ភ្នំពេញ៖ គម្រោងសាងសង់ស្ថានីយបូមទឹកមុខCDCជាប់ដងទន្លេសាបស្ថិតក្នុងសង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលជាជំនួយឥតសំណងរបស់ ប្រទេសជប៉ុន Jica ការស្ថាបនាមកដល់ពេលនេះ សម្រេចបាន៩៥ភាគរយហើយ គ្រោងបញ្ចប់នៅខែសីហា ឆ្នាំ២០២១នេះ ដែលអាចបូមរំដោះទឹកភ្លៀងចេញពីតំបន់ផ្នែកខាងជើងវត្តភ្នំ និងខាង កើតមហាវិថីព្រះមុនីវង្ស រហូតដល់ស្ពានជ្រោយចង្វារ ។
លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណ ការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានមានប្រសាសន៍ឱ្យដឹងនៅព្រឹកថ្ងៃទី២១ មិថុនា ឆ្នាំ២០២១នេះថា៖ គម្រោងសាងសង់ស្ថានីយបូមទឹកមុខCDC ដែលជាជំនួយឥតសំណងរបស់ប្រទេសជប៉ុន(ទីភ្នាក់ងារអភិវឌ្ឍន៌អន្តរជាតិជប៉ុនហៅចៃកាJica ) ក្រុមការងារបានអនុវត្តការងារ ជិតរូចរាល់ហើយ ពោលគឺមិនដល់២ខែទៀតទេ ស្ថានីយបូមទឹកមួយនេះ នឹងរួចរាល់ជាស្ថាពរ ដោយគិតត្រឹមថ្ងៃទី១៨ មិថុនានេះ ការងារខួងដាក់បំពង់លូកាត់យកទឹកកខ្វក់ពីស្ថានីយបូមទឹកមុខCDCនេះ ដល់ផ្លូវលេខ៧០ មានទំហំមុខកាត់៨០០មីលីម៉ែត្រ ប្រវែង១៥៤០ម៉ែត្រ សាងសង់រួច១០០ភាគរយហើយ។ ការងារសាងសង់អាងស្តុកក្រោមដីមុខCDC មានចំណុះ ៦៥០០ ម៉ែត្រគូប។ ការងារសាងសង់ស្ថានីបូមទឹក មានសមត្ថភាព១,៤ ម៉ែត្រគូប ក្នុង១វិនាទី។
លោកសាំ ពិសិដ្ឋ បានបញ្ជាក់ទៀតថា ៖ស្ថានីយបូមទឹកមុខCDC បានចាប់ដំណើរការ សាងសង់ ពីខែមិថុនា ឆ្នាំ២០១៩ សម្រេចបាន៩៥ភាគរយហើយ គ្រោងបញ្ចប់ នៅខែសីហាឆ្នាំ២០២១នេះ ។
លោកបន្តថា៖ស្ថានីយនេះ អាចបូមរំដោះទឹកភ្លៀងចេញពីតំបន់ផ្នែកខាងជើងវត្តភ្នំ និងកើតមហាវិថីព្រះមុនីវង្ស រហូតដល់ស្ពានជ្រោយចង្វា។
ស្ថានីយបូមទឹកមុខCDC គឺជាស្ថានីយបូមទឹកមួយស្ថិត ក្នុងគម្រោងការពារទឹកជំនន់និងកែលម្អប្រព័ន្ធប្រឡាយលូជំហានទី៤របស់ទីភ្នាក់ងារអភិវឌ្ឍន៌អន្តរជាតិជប៉នហៅចៃការ ប្រទេសជប៉ុនផងដែរ។
សូមបញ្ជាក់ថា ៖ គម្រោងការពារទឹកជំនន់និងកែលម្អប្រព័ន្ធប្រឡាយលូជំហានទី៤ ក្នុងរាជធានីភ្នំពេញត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ០៤ខែមិនាឆ្នាំ ២០១៩ ក្រោមអធិបតីភាពសម្ដេចតេជោហ៊ុនសែន
នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
គម្រោងការពារទឹកជំនន់និងកែលម្អប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញជំហានទី០៤របស់ចៃកានេះ មានទឹកប្រាក់ សរុបប្រមាណ៣៦លានដុល្លារសហរដ្ឋអាមេរិក ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលគម្រោងនេះ រួមមានការសាងសង់អាងស្តុកទឹកក្រោមដី ស្ថានីយបូមទឹករបារ ត្រង់សំរាមមេកានិចប្រវត្តិ រថយន្តបំពាក់ម៉ាស៊ីនបូមទឹក ។
ក្នុងនោះការសាងសង់ធ្វើឲ្យប្រសើរឡើង នូវប្រព័ន្ធប្រឡាយលូក្នុងតំបន់ខាងជើងវត្តភ្នំធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធប្រឡាយលូក្នុងតំបន់ ខណ្ឌទួលគោកជាដើម៕
ដោយ៖ សំរិត