យោធភូមិភាគ៥ បន្ថែមក្រុមគ្រូពេទ្យកងទ័ពជួរមុខអាវស២អង្គភាពចំណុះយោធភូមិភាគទី៥ ហ្វឹកហ្វឺនយកសំណាកជំងឺកូវីដ-១៩នៅក្រុងប៉ោយប៉ែត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ÷ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ និងជាប្រធានគ្រប់គ្រងសន្តិសុខ និងសណ្ដាប់ធ្នាប់ គោលដៅធ្វើចត្តាឡីស័កប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ យោធភូមិភាគទី៥ បានបង្កើនបន្ថែម ក្រុមគ្រូពេទ្យកងទ័ពជួរមុខមកពីអង្គភាពចំនួន ២ គឺកងពលតូចថ្មើរជើងលេខ៥២ និងកងពលតូចថ្មើរជើងលេខ៥៣ ហ្វឹកហ្វឺនអនុវត្តន៍ផ្ទាល់ការយកសំណាកជំងឺកូវីដ១៩ ជាមួយក្រុមគ្រូពេទ្យយកសំណាកកងពលតូចថ្មើរជើងលេខ៥១ និងក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ នៅក្រុងប៉ោយប៉ែត។

លោកឧត្តមសេនីយ៍ទោ សេង ធារិន បានគូសបញ្ជាក់ថា ស្ថិតនៅក្នុងស្ថាននៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងបណ្តាខេត្ត ចំណុះឲ្យយោធភូមិភាគទី៥ ដែលមានកងកម្លាំងឈរជើងនៅក្នុងខេត្តទាំង៤ រួមមាន៖បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន និងខេត្តពោធិ៍សាត់ បានត្រៀមរួចជាស្រេច មានកងកម្លាំង ,មធ្យោបាយដឹកជញ្ជូន ,សម្ភារបរិក្ខាពេទ្យ ,ទីតាំងសម្រាប់ធ្វើចត្តាឡីស័ក និងព្យាបាលតាមបទបញ្ជាលោកមេបញ្ជាការ កងទ័ពជើងគោក ធានាជួយអន្តរាគមន៍ ឲ្យគណៈបញ្ជាការឯកភាពខេត្តទាំង៤ ទប់ស្កាត់ និងកាត់ផ្តាច់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍ ឬឆ្លងទៅតំបន់ផ្សេងទៀត ឲ្យបានទាន់ពេលវេលា។

ក្នុងឳកាសនោះផងដែរ លោកបានបញ្ជាក់ថា ក្នុងស្ថានភាពដ៏លំបាកនេះ កងទ័ពបានចូលរួមយ៉ាងសកម្ម រួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងនោះមាន កម្លាំងមួយចំនួន បានដាក់ពង្រាយតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃ ខេត្តទាំង៤ ដើម្បីទប់ស្កាត់ការលួចនាំពលករឆ្លងដែនដោយខុសច្បាប់ និងជំងឺកូវីដ១៩ ,កម្លាំងបិទខ្ទប់ក្នុងតំបន់ក្រហម ,ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំង ,ក្រុមគ្រូពេទ្យយកសំណាក និងព្យាបាលជំងឺកូវីដ១៩ ដោយកន្លងមកក្រុមគ្រូពេទ្យចំនួន ២អង្គភាព ចំណុះយោធភូមិភាគទី៥ ឈរជើងក្នុងខេត្តបន្ទាយមានជ័យ បានសហការរួមគ្នា ជាមួយក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលខេត្ត ក្រុមគ្រូពេទ្យកងរាជអាវុធហត្ថ និងស្នងការនគរបាលខេត្ត ជួយពន្លឿនការយកសំណាកជូនប្រជាពលរដ្ឋខ្មែរ និងជនបរទេស នៅក្រុងប៉ោយប៉ែត ដែលជាកន្លែងឆ្លងជំងឺកូវីដ១៩ច្រើន ដោយគិតមកដល់ថ្ងៃនេះអត្រានៃអ្នកវិជ្ជមានជំងឺកូវីដ១៩ ក្នុងក្រុងប៉ោយប៉ែត បានថយចុះជាបន្តបន្ទាប់ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកអភិបាលខេត្តបន្ទាយមានជ័យ ។

លោកឧត្តមសេនីយ៍ទោ សេង ធារិន សំណូមពរដល់ពុកម៉ែ បងប្អូនទាំងអស់ និងជនបរទេស សូមបន្តចូលរួមអនុវត្តន៍តាម វិធានការ ៣ការពារ និង៣កុំ និងវិធាការសុខាភិបាល បានខ្ជាប់ខ្ជួនជាប្រចាំ នឹងបានពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខ ពីសំណាក់លោកមេបញ្ជាការកងទ័ពជើងគោក ដល់ក្រុមគ្រូពេទ្យទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ អនុវត្តន៍ឲ្យបានត្រឹមត្រូវតាមបច្ចេកទេសសុខាភិបាលក្នុងពេលប្រតិបត្តិការយកសំណាក និងអរគុណនូវការលះបង់ ពុះពារគ្រប់ឧបស័គ្គ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន៕

...

ដោយ៖  សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print