ភ្នំពេញ៖ បុរសម្នាក់ជានិស្សិតឆ្នាំទី ៤បានបើកម៉ូតូលឿនជ្រុលទៅបុកបង្គោលភ្លើងពេញទំហឹង បណ្តាលឲ្យបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង។ ចំណែកម៉ូតូជនរងគ្រោះខូចខ្ទេចស្ទើរទាំងស្រុង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវលេខ២០១១ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា សពមានឈ្មោះ ទុយថា តុលា អាយុ២២ឆ្នាំ មុខរបរជានិស្សិតឆ្នាំទី៤ នៅសាលាដុនបូសស្កូ ស្នាក់នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងដែរថា មុនពេលកើតហេតុ គេបានឃើញយុវជនរងគ្រោះបើកម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1IL-6143 តាមបណ្ដោយផ្លូវលេខ២០១១ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុបានជ្រុលចង្កូតទៅបុកបង្គោលភ្លើងពេញទំហឹងបណ្ដាលឱ្យបោកក្បាលស្លាប់នៅនឹងកន្លែង។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកដល់ហើយបានឆែកលើខ្លួនជនរងគ្រោះរកអត្តសញ្ញាណដើម្បីទាក់ទងទៅក្រុមគ្រួសារឲ្យមកយកសពទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕
ដោយ៖ ជ្រោយពេជ្រ