តំបន់ដែលមានពលរដ្ឋចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ បានច្រើនបំផុត

ចែករំលែក៖

រដ្ឋ Vermont សហរដ្ឋអាមេរិក គឺជាតំបន់ដំបូងគេបង្អស់នៅលើពិភពលោកដែលបានចាក់វ៉ាក់សាំងជូនពលរដ្ឋដល់ទៅជាង៨០ភាគរយ ហើយបុគ្គលដែលបានចាក់វ៉ាក់សាំង មានអាយុចាប់ពី១២ឆ្នាំឡើងទៅ។
សារព័ត៌មាន The New York Times បានដកស្រង់ការប្រកាសរបស់អភិបាលរដ្ឋ Vermontលោក Phil Scott ដែលបានបញ្ជាក់ថា «ខ្ញុំពិតជាមានមោទនភាពប្រកាសថា រដ្ឋVermont បានក្លាយទៅជាតំបន់ដំបូងគេនៅលើពិភពលោក ដែលបានចាក់វ៉ាក់សាំងជូនពលរដ្ឋ បានជាង៨០ភាគរយ ដែលមានពលរដ្ឋចាប់ពីអាយុ១២ឆ្នាំឡើងទៅទទួលបានការចាក់វ៉ាក់សាំង»។
លោក Phil Scott បានលើកឡើងថា «យើងមិនត្រឹមតែនាំមុខអាមេរិកនៅក្នុងការចាក់វ៉ាក់សាំងឡើយ តែគឺជាតំបន់តែមួយគត់នៅលើពិភពលោកដែលបានយកឈ្នះទៅលើកូវីដ-១៩ ។ រដ្ឋរបស់យើងបានបង្ហាញឲ្យពិភពលោកបានឃើញច្បាស់ថា អ្វីដែលយើងខ្ញុំទទួលបាននាពេលនេះគឺជាការទុកចិត្តដល់វេជ្ជសាស្ត្រ ទើបយើងអាចការពារបានល្អ»។
នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១០,០១០នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ២០៥នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ សរុបនៅទូទាំងសហរដ្ឋអាមេរិកអ្នកឆ្លងកើនឡើងដល់ ៣៤,៣៣៥,២៣៩ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦១៥,២៣២នាក់ និងជាសះស្បើយឡើងសរុប ២៨,៤៣៦,៩៨១លាននាក់។
នៅថ្ងៃចន្ទដើមសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ក្រុមហ៊ុនផលិតឱសថ ណូវ៉ាវ៉ាក់ស៍ (Novavax) នៃសហរដ្ឋអាមេរិក បានប្រកាសអំពីលទ្ធផលធ្វើតេស្ត បេក្ខភាពវ៉ាក់សាំងរបស់ខ្លួន ដោយក្នុងនោះវាបានបង្ហាញ «ប្រសិទ្ធភាពលើសពី៩០%» ក្នុងការទប់ទល់វីរុស COVID-19 ជាច្រើនទម្រង់។ ក្រុមហ៊ុននេះបានបញ្ជាក់ទៀតថា ខ្លួនកំពុងរៀបចំឯកសារស្នើសុំ ទៅកាន់អាជ្ញាធរអាមេរិក និងប្រទេសផ្សេងៗទៀត ដើម្បីឲ្យអនុម័តការប្រើប្រាស់វ៉ាក់សាំង Novavax នៅក្នុងករណីបន្ទាន់ នៅអំឡុងត្រីមាសទី៣នៃឆ្នាំ២០២១។
គិតត្រឹមថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ៣០៩លានដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស ក្នុងនោះមនុស្សសរុប ១៧៣.៨៤លាននាក់ (៥៣%នៃចំនួនប្រជាជនសរុប) បានទទួលការចាក់វ៉ាក់សាំងយ៉ាងហោចណាស់១ដូស និងជិត ១៤៣.៩២លាននាក់ (៤៣.៨% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕

...

រូបភាព៖ TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print