សង្ស័យស្រវឹងស្រាបើករថយន្តពាក់ស្លាកលេខរដ្ឋ ជ្រុលទៅបុកគូទរថយន្តមួយគ្រឿងទៀតបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាខ្លាំងហើយបានបើករថយន្តពាក់ស្លាកលេខរដ្ឋ មួយគ្រឿងជ្រុលទៅបុកគូទរថយន្តមួយគ្រឿងទៀតបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ និង៥០នាទីយប់ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តកូរ៉ូឡា ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2G-5967បើកបរដោយបុរសម្នាក់និងរួមដំណើរដោយស្រ្តីម្នាក់ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុត្រង់ភ្លើងស្តុបស្ពានអាកាសផ្សារដីហុយបានឈប់រង់ចាំភ្លើងសញ្ញាចរាចរណ៍ ស្រាប់តែមានបុរសម្នាក់សង្ស័យស្រវឹងស្រាបានបើករថយន្តម៉ាកមីតស៊ុយប៊ីសុីមួយបាំងកន្លះពណ៌សពាក់ស្លាកលេខរដ្ឋ12 2-1168ធ្វើដំណើរស្របទិសគ្នាមកពីក្រោយបានជ្រុលទៅបុកគូទរថយន្តកូរ៉ូឡាពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំទាំងសងខាង ហើយភាគីទាំងសងខាងបាននាំគ្នាធ្វើដំណើរបន្តទៅដោះស្រាយគ្នាស្ងាត់ៗ នៅតាមបណ្តោយផ្លូវភ្នំពេញ-ហាណូយស្ថិតនៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដោយដោះស្រាយគ្នាមិនត្រូវទើបរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ធ្វើការសម្របសម្រួលគ្នាដោយភាគីខាងម្ចាស់រថយន្តពាក់ស្លាកលេខរដ្ឋ យល់ព្រមជួសជុលរថយន្តកូរ៉ូឡាទាំងអស់ ហើយភ្លាមៗនោះម្ចាស់រថយន្តពាក់ស្លាកលេខរដ្ឋ បានកក់លុយទុកឲ្យខាងភាគីរថយន្តកូរ៉ូឡា ១០០ដុល្លារនិងរង់ចាំពេលជួសជុលរួចទើបថែមថ្លៃការជួសជុលឲ្យបន្ថែមទៀត៕

...

ដោយ៖ និនសុភ័ស្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print