ទីបំផុត យឿន ពិសី ម្ចាស់ពាន Cambodia’s God Talent និយាយទាំងទឹកភ្នែកថាអយុត្តិធម៌ ថាឈ្នះពានគ្មានឱកាសឡើងឆាកដូចគេ

ចែករំលែក៖

ភ្នំពេញ៖ ពិតជាធ្វើឲ្យទស្សនិកជនមានការភ្ញាក់ផ្អើលខ្លាំងក្រោយពីម្ចាស់ពានCambodia’s God Talent រដូវកាលទី១លោក យឿន ពិសី ដាច់ចិត្តទម្លាយការពិតទាំងយំសស្រាក់ដោយការតូចចិត្តព្រោះបានតែដេកឱបពានមិនមានឱកាសឡើងបង្ហាញមុខលើឆាកតន្ត្រីនានា។ ការទម្លាយនេះត្រូវបានធ្វើឡើងក្រោយពីលោកបានឈ្នះពានរង្វាន់នេះអស់រយៈពេល៦ឆ្នាំកន្លងមកហើយក៏គ្មានឱកាសសូម្បីតែរកប្រាក់ចំណូលខ្លះពីការងារសិល្បៈដើម្បីជួយជីវភាពទាំងខ្លួនពិការ។
ទស្សនិកជនបានស្គាល់ យឿន ពិសី ក្រោយពីគ្រានោះលោកស្ថិតនៅវ័យកុមារដោយបានចូលរួមប្រកួតកម្មវីធីធំមួយនិងបានក្លាយជាម្ចាស់ជ័យលាភី កម្មវិធី Cambodia’s Got Talent ឆ្នាំ២០១៤ របស់ស្ថានីយ ទូរទស្សន៍ហង្សមាស ។ ប៉ុន្តែក្រោយពីលើកពានលោកមានឱកាសបង្ហាញមុខតិចតួចប៉ុណ្ណោះរហូតពេលនេះលោកដាច់ចិត្តទម្លាយទាំងទឹកភ្នែកហើយ។ ការបញ្ជាក់នេះក៏បានស្រាយចម្ងល់ជាច្រើនរបស់មហាជនដែលកន្លងមកធ្លាប់ជជីកសួរអំពីករណីនេះ ដែលគេស្ទើមិនគួរឲ្យជឿអំពីវាសនារបស់ម្ចាស់ពាននេះរហូតស្ទើតែធ្វើឲ្យទស្សនិកជនភ្លេចមុខ។ ការទម្លាយនេះបានធ្វើឲ្យទស្សនិកជនជាច្រើនបានថ្លែងក្តីអាណិតអាសូជាពន់ពេកទៅកាន់ម្ចាស់ពានរូបនេះ ក្រោយពីលោកអះអាងថាលោករំពឹងថាក្រោយឈ្នះពានលោកនឹងមានឱកាសឡើងច្រៀងដូចគេ ប៉ុន្តែ៦ឆ្នាំហើយការរងចាំគឺបានត្រឹមតែដេឱបពាន មើលវីដេអូដែលខ្លួនបានឡើងប្រឡងស្ទើរៀងរាល់ថ្ងៃទាំងអារម្មណ៍សោកស្តាយជាទីបំផុត។លោកថា ប្រសិនបើពេលវេលាអាចត្រឡប់មកវិញបានលោកអាចនឹងរើសយកការមិនជាប់ជាម្ចាស់ជ័យលាភីល្អជាងព្រោះលោកពិតជាតូចចិត្ត និងការមិនផ្តល់ ឱកាសឲ្យដូចសិល្បករដែលជាម្ចាស់ពានដទៃ។លោកថា ចាប់តាំងពីជាប់ជាម្ចាស់ជ័យលាភីមកលោកមិនដែលបានកំណត់តម្លៃខ្លួនណាមួយសម្រាប់កម្មវិធីទេ ប៉ុន្តែលោកនៅតែគ្មានឱកាសដូចបណ្តាម្ចាស់ពានផ្សេងៗ ហើយលោកបានលាក់រឿងនេះទុក្ខក្នុងចិត្តជាយូរមកហើយដែរ។
គួរបញ្ជាក់ដែរថា យឿន ពិសី បច្ចុប្បន្នមានអាយុ២០ឆ្នាំដែលមានស្រុកកំណើត នៅភូមិអូររុន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ ពិសីគឺជាកូនទីពីរក្នុងចំណោមសមាជិកបងប្អូន ០៧នាក់ក្នុងគ្រួសារកម្សត់កម្រមួយ។ព្រោះជីវភាពខ្វះខាតឪពុកធ្លាក់ខ្លួនឈឺទៀតនោះ ពិសី និងបងប្រុសតែងធ្វើដំណើរទៅផ្សារដើម្បីសុំទានគេដោយសារច្រៀង និងផ្លុំខ្លុយ ដើម្បីប្ដូរយកថវិកាមកផ្គត់ផ្គង់គ្រួសារនិងទិញថ្នាំជូនម្ដាយដែលគាត់ឈឺផងដែរ ខណៈដែលឪពុកក៏បានស្លាប់តាំងពីពេលពិសីមានអាយុ ៧ឆ្នាំមកម្ល៉េះ ។ ដោយក្តីអាណិតមានសប្បុរសជនធ្លាប់បានជួយឲ្យពិសី បានបញ្ចេញសមត្ថភាពនៅ ក្នុងកម្មវិធី«មន្តស្នេហ៍សំនៀង»របស់ទូរទស្សន៍ CTN។ គ្រានេះដែរ សម្ដេចតេជោ ហ៊ុន សែនក៏ធ្លាប់បានផ្តល់ប្រាក់ចំនួនមួយពាន់ដុល្លារដល់ពិសី ដែលអាចយកទៅផ្គត់ផ្គង់ជីវភាពគ្រួសារ។ ឆ្នាំ ២០១០ ពិសីបានចូលរៀននៅសាលាវិទ្យាល័យអប់រំពិសេស សម្រាប់សិស្សពិការភ្នែក និងសិស្សគថ្លង់នៅទីរួមខេត្តកំពង់ចាម។និស្ស័យនៃការស្រឡាញ់ សិល្បៈ ចម្រៀង លេងឧបករណ៍តន្ត្រី និងការតែង គួបផ្សំនឹងសមត្ថភាព ពិសី បានសម្រេចចិត្តចូលរួមប្រកួតក្នុងកម្មវិធីមួយចំនួនដោយឆ្នាំ ២០១២ ពិសីទទួលបានជ័យលាភីលេខ២ក្នុងកម្មវិធីប្រឡង «មហោស្រពតន្ត្រីចម្រៀងកុមារកម្ពុជា» របស់ទូរទស្សន៍ជាតិកម្ពុជាផងដែរ៕


ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print