ខេត្តស្វាយរៀង៖ លោកបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង គិតត្រឹមថ្ងៃទី៣ខែមិថុនាឆ្នាំ២០២១នេះ មានអ្នកជំងឺកូវីដ-១៩ ចំនួនសរុប ៩៣០នាក់ ស្រី ៥៤៧នាក់ (ជនជាតិខ្មែរ: ៨៨៦នាក់,ជនជាតិបរទេស: ៤៤នាក់) ចំនួនអ្នកជំងឺជាសះស្បើយសរុប ៤៦៣នាក់ ស្រី ២២២នាក់ អ្នកជំងឺស្លាប់០៦នាក់ ជាជនជាតិខ្មែរ ។
លោកបណ្ឌិត កែរ រដ្ឋា បន្តថាចាប់តាំងពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ក្រុមការងារយកសំណាកបានយកសំណាកលើកម្មករ កម្មការនី ចំនួន ២.៥១៧នាក់ និងបានរកឃើញករណីវិជ្ជមានចំនួន ៣៥២នាក់ ក្នុងចំណោមរោងចក្រចំនួន ៨ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន ៣ រួមមាន តំបន់សេដ្ឋកិច្ចពិសេសសានតុង មានរោងចក្រ យូលី១ រោងចក្រ ប៊្យូលធីហ្វូលវីនដូ និងរោងចក្រ អូខ្លូត តំបន់សេដ្ឋកិច្ចពិសេស មេនហាធិន មានរោងចក្រ សាន់ ហ្វេង រោងចក្រ ម់ូរ៉ូហ្វូជី និងរោងចក្រ យូធីឡាយ ហើយនិងតំបន់សេដ្ឋកិច្ចពិសេស តាយសេង មានរោងចក្រ អេអិនជេ និងរោងចក្រ ស្មាតថេក ។
ចំពោះប្រភពចម្លង ក្រុមការងារសង្ស័យទៅលើបុរសជាប្តីកម្មការនីម្នាក់ ដឹកជញ្ជូនបន្លែពីស្វាយរៀងទៅលក់នៅផ្សារដើមគរ ករណីខ្លះ ប្តីប្រពន្ធធ្វើការរោងចក្រផ្សេងគ្នា បើមានវិជ្ជមាន នឹងចម្លងគ្នា រួចចម្លងទៅរោងចក្រផ្សេងទៀត ប៉ុន្តែមានរោងចក្រខ្លះ ថៅកែរោងចក្រអនុវត្តតាម SOP ត្រឹមត្រូវ ឃើញថាពុំមានការចម្លងទេ ក្រោយពីរកឃេីញអ្នកវិជ្ជមាន ក្រុមការងារមន្ទីរសុខាភិបាលខេត្ត បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យព្យាបាលកូវីដ-១៩ខេត្ត ធ្វេីចត្តាឡីស័កនិងយកសំណាកចំពោះអ្នកប៉ះពាល់ផ្ទាល់ ចំណែកអ្នកប៉ះពាល់ប្រយោលឱ្យធ្វើចត្តាឡីស័កនៅតាមផ្ទះ ។
ហើយប្រសិនជាមានចេញរោគសញ្ញា ដូចជា ក្តៅ ក្អក ថប់ដង្ហើម ហៀរសំបោរ ត្រូវប្រញាប់ប្រញាល់ទៅធ្វេីសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩។
លោកបណ្ឌិតក៏
សូមអំពាវនាវដល់ប្អូនៗ ក្មួយៗ កម្មករ កម្មការនីរោងចក្រ ត្រូវតែធ្វើចត្តាឡីស័កនៅផ្ទះ និងនៅមណ្ឌលចត្តាឡីស័កឱ្យបានត្រឹមត្រូវ ជៀសវាងចម្លងរោគដល់ប្តីប្រពន្ធកូនឪពុកម្ដាយបងប្អូនរបស់ខ្លួន និងអ្នកដទៃទៀត ក្រោយពីរកឃើញករណីវិជ្ជមានកូវីដ-១៩ នៅលើកម្មករ កម្មការនី មួយចំនួននៅតាមមូលដ្ឋាន ដេីម្បីការពារទប់ស្កាត់ការផ្ទុះឡេីងជំងឺកូវីដ-១៩ នៅក្នុងរោងចក្រ ចំពោះថៅកែរោងចក្រ ត្រូវអនុវត្តឱ្យបាននូវ SOP ចំណែកកម្មករ កម្មការនី រួមទាំងក្រុមគ្រួសាររបស់ពួកគាត់ផង ត្រូវគោរពតាមវិធានការ ៣ការពារ ៣កុំ របស់សម្តេចតេជោ ហ៊ុន សែន ។
នេះជាលើកទី២ហើយ ដែលខេត្តស្វាយរៀងមានករណីផ្ទុះជំងឺកូវីដ-១៩ ប៉ុន្តែដោយមានការផ្តល់មតិយោបល់ និងអនុសាសន៍ល្អៗ ពីសំណាក់លោកស្រីកិត្តិសង្កហបណ្ឌិត ម៉ែន សំអន តំណាងរាស្ត្រមណ្ឌលស្វាយរៀង ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តស្វាយរៀង និងក្រុមការងារ និងដោយសារមានការគ្រប់គ្រងបញ្ជាផ្ផ្ទាល់ពីលោក ម៉ែន វិបុល អភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ខេត្ត ធ្វើឱ្យស្ថានការណ៍តានតឹង ត្រឡប់ទៅជាធូរស្រាលវិញក្នុងរយៈពេលដ៏ខ្លី ។
កត្តាជោគជ័យទាំងនេះ ក៏ដោយសារការយកចិត្តទុកដាក់ ឧបត្តម្ភគាំទ្រ ទាំងសម្ភារៈ ឱសថ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រួមទាំងថវិកាសម្រាប់ឧបត្តម្ភដល់បុគ្គិលិកបំរើការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ពីប្រមុខរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងក្រសួង ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ។
ជាពិសេសទៅទៀត មន្ត្រីកិច្ចសន្យា បុគ្គិលិកស្ម័គ្រចិត្តបំរើការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ មានសេចក្តីត្រេកអរយ៉ាងក្រៃលែង និងដឹងគុណសម្តេចតេជោ ហ៊ុន សែន ដែលពួកគាត់ត្រូវបានក្រសួងសុខាភិបាលបញ្ជូនឈ្មោះស្នើសុំសម្តេចតេជោ បញ្ចូលក្នុងក្របខ័ណ្ឌសុខាភិបាលផងដែរ៕
ដោយ៖ យឹម សុថាន