ខ្សែបម្រើរបស់ក្លិប Manchester City កីឡាករ Kevin de Bruyne បាក់ឆ្អឹងច្រមុះនិងរបួសភ្នែក

ចែករំលែក៖

តាមការចេញផ្សាយរបស់សារព័ត៌មាន BBC Sport នៅព្រឹកថ្ងៃទី៣១ ឧសភានេះថា ខ្សែបម្រើ Kevin de Bruyne របស់ក្រុម Manchester City បានរងនូវការបាក់ខ្ទង់ច្រមុះ និងរបួសភ្នែកនៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ប្រឆាំងនឹងក្រុមតោខៀវ Chelsea ។

កីឡាករវ័យ២៩ឆ្នាំរូបនេះត្រូវបានជំនួសនៅនាទីទី៦០ ដោយកីឡាករ Gabriel Jesus បន្ទាប់ពីប៉ះទង្គិចជាមួយកីឡាករ Antonio Rudiger ។

កីឡាករ Kevin de Bruyne បានសរសេរតាមបណ្តាញសង្គមថា “ខ្ញុំមានអារម្មណ៍ថាមិនអីទេ ឥឡូវនេះនៅតែខកចិត្តពីម្សិលម៉ិញ ប៉ុន្តែយើងនឹងត្រលប់មកវិញ”។

ចំណែកកីឡាករ Rudiger ដែលបានប៉ះទង្គិចគ្នាជាមួយ De Bruyne បានសរសេរនៅក្នុង Twitter កាលពីរសៀលថ្ងៃអាទិត្យដើម្បីបង្ហាញថា គាត់បានទាក់ទងជាមួយ De Bruyne ដើម្បីជូនពរគាត់។

កីឡាករសញ្ជាតិអាឡឺម៉ង់រូបនេះបានសរសេរថា “ខ្ញុំពិតជាសោកស្តាយចំពោះការរងរបួសរបស់  De Bruyne ។ ជាការពិតណាស់នេះមិនមែនជាចេតនាពីខ្ញុំទេ។ ខ្ញុំបានទាក់ទងជាមួយ De Bruyne ដោយផ្ទាល់ ហើយខ្ញុំពិតជាជូនពរគាត់ឱ្យឆាប់ជាសះស្បើយហើយសង្ឃឹមថាយើងនឹងឃើញគាត់ត្រឡប់មកវិញនៅលើទីលានឆាប់ៗនេះ” ។

De Bruyne បានជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិបែលហ្ស៊ិកសម្រាប់យូរ៉ូឆ្នាំ២០២០ ជាមួយនឹងការប្រកួតលើកដំបូងរបស់ប្រទេសរបស់គាត់នៅថ្ងៃទី១២ ខែមិថុនាទល់នឹងរុស្ស៊ី។

មិនទាន់មានការចង្អុលបង្ហាញនៅឡើយទេថា តើខ្សែបម្រើរូបនេះនឹងស័ក្តិសមសម្រាប់ការប្រកួតនៅ St Petersburg ឬប្រសិនបើរបួសរបស់គាត់គំរាមកំហែងដល់ការចូលរួមរបស់គាត់នៅក្នុងការប្រកួតដែលនៅសល់។

គួររំលឹកថា ក្រុម Man City ចាញ់វគ្គផ្តាច់ព្រ័ត្រនៅទីក្រុង Porto ទល់នឹងក្រុម Chelsea ក្នុងលទ្ធផល១ទល់០ ដែលក្រុមតោខៀវរកបាននៅនាទីទី៤២ ដោយកីឡាករ Kai Havertz ៕ដោយ៖ភារៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print