ស្តេចល្ខោនបាសាក់ លោក ចាន់ ផល ស្នើមហាជនជួយបន្តគាំទ្រទម្រង់សិល្បៈបុរាណខ្មែរ និងលោកស៊ូឡើងឆាកតទៅទៀតទោះបីវ័យកាន់តែជ្រេរក្តី

ចែករំលែក៖

ភ្នំពេញ៖ ពិតជាមានការភ្ញាក់ផ្អើលណាស់កាលពីថ្មីៗនេះ ក្រោយពីគេបានឃើញវត្តមានសិល្បករល្ខោនបាសាក់ដ៏ល្បីល្បាញ លោក ចាន់ ផល បានបង្ហាញមុខជាថ្មីនៅលើការសម្តែងតាមរយៈកញ្ចក់ទូរទស្សន៍ ដោយចាប់ដៃគូសម្តែងរួមគ្នាជាមួយដៃគូចាស់ អ្នកនាង ស៊ូ ដាណេនោះ។ បង្ហាញមុខលើកនេះទាំងវ័យជ្រេរហើយនោះ លោកផលថែមទាំងបានស្នើឲ្យទស្សនិកជនមេត្តាបន្តចូលរួមគាំទ្រស្នាដៃសម្តែងសិល្បៈបុរាណខ្មែរគ្រប់ទម្រង់ផងដែរ។ 

លោក ចាន់ ផល រហស្សនាមស្តេចល្ខោនបាសាក់ និងអ្នកនាងស៊ូ ដាណេ ដែលជាដៃគូចាស់បានជួបគ្នាជាថ្មីនៅលើកញ្ចក់ទូរទស្សន៍មួយ។ ការជួបគ្នានេះបន្ទាប់ពីពួកគាត់ខកខានសម្តែងរួមគ្នាជិត១០ឆ្នាំមកហើយ។ បើទោះបីជាវ័យហាក់ច្រើនរៀងៗខ្លួន ប៉ុន្តែការសម្តែងនៅតែរស់រវើក និងបានធ្វើឲ្យទស្សនិកជនមានការពេញចិត្តនឹងការសម្តែងនេះជាខ្លាំង ដោយលោកបានទាញអារម្មណ៍ទស្សនិកជនឲ្យនឹកគិតដល់ទម្រង់សិល្បៈមួយនេះឡើងវិញទៀតផង។ 

លោក ចាន់ ផល ដែលគេស្គាល់ថាជាតួអង្គស្តេចល្ខោនបាសាក់ គឺជាអតីតប្រធានការិយាល័យសិល្បៈនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ និងជាអ្នកស្រាវជ្រាវរៀបរៀង ដឹកនាំរឿងផងដែរ។ ពេលនេះលោកមានវ័យ៦៨ ឆ្នាំទៅហើយ ហើយបើទោះបីជាលោកបានចូលនិវត្តន៍ពីការងារមន្ត្រីរាជការរស់នៅក្នុងជីវភាពសាមញ្ញ និងខកខានក្នុងការសម្តែងជាច្រើនក្តី ក៏តែពេលនេះលោកត្រូវបានអញ្ជើញដោយទូរទស្សន៍My TVឲ្យចូលរួមបង្ហាញទស្សនីយភាពសិល្បៈល្ខោនបាសាក់នេះជាថ្មីទើបលោកសម្រេចចិត្តថានឹងមានគម្រោងសម្តែងរួមគ្នាជាមួយអ្នកនាងស៊ូ ដាណេ ហើយនិងការបង្ហាត់បង្ហាញសម្រាប់អ្នកបន្តវេនផងដែរ។  ជាមួយគ្នានេះលោកស្នើឲ្យមហាជនបន្តចូលរួមគាំទ្រស្នាដៃសិល្បៈបុរាណ និងល្ខោនបាសាក់កុំបីបោះបង់ចោលឡើយ។

គួរបញ្ជាក់ដែរថា បច្ចុប្បន្ននេះនៅទូទាំងប្រទេស ក្រុមសិល្បៈល្ខោនបាសាក់មិនសូវជាមានច្រើនប៉ុន្មានទេ ។ ទោះជាយ៉ាងណាក្ដី នៅខេត្ដតាកែវ ក្នុងស្រុកបាទី គឺជាជង្រុកសិល្បៈ ល្ខោនបាសាក់ ដោយមានក្រុមសិល្បៈប្រភេទនេះជាច្រើន ហើយទទួលបានការគាំទ្រ និងមានឈ្មោះបោះសំឡេងខ្លាំង ។ កន្លងមក សិល្បករ-សិល្បការិនីល្ខោនបាសាក់មានប្រភពចេញមកពីខេត្ដតាកែវមានប្រជាប្រិយភាពនោះដូចជាលោកកែវ យិតយ៉ាង អ្នកស្រី ប៉ក់ សំអុល លោកចាន់ អេង និងក្រុមល្ខោនភី សុគន្ធីនោះជាដើម ។ លោកចាន់ ផល និងអ្នកនាងស៊ូ ដាណេ ក៏មានគម្រោងរួមគ្នាក្នុងការបើកការបង្ហាត់បង្រៀនសិល្បៈល្ខោនបាសាក់នេះទៅឲ្យយុវជនជំនាន់ក្រោយដោយមិនគិតប្រាក់ឡើយ៕  

               

...

ដោយ ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print