ភ្នំពេញ៖ បើទោះបីជំងឺកូវីដ-១៩បាននិងកំពុងរាតត្បាតចូលក្នុងសហគមន៍ជាថ្មី ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈយ៉ាងណាក្តី ក៏ការដ្ឋានធ្វើស្ពានចំនួន៧កន្លែង និងបុកសុីផាយតាមមាត់ប្រឡាយមេការពារដីបាក់នៅប្រឡាយទួលពង្រ១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ បាននិងកំពុងធ្វើសកម្មភាពយ៉ាងមមាញឹក ដោយគិតមកដល់ត្រឹមថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ការដ្ឋានទាំងមូលសម្រេចបានប្រមាណ៨៥ភាគរយហើយ ដែលនឹងគ្រោងហើយរួចរាល់នៅក្នុងពាក់កណ្តាល ខែកក្កដាឆ្នាំ២០២១ខាងមុខនេះ ។
លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានមានប្រសាសន៍ឱ្យដឹងនៅព្រឹកថ្ងៃទី១១ ខែមិថុនានេះថា ដោយមានការណែនាំនិងចង្អុលបង្ហាញពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយមន្ទីរធនធានទឹកនិងអាជ្ញាធរខណ្ឌពោធិ៍សែនជ័យបាន ដាក់គ្រឿងចក្រកាយស្តារប្រឡាយទួលពង្រទី១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យទំហំ៨ម៉ែត្រនិងជម្រៅ២ម៉ែត្រដោយធ្វើការសាងសង់ស្ពានចំនួន៧កន្លែង និងបុកសុីផាយតាមមាត់ប្រឡាយមេការពារបាក់ដី ដោយគិតមកដល់ត្រឹមថ្ងៃទី១១ ខែមិថុនានេះសម្រេចបានប្រមាណ៨៥ភាគរយហើយ និងគ្រោងរួចរាល់នៅក្នុងពាក់កណ្តាលខែកក្កដាឆ្នាំ២០២១ខាងមុខនេះ ។
លោកបន្តថា៖ ប្រឡាយនេះមានតួនាទីយ៉ាងសំខាន់ក្នុងការបង្ហូរទឹក រំដោះទឹកជន់ពីផ្លូវជាតិលេខ៣ក្នុងភូមិសាស្ត្រខណ្ឌមានជ័យទៅកាន់បឹងជេីងឯកនិងបន្តហូរទៅកាន់ស្ទឹងជ្រៅ ។ នៅពេលគម្រោងការនេះបញ្ចប់វានឹងអាចកាត់បន្ថយជំនន់ទឹកភ្លៀងបានមួយកម្រិតធំ។
លោកសាំ ពិសិដ្ឋ បានបន្តទៀតថា៖ក្នុងពេលសាងសង់ស្ពាន៧កន្លែងនេះ យើងបានដាក់លូប្រអប់បណ្តោះ ដោយសារតែយើងបានកាត់ផ្តាច់ផ្លូវមួយចំនួនកាលពីជំនន់ទឹកភ្លៀងនារដូវវស្សាកន្លងមក។ចំណែកនៅមុខផ្ទះប្រជាពលរដ្ឋដែលបានកាត់ផ្តាច់ផ្លូវ យើងបានបុកស៊ីផាយដើម្បីទប់ដីកុំឱ្យបាក់ប្រវែងជាង២០០ម៉ែត្រផងដែរ។
គម្រោងស្តារប្រឡាយទួលពង្រ១ ជាប្រឡាយបេតុងនេះ មានទទឹង៨ម៉ែត្រ បណ្ដោយ៤៥៤៥ ម៉ែត្រ ចាប់ពីភូមិព្រៃព្រីងខាងត្បូងដល់បុរីជីបម៉ុង។ ដាក់លូប្រអប់ទំហំ ២,៦៥ម៉ែត្រគុណនឹង ២,៦៥ម៉ែត្រ មានចំនួន៣ជួរប្រវែង៤៤៥ម៉ែត្រ ចាប់ពីបុរីជីបម៉ុងដល់ប្រឡាយបឹងហា។ ដាក់លូប្រអប់ស្រប តាមផ្លូវជាតិលេខ៣ ទំហំ៦ម៉ែត្រគុណនឹង២ម៉ែត្រប្រវែង១២២០ម៉ែត្រ ចាប់ពីបុរីGreen Vill ដល់ដើមប្រឡាយទួលពង្រ និងដាក់លូជ្រុងចំណុចផ្លូវឆ្លងកាត់មានចំនួន៧កន្លែងផងដែរ ។
សូមបញ្ជាក់ថា ការដ្ឋានធ្វើស្ពានចំនួន៧កន្លែង និងបុកសុីផាយតាមមាត់ប្រឡាយមេ ការពារដីបាក់ នៅប្រឡាយទួលពង្រ១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យនេះ បានធ្វើពិធីក្រុងពាលីតាមបែបសាសនា ជាមួយក្រុមហ៊ុនទទួលម៉ៅការ កាលពីថ្ងៃទី២១ ខែមិីនាឆ្នាំ២០២១ ក្រោមវត្តមានលោកហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ ៕
ដោយ៖ សំរិត