ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក៏មានមនុស្សប្រុសស្រី៥នាក់ដែរបានរងរបួសធ្ងន់និងស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នាក្នុងថ្ងៃតែមួយនៅក្រុងបាវិត ខេត្តស្វាយរៀង។
យោងតាមនគរបាលជំនាញក្រុងបាវិតបានឱ្យដឹងថា ករណីទីមួយបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ១៥១និង១៥២ ស្ថិតនៅក្នុងភូមិព្រៃទប់ សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង មានម៉ូតូមួយគ្រឿងម៉ាកហុងដាScoopyពណ៌ស ពាក់ស្លាកលេខស្វាយរៀង១P-២៩៧៦ អ្នកបើកបរមានឈ្មោះភឿង សំបូរ អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រនិងប្រពន្ធឈ្មោះគិន ម៉ារ៉ាឌី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ រស់នៅភូមិត្រពាំងភ្លាំង ឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្តស្វាយរៀងធ្វើដំណើរពីលិចទៅកើត
ខណៈនោះស្រាប់តែមានម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង១H-៣០១១បើកបរដោយឈ្មោះ អ៊ុក ឆន ដារ៉ូ ភេទប្រុស អាយុ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ រស់នៅភូមិដូនណូយ ឃុំច្រេស ស្រុកចន្រ្ទា ខេត្តស្វាយរៀងក្នុងទិសដៅបញ្ច្រាសគ្នាបានបត់ឆ្វេងខ្វះការប្រុងប្រយ័ត្នក៏បុកគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។
បច្ចុប្បន្ន អ្នករងរបួសធ្ងន់ត្រូវបានសមត្ថកិច្ចនគរបាលបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង ។
ករណីទី២កើតឡើងកាលពីវេលាម៉ោង៧និង២០នាទីព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នៅចន្លោះគឺឡូម៉ែត្រលេច១៤៧និង១៤៨ ស្ថិតក្នុងភូមិជ្រៃធំ សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង មានម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ អត់ស្លាកលេខ បើកបរដោយឈ្មោះជា វណ្ណ ភេទប្រុសអាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិមុខដា ឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង ហើយខណៈនោះស្រាប់តែមានបុរសម្នាក់ឈ្មោះប្រាក់ សារិន អាយុ៧១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរតាមរថយន្តដឹកកម្មកររោងចក្រ មានទីលំនៅភូមិជ្រៃធំ សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង ដើរឆ្លងកាត់ថ្នល់ខ្វះការប្រុងប្រយត្ន័ក៏ត្រូវមូតូបុកពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរឆ្លងកាត់នាំគ្នាជួយសង្គ្រោះទាំងសងខាងយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកជីភូ ក្រុងបាវិត។
ក្រោយកើតហេតុនគរបាលជំនាញបានធ្វើការវាស់វែងនិងអូសយកមធ្យោបាយធ្វើដំណើរម៉ូតូមករក្សាទុកនៅប៉ុស្ត៏រដ្ឋបាលសង្កាត់ព្រៃអង្គញ់ដើម្បីដោះស្រាយពេលក្រោយតាមច្បាប់៕
ដោយ៖ យឹម សុថាន