ភ្នំពេញ៖ គ្រាប់មិនទាន់ផ្ទុះ ដែលបន្សល់ទុកកាលពីសម័យសង្គ្រាមចំនួនជិត១០០គ្រាប់ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញប្រទះឃើញ ខណៈដែលក្រុមការងារនៃមន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញ ធ្វើសកម្មភាពជីកស្តារប្រឡាយម័ល នៅក្នុងភូមិសាស្រ្តភូមិម័លសង្កាត់ដង្កោ ខណ្ឌដង្កោ ដែលមានប្រវែងជិត៣គីឡូម៉ែត្រ ដើម្បីរំដោះការលិចលង់ ភូមិដ្ឋាន ប្រជាពលរដ្ឋដោយជំនន់ទឹកភ្លៀងនារដូវវស្សានេះ ហើយបានប្រទះ ឃើញគ្រាប់ទាំងនេះនៅបាតប្រឡាយ។
លោក ម៉ៅ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញ បានមានប្រសាសន៍ឱ្យដឹងនៅព្រឹកថ្ងៃទី២៤មិថុនាឆ្នាំ២០២១នេះថា៖ ក្រោមការណែនាំរបស់លោកឃួង ស្រេង. អភិបាលរាជធានីភ្នំពេញ ក្រុមការងារនៃមន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញបាននឹងកំពុងធ្វើសកម្មភាពស្តារប្រឡាយម័លដោយចាប់ផ្តើមស្តារ កាលពីថ្ងៃទី១៨កុម្ភៈឆ្នាំ២០២១ មានប្រវែង២៨១៥ ម៉ែត្រ ទទឺងចាប់ពី២០ម៉ែត្រទៅ៣០ម៉ែត្រ ចាប់ពីស្ថានីយបូមទឹកលូ៥ ដល់ស្ថានីយបូមទឹកបឹងទំពុន ហើយបើគិតមកដល់ថ្ងៃទី២៤ មិថុនានេះ ការងារស្តារប្រឡាយម័រ សម្រេចបាន១៦០០ម៉ែត្រហើយ ស្មើនឹង៥៩,៩ភាគរយ ដែលគ្រោងនឹងបញ្ចប់នៅចុងខែសីហាឆ្នាំ២០២១ ខាងមុខនេះ ដើម្បីរំដោះការលិចលង់ ភូមិដ្ខានប្រជាពលរដ្ឋដោយជំនន់ទឹកភ្លៀងនារដូវវស្សានេះ។
លោក ម៉ៅ ប៊ុនធឿន បានបញ្ជាក់ផងដែរថា ៖ប្រឡាយម័រនេះពិតជាមានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកពីភូមិដ្ឋានប្រជាពលរដ្ឋ ដោយបានរំដោះទឹកភ្លៀងមួយផ្នែកខ្លះនៃខណ្ឌដង្កោ ខណ្ឌពោធិសែនជ័យនិងខណ្ឌមានជ័យ ។
អាជ្ញាធររាជធានីភ្នំពេញ បើទោះបីរាជធានីភ្នំពេញបាននឹងកំពុងរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ពិតមែន ប៉ុន្តែសកម្មភាពស្តារនិង
អភិវឌ្ឍន៍ មូលដ្ឋានរាជធានីនៅតែបន្តដដែល មាន ន័យថា ដៃម្ខាងធ្វើការអភិវឌ្ឍនិងដៃម្ខាង ទៀត បង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩៕
ដោយ៖ សំរិត