ខេត្តស្ទឹងត្រែង៖ កម្លាំងរដ្ឋបាលព្រៃឈើខេត្តសហការជាមួយកម្លាំងសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្ត ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានចុះបង្ក្រាបឈើរបស់ឈ្មួញដែលជាមុខសញ្ញាចាស់ ម្ចាស់ឈ្មោះ(ទី) ដោយមានអ្នកកាងឈើជិះម៉ូតូហុងដាឌ្រីម ឈ្មោះ(ផាន) បានជេរប្រមាថដល់អ្នកសារព័ត៌មាន មិនឲ្យ
ថតផ្សព្វផ្សាយនិងរាយការណ៍ទៅមន្ត្រីជំនាញឡើយ។ ជននេះបានធ្វើសកម្មភាពលួចដឹកឈើតាមរថយន្តសាំយ៉ុងយ៉ាងសកម្ម ហើយបានបញ្ជាឲ្យតៃកុងបើករថយន្តរត់គេចយកឈើមកទម្លាក់ចោលនៅក្នុងដីឡូត៍មួយកន្លែងបម្រុងទុកលក់ចែកចាយ ប៉ុន្តែពេលដឹងថាកម្លាំងសមត្ថកិច្ចចម្រុះតាមបង្ក្រាបក៏បើករថយន្តរត់គេចបាត់បន្សល់ទុកតែឈើប្រភេទក្តារស្រឡៅប្រហែលជា២ម៉ែត្រគូបប៉ុណ្ណោះ។ ប្រតិបត្តិការនេះបានធ្វើឡើងនៅព្រឹកម៉ោង១០ៈ១៥នាទី ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅក្នុងដីឡូត៍ចម្ការស្វាយចន្ទីមួយកន្លែង ស្ថិតនៅក្នុងភូមិរាជានុកូល សង្កាត់/ក្រុង/ខេត្តស្ទឹងត្រែង។
បើតាមប្រភពបានបង្ហើបថា ម្ចាស់រថយន្តឈ្មោះ(ទី) និងឈ្មោះ(ផាន)ជា
អតីតនគរបាលចូលនិវត្តន៍ បានរកស៉ីនិងកាងឈើល្មើសច្បាប់តាំងតែពីមិនទាន់ចូលនិវត្តន៍មកម្ល៉េះ តែពេលនេះឈ្មោះ(ផាន)នេះក៏នៅតែប្រកបរបរចាស់វស្សានេះដដែល ថែមទាំងរារាំងសមត្ថកិច្ចមិនឲ្យចូលផ្លូវដែលរថយន្តរបស់ខ្លួនដឹកឈើរត់គេចមកទម្លាក់ចោលក្នុង ចេតនាដើម្បីរំដោះរថយន្តឱ្យចេញផុតពីការបង្ក្រាបរបស់សមត្ថកិច្ចផងដែរ។ ចំណែករថយន្តដឺកឈើល្មើសច្បាប់នោះម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2Q-5029 មានម្ចាស់ឈ្មោះ(ទី) រស់នៅព្រៃចាស់ ភូមិគីឡូ៨ សង្កាត់សាមគ្គី ក្រុង/ខេត្តស្ទឹងត្រែង។
ជុំវិញរឿងនេះលោកអន ចាន់សុជាតិ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត បានបញ្ជាក់ដែរថា ករណីមេឈ្មួញដឹកជញ្ជូនឈើខុសច្បាប់តាមរថយន្តសាំយ៉ុងខាងលើ ដែលរត់គេចហើយរារាំងដល់សមត្ថកិច្ចដែលជាមន្ត្រីសាធារណៈនោះលោកថានឹងមានវិធានការហើយ សមត្ថ
កិច្ចនឹងបន្តស្រាវជ្រាវឃាត់ខ្លួនយកមកចាត់ការតាមនីតិវិធី។
ក្រោយការបង្ក្រាបឈើខុសច្បាប់នៅចំណុចទីតាំងខាងលើហើយ សមត្ថកិច្ចនិងមន្ត្រីជំនាញបានដកហូត រឹបអូសឈើដឹកយកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើលើស្ពានសេកុង ដើម្បីបន្តនីតិវិធីតាមច្បាប់រដ្ឋបាលព្រៃឈើ។
សូមបញ្ជាក់ថា ឈើបានដឹកដល់កន្លែងហើយ តែមន្ត្រីជំនាញនៅមិនទាន់បានវាស់វែងទេ ហើយក៏នៅមិនទាន់ដឹងថាមានប៉ុន្មានម៉ែត្រគូបនោះដែរ ដែលគេសង្ស័យថាតើអាចមានមន្ត្រីជំនាញពាក់ព័ន្ធនឹងករណីខាងលើនេះឬក៏យ៉ាងណានោះទេ ទើបបានជារុញដាក់គ្នា មិនបានផ្តល់ទិន្នន័យនៃចំនួនម៉ែត្រគូបដល់អ្នកសារព័ត៌មានយើងឲ្យបានលម្អិតបែបនេះ៕