ភ្នំពេញ៖ ជនសង្ស័យ២នាក់បានជិះម៉ូតូធ្វើសកម្មកភាពឆក់យកទូរស័ព្ទពីបុរសអ្នកដឹកអីវ៉ាន់អនឡាញ តែមិនបានសម្រេចឡើយ ហើយត្រូវប្រជាពលរដ្ឋជួយដេញចាប់បានម្នាក់វាយឡើងទ្រមខ្លួនទើបប្រគល់ឲ្យសមត្ថកិច្ច ចំណែកឯបក្ខពួកម្នាក់ទៀតបានរត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍ធ្វើឱ្យមានការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវបេតុង ក្នុងបរិវេណផ្សារតូច សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះណាក់ អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅខេត្តស្វាយរៀង។
ប្រភពព័ត៌មានពីជនរងគ្រោះមានឈ្មោះសុភ័ក្ក្រ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ខ្លួនគាត់បានជិះម៉ូតូមួយគ្រឿង សុំមិនបញ្ចេញស្លាកលេខចូលទៅទិញបាយហូបនៅផ្សារតូច ហើយនៅពេលដែលគាត់ចតម៉ូតូចូលទៅទិញបាយ ស្រាប់តែមានសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿង មិនចាំម៉ាកមកធ្វើជាទិញបាយនិងម្ហូបម្នាក់ ចំណែកបក្ខពួកម្នាក់ទៀតអង្គុយនៅលើម៉ូតូ។ លុះពេលខ្លួនគាត់ទិញបាយរួចហើយក៏ហុចលុយទៅឲ្យអ្នកលក់ ហើយភ្លាមៗនោះជនសង្ស័យឃើញដូចនេះក៏ឆ្លៀតឱកាសឆក់យកទូរស័ព្ទពីខ្លួនគាត់បានសម្រេច រួចរត់ទៅឡើងជិះម៉ូតូ ប៉ុន្តែជាបន្ទាន់នោះគាត់បានស្រែកឲ្យអ្នកជិតខាងជួយដេញទាញកអាវទម្លាក់ពីលើម៉ូតូមកបានម្នាក់ហើយនាំគ្នាវាយជនសង្ស័យនេះឡើងទ្រមខ្លួន ចំណែកបក្ខពួនកម្នាក់ទៀតបានរត់គេចខ្លួនបាត់ស្រមោល។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ នាំជនសង្ស័យ និងឲ្យជនរងគ្រោះទៅដាក់ពាក្យបណ្តឹងទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្រះចកដើម្បីឲ្យសមត្ថកិច្ចស្វែងរកឃាត់ខ្លួនបក្ខពួកម្នាក់ទៀតយកមកចាត់ការទៅតាមនីតិវិធី៕
ដោយ៖ ជ្រោយពេជ្រ