ក្រុមកម្ពុជាធ្វើបានល្អជាងមុនដោយចាញ់អុីរ៉ាក់៤ទល់១ វគ្គជម្រុះ World Cup ក្នុងពូល C

ចែករំលែក៖

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានប្រកួតចាញ់ក្រុមជម្រើសជាតិអុីរ៉ាក់ដោយលទ្ធផល៤ទល់១ នៅក្នុងការប្រកួតសន្សំពិន្ទុក្នុងពូល ជុំទី២ ក្នុងវគ្គជម្រុះព្រឹត្តិការណ៍បាល់ទាត់ពិភពលោក (FIFA World Cup Qatar 2022) កាលពីយប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ នៅកីឡដ្ឋានប្រទេសបារ៉ែន។

យោងតាមលទ្ធផលរបស់ AFC និងសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបង្ហាញថា នៅក្នុងការប្រកួតតង់ទី១ ក្រុមអុីរ៉ាក់បានបើកការនាំមុខលើក្រុមកម្ពុជា៣ទល់០ ដោយធ្វើសម្រេចនាទីទី១ កីឡាករ Mohanad Ali, គ្រាប់ទី២ នៅនាទីទី២៣ ដោយកីឡាករ Bashar Rasan និងគ្រាប់ទី៣នៅនាទីទី២៧ ដោយការទាត់បាល់ពិន័យ១១ម៉ែត្រស៊ុតដោយកីឡាករ Ali Adnan

ចូលដល់ការប្រកួតតង់ទី២ ក្រុមគោព្រៃកម្ពុជាបានរកគ្រាប់បាល់តាមបាន១គ្រាប់វិញ ស៊ុតបញ្ចូលទីដោយកីឡាករ សឿយ វិសាល ដោយការទាត់បាល់ Free Kick ពីកីឡារ សេត រ៉ូស៊ីប នៅនាទីទី៥៥។ ប៉ុន្តែក្រុមអុីរ៉ាក់ធ្វើសម្រេចដោយរកបានគ្រាប់ទី៤របស់ខ្លួន នៅជិតបញ្ចប់ការប្រកួតទៅហើយគឺនៅនាទីទី៩០+៣ ជាការតែតបញ្ចូលទីដោយកីឡាករ SafaaHadi ។ ធ្វើឲ្យចប់ការប្រកួតក្រុមអុីរ៉ាក់ឈ្នះក្រុមកម្ពុជាដោយលទ្ធផល៤ទល់១។

ជ័យជម្នះនេះធ្វើឲ្យក្រុមអុីរ៉ាក់រកបាន៣ពិន្ទុបន្ថែម ដោយឡើងទៅឈរលើកំពូលតារាងបណ្តោះអាសន្ន ក្នុងពូល ម្តងទៀត ក្រោយឆ្លងកាត់៦ប្រកួត ឈ្នះ៤ និងស្មើ២ មាន១៤ពិន្ទុ ខណៈ៧ប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជាស្មើ១ប្រកួត និងចាញ់៦ប្រកួត មាន១ពិន្ទុ ឈរនៅលេខ៥។ ចំណែកក្រុមអុីរ៉ង់ និងក្រុមបារ៉ែនកំពុងក្តោបក្តាប់ចំណាត់ថ្នាក់លេខ២ និងលេខ៣បណ្តោះអាសន្នដោយមាន១២ពិន្ទុស្មើៗគ្នា។

សូមបញ្ជាក់ថា ការប្រកួតវគ្គជម្រុះ World Cup នេះ ក្រុមកម្ពុជានៅសល់១ប្រកួតចុងក្រោយដោយត្រូវប៉ះជាមួយក្រុមខ្លាំងអុីរ៉ង់នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង៩និង៣០នាទីម៉ោងនៅកម្ពុជា នៅកីឡដ្ឋាននៃប្រទេសបារ៉ែនដូចគ្នា។ កាលពីប្រកួតជើងទី១ឆ្នាំ២០១៩ ក្រុមកម្ពុជាក្នុងឋានៈជាក្រុមភ្ញៀវបានប្រកួតចាញ់ក្រុមអុីរ៉ង់ដោយលទ្ធផល១៤ទល់០ ៕

   

...

រូបភាព ៖ AFC/FFC

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print