ម៉ាឡេស៊ីអនុញ្ញាតឲ្យវិស័យឯកជនអាចទិញវ៉ាក់សាំងកូវីដ-១៩ដោយខ្លួនឯង

ចែករំលែក៖

ដើម្បីបង្កើនល្បឿននៃការចាក់វ៉ាក់សាំងនៅក្នុងប្រទេសក្រោយពីមានករណីឆ្លងជំងឺកូវីដ-១៩ច្រើននោះ ពេលនេះរដ្ឋាភិបាលម៉ាឡេស៊ី បានអនុញ្ញាតឲ្យមន្ទីរពេទ្យឯកជននានានៅទូទាំងប្រទេសអាចធ្វើការបញ្ជាទិញវ៉ាក់សាំងកូវីដ-១៩ ដោយខ្លួនឯងបាន ដើម្បីចាក់ជូនពលរដ្ឋដែលមានតម្រូវការចាក់វ៉ាក់សាំង។
សារព័ត៌មាន CNA នៅយប់ថ្ងៃព្រហស្បតិ៍ ទី០៣ ខែមិថុនា ឆ្នាំ២០២១ បានដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងសម្របសម្រួលការចាក់វ៉ាក់សាំងរបស់ប្រទេសម៉ាឡេស៊ីលោក Khairy Jamaluddin នៅថ្ងៃទី៣ខែមិថុនាថា មន្ទីរពេទ្យរបស់រដ្ឋ និងមន្ទីរពេទ្យឯកជននានានៅទូទាំងប្រទេស អាចធ្វើការបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយខ្លួនឯងបាន ក្នុងនោះរាប់បញ្ចូលទាំងវ៉ាក់សាំងដែលមិនត្រូវបានប្រើនៅក្នុងកម្មវិធីចាក់វ៉ាក់សាំងជាតិ តួយ៉ាងដូចជាវ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna និង Sinopharm ជាដើម។
ថ្លែងនៅក្នុងសន្និសីទកាសែត បន្ទាប់ពីបានទៅទស្សនកិច្ចមជ្ឈមណ្ឌលចាក់វ៉ាក់សាំងមួយកន្លែងក្នុងរដ្ឋ Penang នៅថ្ងៃព្រហស្បតិ៍ ទី៣ មិថុនានេះ លោក Khairy បាននិយាយថា មន្ទីរពេទ្យថ្នាក់រដ្ឋ និងមន្ទីរពេទ្យឯកជននានាក្នុងប្រទេសម៉ាឡេស៊ីអាចបញ្ជាទិញវ៉ាក់សាំងផ្ទាល់ខ្លួនរបស់ពួកគេបាន ដរាបណាវ៉ាក់សាំងទាំងនេះត្រូវបានយល់ព្រមដោយអង្គការសុខភាពពិភពលោក។
លោក Khairy បានមានប្រសាសន៍ថា «ប្រសិនបើមន្ទីរពេទ្យរបស់រដ្ឋចង់ទិញវ៉ាក់សាំងផ្ទាល់ខ្លួនរបស់ពួកគេ ហើយនាំវ៉ាក់សាំងទាំងនោះចូល ពួកគេអាចបន្តធ្វើបាន។ យើងថែមទាំងជួយសម្របសម្រួលការពិភាក្សាជាមួយក្រុមហ៊ុនឱសថនោះទៀតផង»។
លោកបានគូសបញ្ជាក់ថា មន្ទីរពេទ្យរបស់រដ្ឋ ឬមន្ទីរពេទ្យឯកជនត្រូវការចុះបញ្ជីការទិញទាំងនេះជាមួយទីភ្នាក់ងារនិយតកម្មឱសថជាតិ នៃក្រសួងសុខាភិបាលម៉ាឡេស៊ីជាការស្រេច។
ទោះជាយ៉ាងណា ប្រសិនបើភាគីទាំងនេះមានបំណងចង់ទិញវ៉ាក់សាំងដែលត្រូវបានប្រើក្នុងកម្មវិធីចាក់វ៉ាក់សាំងជាតិនាពេលបច្ចុប្បន្នដូចជា វ៉ាក់សាំង Sinovac និង Pfizer នោះ ពួកគេនឹងត្រូវរង់ចាំក្រុមហ៊ុនផ្គត់ផ្គង់អាចបំពេញការបញ្ជាទិញរបស់រដ្ឋាភិបាលសហព័ន្ធជាមុនសិន៕

...

រូបភាព៖ TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print