ខេត្តព្រៃវែង៖ ស្រី្តម្នាក់ឈ្មោះ ឃុន ឡុង ត្រូវជាភរិយារបស់លោក ជា សាម៉ុន ជាអ្នកសារព័ត៌មាន អង្គភាព (អឹម.ភី.អិន.) ដែលត្រូវសមត្ថកិច្ចចាប់ខ្លួនឲ្យជាប់ឃុំនៅ ក្នុងពន្ធនាគារខេត្តព្រះវិហារបានស្លាប់បាត់បង់ជីវិតដោយសារជំងឺគាំងបេះដូង។
ក្រុមគ្រួសារសាច់ញាតិ បានឲ្យដឹងថា ស្រី្តឈ្មោះ ឃុន ឡុង រស់នៅភូមិព្រៃខ្លា ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង បានស្លាប់ដោយជំងឺគាំងបេះដូង ក្នុងជន្មាយុ ៤៥ឆ្នាំ ដោយសារជំងឺគាំងបេះដូង ក្រោយគាត់ទទួលដំណឹងនិងលំបាកចិត្តយ៉ាងខ្លាំងថាប្ដីរបស់គាត់ត្រូវបានសមត្ថកិច្ចខេត្តព្រះវិហារ ចាប់ខ្លួនដាក់ពន្ធនាគារពីបទ (កំហែងយក) តាមបណ្ដឹងផ្ទាល់មាត់ របស់មេឈ្មួញរកស៊ីបទល្មើសព្រៃឈើ។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី៤ ខែ មិថុនាឆ្នាំ២០២១ លោក គឹម សំលេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ បានដឹកនាំកម្លាំងជំនាញ ចុះធ្វើការឃាត់ខ្លួនអ្នកសារពត័មានចំនួន៨នាក់ ពាក់ពន្ឋ័បទកំហែងយក ពីឈ្មោះ ហ៊ឹមឆេងហ៊ាន មេការដេប៉ូឈើ ស្ថិតនៅចំណុចអូរទីទុយ ភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជយ័ខេត្តព្រះវិហារ ក្នុងនោះមានអ្នកកាសែតជាស្ត្រីចំនួន២នាក់ផងដែរ ។ក្រោយទទួលដំណឹងនេះស្រី្តឈ្មោះ ឃិន ឡុង បានតក់ស្លុតធ្លាក់ខ្លួនឈឺព្រោះអាណិតប្តីរហូតគាំងបេះដូងស្លាប់។
ប្រភពពីសមត្ថកិច្ចនគរបាលស្រុកត្បែងមានជ័យបានឱ្យដឹងថា អ្នកកាសែតដែលត្រូវចាប់ខ្លួនមាន.
ទី១ ឈ្មោះ គឹម ហ៊ាន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរសារពត័មាន មានទីលំនៅភូមិត្រពាំងក្រហម ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនៈគីរី ។
ទី២ ឈ្មោះ វង និមល់ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរអ្នកសារពត័មាន មានទីលំនៅភូមិព្រែកតាឡុងសង្កាត់
ចាក់អង្រែក្រោម ខណ្ឌ័មានជយ័ រាជធានីភ្នំពេញ។
ទី៣ ឈ្មោះ ជា សាម៉ុន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរអ្នកសារពត័មាន មានទីលំនៅភូមិ ព្រៃខ្លា
ឃុំរាបស្រុកពារាំង ខេត្តព្រៃវែង ។
ទី៤ ឈ្មោះ គឹម ហុង ភេទប្រុស អាយុ40ឆ្នាំ មុខរបរអ្នកសារពត័មាន រស់នៅភូមិរុន ឃុំចំបក់ ស្រុកបាទីខេត្តតាកែវ ។
ទី៥ ឈ្មោះ រឿន ឆុន ភេទប្រុស អាយុ40ឆ្នាំ មុខរបរអ្នកសារពត័មាន ។
ទី៦ ឈ្មោះ សឿង សុភី ភេទស្រី អាយុ ៤២ឆ្នាំ មុខរបរអ្នកសារពត័មាន អ្នកទាំង២ រស់នៅភូមិព្រះពន្លាសង្កាត់ព្រែកប្រា ខណ្ឌ័មានជយ័ រាជធានីភ្នំពេញ ។
ទី៧ ឈ្មោះ សំ សារឿន ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរអ្នកសារព័ត៌មាន ។
ទី៨ ឈ្មោះ ឆាយ លាវ ភេទស្រី អាយុ៥១ឆ្នាំ មុខរបរអ្នកសារព័ត៌មាន ទាំងពីរនាក់រស់នៅភូមិស្វាយរលំសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ប្រភពពីមន្រ្តីនគរបាលបានឱ្យដឹងទៀតថា ជាមួយនោះ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន រថយន្តចំនួន ៤គ្រឿង បណ្ណ័ពត័មានចំនួន៨សន្លឹក ទូរសព្ទ័ដៃចំនួន១៨គ្រឿង នឹងសម្ភារៈឯកសារ ខ្សែក នឹងថវិកាមួយចំនួនធំទៀត ។
មូលហេតុឃាត់ខ្លួនក្រុមអ្នកសារព័ត៌មានខាងលើ គឺបន្ទាប់ពីមានបណ្តឹងពីឈ្មោះហ៊ឹម ឆេងហ៊ាន មេការដេប៉ូឈើបានប្តឹងថា ក្រុមអ្នកកាសែតទាំង ៨នាក់ជម្រិតទារលុយខ្លួនក្នុងម្នាក់ចំនួន១០០$ ហើយឈ្មោះ ហ៊ឹម ឆេងហ៊ាន សុខចិត្តផ្តល់សោហ៊ុយតាមមនោសញ្ចេតនាក្នុងម្នាក់៥០$ តែក្រុមអ្នកកាសែតមិនព្រម រហូតឈានដល់ប្តឹងអ្នកកាសែតទៅសមត្ថកិច្ចដើម្បីឃាត់ខ្លួនតែម្តង ។
ប្រភពពីសមត្ថកិច្ចនគរបាលស្រុកបញ្ជាក់ជូនផងដែរថា ក្រុមនេះមានគ្នាចំនួន១២នាក់ រថយន្តចំនួន៦គ្រឿង តែមនុស្សចំនួន៤នាក់រថយន្ត២គ្រឿងបានទៅមុនផុត នៅសល់មនុស្សចំនួន៨នាក់រថយន្ត៤គ្រឿងជាប់ដៃសមត្ថកិច្ច ។
គេនៅមិនទាន់ដឹងថាតើអ្នកសារព័ត៌មានចំនួន៨នាក់ ដែលកំពុងជាប់ឃុំនៅ នៅពន្ធនាគារ ក្នុងខេត្តព្រះវិហារ ត្រូវតុលាការខេត្តព្រះវិហារ លើកលែងទោសឱ្យមានសេរីភាពឡើងវិញឬយ៉ាងណានោះទេ ក្រោយពីធ្វើចត្តាឡឺស័កចំនួន ១៤ថ្ងៃរួចនៅក្នុងពន្ធនាគារ?គេក៏នៅមិនទាន់ដឹងថា តើអ្នកសូកលុយឲ្យអ្នកកាសែតម្នាក់៥០ដុល្លារហើយអ្នកកាសែតមិនទទួលយកអាចមានទោសដូចអ្នកកាសែតតាមច្បាប់អំពើពុករលួយដែរឬទេ?
យ៉ាងណា ទាក់ទងនឹងមរណភាពអ្នកស្រី ឃិន ឡុង ដែលក្រុមគ្រួសារសពអះអាងថាបណ្តាលមកពីគាំងបេះដូងព្រោះព្រួយចិត្តនឹងប្តីត្រូវសមត្ថកិច្ចចាប់ដាក់ពន្ធនាគារនេះ គេមិនអាចសុំការបញ្ជាក់ពីសមត្ថកិច្ចជំនាញឬអាជ្ញាធរមូលដ្ឋានបានទេ ដោយគ្មានលេខទូរស័ព្ទ៕