ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ប្រជាពលរដ្ឋក្រីក្រ ប៉ះពាល់ដោយជំងឺកូវីដ-១៩នៅរាជធានីភ្នំពេញ ប្រមាណ១០ម៉ឺនគ្រួសារ ទទួលបានប្រាក់ឧបត្ថមពីរាជរដ្ឋាភិបាល ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខណៈប្រទេសកម្ពុជាបាន និងកំពុងប្រឈមនឹងការរីករាលដាលជំងឺ-១៩នេះ។ ប៉ុន្តែចំពោះប្រជាពលរដ្ឋក្រីក្រដែលទទួលបានថវិកាជំនួយគាំពារសង្គមពីរាជរដ្ឋាភិបាលហើយ គឺមិនត្រូវបានទទួលប្រាក់ឧបត្ថមពីរាជរដ្ឋាភិបាល ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះទៀតទេ។
ការបញ្ជាក់នេះបានធ្វើឡើង កាលពីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ ខណៈលោកអញ្ជើញទទួលជំនួយសង្គ្រោះបន្ទាន់ជាសាច់ប្រាក់ និងស្បៀងពីទីភ្នាក់ងារ ស្វីសសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការ នូវទឹកប្រាក់ចំនួនទឹកប្រាក់៨០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដើម្បីបន្ដ ជួយទៅដល់ប្រជាពលរដ្ឋរងការប៉ះពាល់ដោយជំងឺកូវីដ-១៩នៅរាជធានីភ្នំពេញ។
លោក ឃួង ស្រេង ក្នុងឱកាសនោះដែរ បានមានប្រសាសន៍បន្តទៀតថា ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលរាជធានីភ្នំពេញ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ទីភ្នាក់ងារ ស្វីសសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការ ដែលបានផ្តល់ទឹកប្រាក់ជំនួយជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋដែលទទួលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ មេរោគកូវីដ-១៩។
តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានទាន់ពេលវេលា។ នៅក្នុងកាលៈទេសៈដែល ប្រទេសកម្ពុជាបាន និងកំពុងជួបប្រទះនឹងគ្រោះភ័យ នៃការរាតត្បាត់ពីមេរោគកូវីដ-១៩ (Covid-i9) សមានចិត្តដ៏ប្រពៃនេះ នឹងត្រូវបានចងចាំ ទុកដោយរាជរដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំពេញ និងប្រជាជនកម្ពុជាទាំងអស់៕
ដោយ៖ សំរិត