អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក បារ៉ាក់ អូបាម៉ា បានកោតសរសើរខ្សែប្រយុទ្ធឆ្នើមរបស់អង់គ្លេស Marcus Rashford ចំពោះការងាររបស់គាត់ក្នុងការដោះស្រាយភាពក្រីក្រនៃអាហាររបស់កុមារ ហើយអ្នកទាំង២បានពិភាក្សាគ្នាតាមរយៈការខលជាវីដេអូថា តើយុវជនអាចជះឥទ្ធិពលអ្វីខ្លះដល់សង្គម?
សារព័ត៌មានរ៉យទ័របានផ្សាយថា កាលពីឆ្នាំមុន Rashford បានដឹកនាំយុទ្ធនាការមួយដើម្បីបញ្ចប់ភាពក្រីក្ររបស់កុមារតាមរយៈការឧបត្ថម្ភអាហារ និងបញ្ចុះបញ្ចូលរដ្ឋាភិបាលអង់គ្លេសឱ្យបន្តផ្តល់អាហារនៅសាលាដោយឥតគិតថ្លៃក្នុងអំឡុងពេលវិស្សមកាល។
យុវជនវ័យ២៣ឆ្នាំរូបនេះបានទទួលរង្វាន់ MBE សម្រាប់សេវាកម្មដល់កុមារងាយរងគ្រោះអំឡុងពេលមានជំងឺរាតត្បាតកូវីដ-១៩ ។
លោកអូបាម៉ាបាននិយាយនៅក្នុងការហៅទូរស័ព្ទដែលត្រូវបានរៀបចំឡើងដោយអ្នកបោះពុម្ពផ្សាយ Penguin ថា “មនុស្សវ័យក្មេងជាច្រើនដែលខ្ញុំបានជួបរួមទាំងលោក Rashford ផងពួកគេបានផ្តល់គំរូ ដែលខ្ញុំមាននៅពេលខ្ញុំមានអាយុ២៣ឆ្នាំដែរ។ ពួកគេបានធ្វើការផ្លាស់ប្តូររួចហើយនិងក្លាយជាកម្លាំងវិជ្ជមាននៅក្នុងសហគមន៍របស់ពួកគេ។
លោក អូបាម៉ា បានបន្តថា “ទោះបីអ្នកធ្វើអ្វីមួយវិជ្ជមានក្នុងកំរិតតូចក៏ដោយក៏វាធ្វើឱ្យមានភាពខុសប្លែកគ្នាដែរ ហើយវាជាការប្រមូលផ្តុំមនុស្សធ្វើរឿងវិជ្ជមានតាមពេលវេលាដែលធ្វើឱ្យយើងប្រសើរឡើងបន្តិចជាមួយជំនាន់បន្តបន្ទាប់”។
ខ្សែប្រយុទ្ធរបស់ក្រុមបិសាចក្រហមរូបនេះបាននិយាយថា វាពិតជារឿងគួរឱ្យចង់និយាយជាមួយអតីតប្រធានាធិបតីសហរដ្ឋអាមេរិក។
លោក Rashford បាននិយាយថា “ខ្ញុំចង់និយាយថាវាពិតជាគួរឱ្យខ្លាចណាស់មែនទេ? ខ្ញុំកំពុងអង្គុយនៅក្នុងផ្ទះបាយរបស់ខ្ញុំក្នុងទីក្រុង Manchester ដោយនិយាយទៅកាន់ប្រធានាធិបតីអូបាម៉ា។ មិនយូរប៉ុន្មានខ្ញុំបានដឹងអំពីរបៀបដែលបទពិសោធន៍របស់យើងស្របទៅនឹងអ្វីដែលកុមារបានធ្វើក្នុងទម្រង់ ដែលអ្នកឃើញសព្វថ្ងៃនេះគឺភាពលំបាកឧបសគ្គ និងអ្វីៗទាំងអស់” ៕ដោយ៖ភារៈ