សារព័ត៌មានក្យូដូរបស់ជប៉ុន បានផ្សាយថា នាវានេសាទមួយគ្រឿងរបស់ជប៉ុនបានបុកជាមួយនាវារបស់រុស្ស៊ីនៅជិតកោះ Hokkaido នាព្រឹកថ្ងៃទី២៦ខែឧសភា បណ្តាលឲ្យនាវានេសាទជប៉ុនលិច។
តាមសារព័ត៌មានខាងលើបានបញ្ជាក់ថា នាវានេសាទរបស់ជប៉ុន ជារបស់ក្រុមហ៊ុន Monbetsu ហើយប៉ះទង្គិចជាមួយនាវារបស់រុស្ស៊ីនៅវេលាម៉ោង៦ព្រឹកថ្ងៃទី២៦ខែឧសភាបណ្តាលឲ្យនាវានេសាទរបស់ជប៉ុនលិច។
បណ្តាញព័ត៌មាន NHK របស់ជប៉ុនបានផ្សាយថា ការប៉ះទង្គិចគ្នានេះនៅតំបន់សមុទ្រ Okhotsk មានចម្ងាយពីឆ្នេរសមុទ្រ Monbetsu ប្រមាណ២៣គីឡូម៉ែត្រ។ នាវានេសាទរបស់ Hachikita Komaru មានចំណុះ៩,៧តោន បុកជាមួយនាវារុស្ស៊ី Amur មានចំណុះ៦៦២តោន។ នាវានេសាទរបស់ជប៉ុន មាននាវិក៥នាក់ ត្រូវបានបញ្ជូនឡើងទៅកាន់នាវារុស្ស៊ី ។
កម្លាំងទាហានការពារដែនសមុទ្រជប៉ុនបានបញ្ជូននាវាយាមល្បាតទៅកន្លែងកើតហេតុដើម្បីត្រួតពិនិត្យស្ថានភាព ។ ការលិចនាវាខាងលើអាចបង្កឲ្យមានលិចហៀប្រេងចូលដែនសមុទ្រផងដែរ ។នៅពេលនេះគេមិនទាន់ដឹងពីមូលហេតុដែលបណ្តាលឲ្យនាវាទាំងពីរគ្រឿងបុកគ្នា រហូតដល់មាននាវាលិចនោះឡើយ ៕
រូបភាព៖ VTC