ខេត្តស្វាយរៀង៖ លោកវរសេនីយ៍ត្រី សៅចាន់ណា មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌច្បារអំពៅបានចូលរួមដាំកូនឈើក្នុងវិទ្យាល័យ ហ៊ុន សែនស្វាយរំពារ និងប្រគេនកូនឈើដល់វត្តស្វាយរំពារ វត្តព្រៃថ្នង់និង វត្តពោធិទន្ទឹម
ស្ថិតនៅឃុំស្វាយរំពារ ស្រុកស្វាយទាប
ដើម្បីផ្តល់ជាម្លប់និង លើកសម្រស់សោភណភាពឲ្យស្រស់បំព្រង។
វិធីដាំកូនឈើនេះធ្វើឡើងនៅ
ថ្ងៃ ទី១០ ខែមិថុនា ឆ្នាំ២០២១ដោយមានការចូលរួមពីលោកនាយកនាយករងលោកគ្រូអ្នកគ្រូក្នុងវិទ្យាល័យ ហ៊ុន សែនស្វាយរំពារ ជាច្រើននាក់ផងដែរ។
លោក សៅចាន់ណា មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌច្បារអំពៅបានអោយដឹងថាលោកបាននាំយកកូនឈើជិត៤០០ដើមមានដូចជា ដើមបេង ក្រញ៉ូង គគីរ កកោះ គីនីន សាគូរ៉ា ក្ងោកនិងដើមអំពិលបារាំងមកដាំក្នុងវិទ្យាល័យ ហ៊ុន សែនស្វាយរំពារ ក៏ដូចជាប្រគេនកូនឈើដល់វត្តស្វាយរំពារ វត្តព្រៃថ្នង់និង វត្តពោធិទន្ទឹមជាដើម។
លោកសៅចាន់ណា បញ្ជាក់ថា ព្រៃឈើដើរតួនាទីសំខាន់ខ្លាំងណាស់ចំពោះមនុស្ស សត្វ ព្រោះព្រៃឈើផ្តល់ជម្រក ចំណីអាហារដល់មនុស្សសត្វ កាត់បន្ថយកម្តៅ កាត់បន្ថយការបំពុលបរិស្ថាន ការពារទឹកជំនន់ជាដើម។
ដូច្នេះ ព្រៃឈើពិតជាមានការទាក់ទងគ្នាយ៉ាងជិតស្និទ្ធជាមួយជីវិតមនុស្សសត្វមិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ ព្រៃឈើគឺជាអាយុជីវិតរបស់មនុស្សសត្វ ព្រៃឈើអាចរស់នៅបានដោយគ្មានមនុស្សសត្វ ប៉ុន្តែមនុស្សសត្វមិនអាចរស់នៅបានដោយគ្មានព្រៃឈើបានទេ។
លោកបន្ថែមទៀតថា
ម្យ៉ាងទៀត ការដាំកូនឈើនៅពេលនេះទុកជាគំរូដ៏ល្អមួយសម្រាប់កូនចៅជំនាន់ក្រោយឲ្យចេះស្រលាញ់និងចេះថែរក្សាព្រៃឈើនិងកាត់បន្ថយគ្រោះរាំងស្ងួត ការកើនឡើងកម្តៅ និងការពារបរិស្ថានជាមួយរាជរដ្ឋាភិបាលក៏ដូចជាពិភពលោកទាំងមូលហើយ ការដាំកូនឈើនេះពិតជាបានចូលរួមចំណែកជួយឲ្យមានលំនឹងរវាងបរិយាកាសជាមួយបរិស្ថាន ។
លោកបន្តថាសូមលោកគ្រូអ្នកគ្រូបន្តអនុវត្តវិធានការណ៏របស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាល ៣កុំ ៣ការពារ អោយជាប់ជានិច្ចទើបយើងអាចជៀសផុតពីការឆ្លងរីករាលដាលជំងឺកូវីដ-១៩ទូទាំងសកលលោកផងដែរ៕
ដោយ៖ យឹម សុថាន