ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្នើឲ្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ចេញសេចក្តីជូនដំណឹងមួយទៅម្ចាស់រោងចក្រសហគ្រាសនានានៅរាជធានីភ្នំពេញ ឲ្យម្ចាស់រោងចក្រទាំងនោះ ធ្វើបញ្ជីស្នាក់នៅរបស់កម្មករ កម្មការិនីឲ្យបានច្បាស់លាស់ ងាយគ្រប់គ្រងទៅលើកម្មករនិងដើម្បីឈានទៅកាត់ផ្ដាច់ឱ្យបាននូវការរីករាលដាលជំងឺកូវី-១៩ ខណៈដែលជំងឺនេះបាននិងកំពុងរីករាលដាលនៅឡើយនោះ ។
ការស្នើឡើងបែបនេះ របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើឡើង នៅក្នុងកិច្ចប្រជុំតាមរយៈ video confere nce មួយ នារល្ងាចថ្ងៃទី០៨ខែមិថុនានេះនៅសាលារាជធានីភ្នំពេញ ជាមួយនឹងក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងសុខាភិបាលនិងអាជ្ញាធរខណ្ឌទាំង១៤ចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ ។
លោកឃួង ស្រេង. បានមានប្រសាសន៍លើកឡើងថា៖ក្នុងរយៈពេលមួយខែចុងក្រោយនេះ ស្ថានភាពជំងឺកូវីដ-១៩ ឃើញថា មិនមានការថមថយនៅឡើយទេ ហើយអ្នកដែលមានវិជ្ជមានកូវីដ-១៩ ក្នុងរយៈពេលចុងក្រោយនេះដែរ ភាគច្រើន ជាបងប្អូនកម្មករកម្មការិនីដែលបម្រើនៅតាមបណ្តាលរោងចក្រនានានៅក្នុងរាជធានីភ្នំពេញ ។ ដូច្នេះលោកស្នើសុំទៅក្រសួងការ ងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈសូមឱ្យក្រួសួង ចេញជាសេចក្តីជូនដំណឹងមួយទៅម្ចាស់រោងចក្រសហគ្រាស នៅក្នុងរាជធានីភ្នំពេញ ធ្វើជាបញ្ជីស្នាក់នៅរបស់កម្មករឲ្យបានច្បាស់លាស់ ដើម្បីយើងអាចគ្រប់គ្រងកម្មករទាំងនោះបាននិងឈានទៅដល់ការកាត់ផ្ដាច់បាននូវការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ។
លោកឃួង ស្រេង ក៏បានជំរុញនិងធ្វើការណែនាំដល់អាជ្ញាធរខណ្ឌទាំង១៤ត្រូវត្រៀមលក្ខណៈដើម្បីចូលរួមសហការនិងធ្វើការងារនេះព្រមៗគ្នាជាមួយក្រសួងការងារ មានន័យថា ពេលដែលសេចក្តីជូនដំណឹងរបស់ក្រសួងការងារចេញ អាជ្ញាធរខណ្ឌទាំងអស់ត្រូវសហការចុះផ្ទាល់ជាមួយនឹងក្រសួងការងារ ដើម្បីយើងអាចធ្វើការងារនេះបានលឿននិងមានប្រសិទ្ធភាព ជាមួយម្ចាស់រោងចក្រ។
លោកឃួង ស្រេង បញ្ជាក់ផងដែរថា ៖ចំពោះការងារនេះត្រូវតែធ្វើឡើងដោយលម្អិត មានទាំង លិខិតប័ត្ររបស់កម្មករ ឈ្មោះ ទីកន្លែងស្នាក់នៅច្បាស់លាស់ ដោយភ្ជាប់មកជាមួយនឹងរូបថត៤គុណនឹង ៦ផងដែរ មានន័យថា មានបញ្ហាយើងអាចឈានទៅកាត់ផ្តាច់ឬសគល់នៃជម្ងឺកូវីដ-១៩នេះបាន។
ជាមួយគ្នានោះដែរលោកឃួង ស្រេងក៏បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ មានវិធានការបន្ថែមទៀត ទៅលើការទប់ស្កាត់នៃការរីករាលដាលជំងឺកូវី-១៩ ឲ្យមានប្រសិទ្ធភាព ដើម្បីយើងឈានទៅកាត់ផ្ដាច់អោយបាននៅពេលឆាប់ៗនេះ៕
ដោយ៖ សំរិត