវិទ្យាសាស្ត្រ។ អាមេរិក បានស្នើឲ្យអង្គការ WHO ស្រាវជ្រាវជាលើកទីពីរពីប្រភពកូវីដ-១៩ ក្រោយពីមានទ្រិឹស្តីជាច្រើនលើកឡើងថា កូវីដ-១៩ បែកធ្លាយចេញពីមន្ទីរពិសោធន៍របស់ចិននៅទីក្រុងវូហាន។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Xavier Becerra បានលើកឡើងថា «ដំណាក់កាលទីពីរនៃការស្រាវជ្រាវពីប្រភពកូវីដ- ១៩ត្រូវតែធ្វើឡើងប្រកបដោយតម្លាភាព ពឹងផ្អែកទៅលើមូលដ្ឋានវិទ្យាសាស្ត្រ ដោយផ្តល់សិទ្ធិដល់ក្រុមអ្នកជំនាញក្នុងការស្រាវជ្រាវដោយឯករាជ្យ»។
នៅពេលកាន់តំណែងជាប្រធានាធិបតីលោក ត្រាំ បានទម្លាក់កំហុសទៅលើចិនស្តីពីការឆ្លងរាលដាលកូវីដ-១៩។ លោកបានចោទប្រកាន់ទីក្រុងប៉េកាំងថា បង្កឲ្យមានការឆ្លងរាលដាលកូវីដ-១៩ជាសាកល ។ លោកត្រាំលើកឡើងថា ទ្រិឹស្តីស្តីពីការបែកធ្លាយកូវីដ-១៩ ពីមន្ទីរពិសោធន៍របស់ចិន គឺអាចជាការណ៍ពិត៕
រូបភាព៖ AP