ខេត្តបាត់ដំបង÷ នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ លោកវរសេនីយ៍ ឯក ស៊ិន ប៊ុនរស្មី ស្នងការរងទទួលការងារវរសេនាតូចនគរបាលការពាព្រំដែនគោកលេខ៨១៩ ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ បានដឹកនាំកម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនគោកបឹងអាជាង សហការជាមួយកម្លាំងកងយោធពលខេរភូមិន្ទ ឈរជើងជួរមុខក្នុងភូមិសាស្ត្រស្រុកកំរៀង ចេញល្បាត និងធ្វើការទប់ស្កាត់ពលករបម្រុងលួចឆ្លងដែនចូលទឹកដីថៃដោយមិនស្របច្បាប់ ចំនៅចំណុចភូមិរការបុស ឃុំកំរៀង ស្រុកកំរៀង។
ក្នុងករណីនេះកម្លាំងសមត្ថកិច្ចឃាត់ខ្លួនពលករខ្មែរចំនួន ១៥នាក់ (ស្រី ៦នាក់) ដែលលួចឆ្លងដែនទៅថៃខុសច្បាប់បានបញ្ជូនទៅឲ្យកម្លាំងអធិការដ្ឋាននគរបាលស្រុកកំរៀងសាកសួរ និងអនុវត្តតាមផ្លូវច្បាប់បន្ត ។
មន្ត្រីនគរបាលព្រំដែនបានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ស្តីពីការ ការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករ ចេញ ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ។ដោយហេតុនេះហើយទើបកម្លាំងការពារព្រំដែនតែងតែចេញល្បាតការពារជានិច្ច៕