ខេត្តពោធិ៍សាត់៖ មន្ត្រីជំនាញរដ្ឋបាលជលផលខណ្ឌ សង្កាត់ សហការជាមួយកម្លាំងអភិរក្សជលផល សហគមន៍នេសាទប្រមាណ ២៥នាក់ ចុះបង្រ្កាបបទល្មើសនេសាទឃាត់ខ្លួនអ្នកប្រព្រឹត្តបាន ២១នាក់រួមទាំងវត្ថុតាង ខណៈបក្ខពួកគេកំពុងធ្វើសកម្មភាពជាក់ស្ដែង។
ប្រតិបត្តិការកម្លាំងសហការគ្នាបង្រ្កាបបទលើសនេសាទខាងលើ ប្រព្រឹត្តឡើងពេញមួយយប់ថ្ងៃទី១៤និង១៥ ខែមីនា ឆ្នាំ២០១៦ នៅចំណុចអែបៗជញ្ជាំង ឫចូលបន្តិចបន្តួចឡូតិ៍អភិរក្សជលផលកំពង់ប្រាក់ ស្ថិតក្នុងភូមិកំពង់ប្រាក់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ក្នុងកិច្ចប្រតិបត្តិការនេះលោក ពុត ស៊ុនលី នាយរងផ្នែករដ្ឋបាលជលផលក្រគរប្រាប់ថា ក្នុងកិច្ចការបង្ក្រាបបទល្មើសនេសាទជាក់ស្ដែងខាងលើនេះ លទ្ធផលទទួលបានរួមមាន យើងឃាត់ខ្លួនអ្នកប្រព្រឹត្តបានចំនួន ២១នាក់ រួមទាំងវត្ថុតាងមាន អួនកែច្នៃចំនួន ៣វង់ តែជនប្រព្រឹត្តបើកកាណូតគេចខ្លួន និងអួនអូសដោយដៃប្រវែងចាប់ពី ៥០ម៉ែត្រ ទៅ ១០០ម៉ែត្រចំនួន ៤វង់ទៀត និងទូកចំនួន ២គ្រឿងព្រមទាំងកាណូតបាឡាស្មាច់ចំនួន ១គ្រឿង ហើយក៏មានត្រីចម្រុះផងដែរ។
លោកបន្តថាបញ្ហាបង្ក្រាបបទល្មើសឃាត់ខ្លួនជនប្រព្រឹត្ត និងវត្ថុតាងយ៉ាងច្រើនសន្ធឹកសន្ធាប់នេះ ជំនាញតំរូវឲ្យពួកគាត់ធ្វើលិខិបញ្ជាក់និងធានាពីអាជ្ញាធរត្រឹមត្រូវ ទើបធ្វើកិច្ចសន្យាបញ្ឈប់ជាដាច់ខាតមិនឲ្យមានសកម្មភាពជាលើកក្រោយឡើយ។
លោកបន្តទៀតថា វត្ថុតាងទាំងអស់ដែលបង្ក្រាបបានរក្សាទុកនៅស្នាក់ការអភិរក្សជលផលកំពង់ប្រាក់៕
ដោយ៖ ប៉ឹម ពិន