ខេត្តសៀមរាប៖ ដោយសារតែទឹកនៅក្នុងតំបន់អភិរក្សបឹងពារាំងរីងស្ងួតលឿនពេក នារដូវប្រាំងផងនោះ បានធ្វេីឲ្យពូជត្រីមេចម្រុះក្នុងតំបន់អភិរក្សបឹងពារាំង ក្នុងរយៈពេលតែមួយយប់ប៉ុណ្ណោះ បានងាប់ក្នុងមួយយប់ជិត១០០គីឡូក្រាម។
បេីតាមប្រធានសហគមន៍បឹងពារាំង លោក គង់ មង្គល បានថ្លែងថា ពូជត្រីមេនៅក្នុងបឹងពារាំង ចាប់ផ្តើមងាប់អស់រយៈពេល ២យប់មកហើយ គឺចាប់ពីថ្ងៃទី២ និងថ្ងៃទី៣ ខែមិថុនាថ្មីៗនេះ មានងាប់តិចតួចតែយប់ថ្ងៃទី៤ ខែមិថុនាម្សិលមិញនេះ ងាប់រហូតជិត១០០គីឡូក្រាមឯណោះក្នុងមួយយប់ត្រីងាប់ជាង៥០ក្បាលស្មើជាង៧០គីឡូក្រាម ។
ប្រធានសហគមន៍រូបនេះ បន្តថា ការដែលធ្វើឱ្យត្រីមេពូជចម្រុះងាប់លឿនបែបនេះ ដោយសារកត្តាអាកាសធាតុក្តៅខ្លាំងធ្វើឱ្យទឹករីងហួតលឿន។ ហើយដើម្បីជួយសង្គ្រោះបឋមដល់ត្រីទាំងអស់នេះ យើងកំពុងតែវិធីបូមទឹកពីស្រះដែលទើបជីក រួចបញ្ចូលមកវិញ ហើយបើជួយមិនបានទៀត នឹងសុំគោលការណ៍ពីសាលាក្រុង ប្រើរថយន្តដឹកទឹកយកទៅបាញ់បញ្ចូលថែមទៀតប៉ុណ្ណោះ។
បន្ថែមពីនេះ លោក បន្តទៀតថា សហគមន៍បឹងពារាំងកន្លងមក បានស្នើសុំខេត្ត និងក្រសួងជីកជាស្រះក្នុងបឹងនេះ ដើម្បីរក្សាទឹកទុកក្នុងការអភិរក្សត្រីមេពូជ ប៉ុន្តែដោយសារលិខិតដឹកជញ្ជូនអាចម៍ដី ចេញមានការយឺតយ៉ាវទើបមិនអាចបន្តជីកទៀតបាន ទេីបខ្វះទឹកក្នុងការសង្គ្រោះត្រីបែបនេះ។ ហើយប្រសិនបើនៅតែបែបនេះត្រីមេពូជ និងហ្វូងសត្វស្លាបទឹកអាចបន្តងាប់ថែមទៀតជាក់ជាមិនខាន ។ តែលោករំពឹងថា ថ្នាក់ដឹកនាំខេត្តនឹងជួយពន្លឿនក្នុងការផ្តល់លិខិតដឹកអាចម៍ដីចេញ ដើម្បីបានជីកស្តារបឹងនេះបន្តទៀត ។
ដោយឡែកពាក់ព័ន្ធករណីខាងលេីនេះ នាយរងទទួលរួមផ្នែករដ្ឋបាលជលផលចុងឃ្នៀស លោក ពត វណ្ណដេត ក៏បានបញ្ជាក់ដែរថា ករណីពូជត្រីមេងាប់ជាច្រើននេះ នៅក្នុងទឹកបឹងពារាំង លោកកំពុងសហការជាមួយសហគមន៍ ធ្វើការបូមទឹកពីក្នុងស្រះបញ្ចូល ដើម្បីជួយសង្គ្រោះបឋម។ បន្ថែមពីនេះ លោកថា ចំណែកករណីជួយមិនបាន (ខ្វះទឹក) នោះនឹងសុំគោលការពីសាលាក្រុង ដេីម្បីប្រើប្រាស់រថយន្តដឹកទឹកយកទៅបញ្ចូលថែមទៀត។ បើមិនចឹងទេ ពូជត្រីមេអាចងាប់បន្តរហូតអស់ពីបឹងក៏ថាបាន៕
ដោយ៖ សហការី