ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកមនុស្សធម៌ បានឱ្យដឹងថា មានពលរដ្ឋមីយ៉ាន់ម៉ាជាង ២៣០ពាន់នាក់ត្រូវចាកចេញពីផ្ទះសម្បែងទៅកាន់តំបន់ផ្សេងដោយសារតែអំពើហិង្សាចាប់តាំងពីការធ្វើរដ្ឋប្រហារថ្ងៃទី១ខែកុម្ភៈ។
សារព័ត៌មានរ៉យទ័របានផ្សាយថា តាមប្រភពព័ត៌មានពីការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកមនុស្សធម៌ OCHA បានប្រកាសឲ្យដឹងថា អំពើហិង្សាបណ្តាលឲ្យពលរដ្ឋជាច្រើនត្រូវបង្ខំចិត្តបោះបង់ចោលផ្ទះសម្បែងភៀសខ្លួនទៅកាន់កន្លែងផ្សេង។ ពលរដ្ឋទាំងនោះត្រូវការជំនួយស្បៀងអាហារជាបន្ទាន់។
តាមការលើកឡើងរបស់ OCHA សកម្មភាពផ្តល់ជំនួយអន្តរជាតិគឺជារឿងចាំបាច់បំផុត ប៉ុន្តែត្រូវរាំងស្ទះដោយសារតែការប៉ះទង្គិចគ្នាដោយអាវុធរវាងទាហានរដ្ឋាភិបាលនិងកម្លាំងទាហានប្រជាជន ។
មីយ៉ាន់ម៉ាធ្លាក់នៅក្នុងវិបត្តិចាប់តាំង ពីការធ្វើរដ្ឋប្រហារនៅថ្ងៃទី១ខែកុម្ភៈហើយចាប់ខ្លួនមេដឹកនាំរដ្ឋាភិបាលស៊ីវិលជាច្រើន ក្នុងនោះមានលោកស្រីអោងសាន ស៊ូជីផងដែរ។
តាមរបាយការណ៍របស់ OCHA បានបញ្ជាក់ថា មានពលរដ្ឋប្រមាណ ១៧៧ពាន់នាក់រស់នៅក្នុងរដ្ឋការ៉ែន ជាប់ព្រំដែនប្រទេសថៃបានភៀសខ្លួនទៅកាន់តំបន់មានសុវត្ថិភាព ។ ក្រៅពីនេះក៏មានពលរដ្ឋរាប់ពាន់នាក់ទៀតនៅក្នុងរដ្ឋ កាឈីន និង សាន ក៏បានភៀសខ្លួនទៅកាន់តំបន់មានសុវត្ថិភាពផងដែរ ។
ជាមួយគ្នានេះពលរដ្ឋរស់នៅក្នុងរដ្ឋChin ជាង២ម៉ឺននាក់បានចាកចេញពីផ្ទះសម្បែង ភៀសខ្លួនទៅកាន់ទីតាំង១០០កន្លែងផ្សេងគ្នានៅក្នុងប្រទេស ក្រោយការបាញ់ប្រហារគ្នាជាបន្តបន្ទាប់រវាងកម្លាំងទាហានរដ្ឋាភិបាលនិឹងកម្លាំង ទាហានសាមគ្គីប្រជាជន NUG មានការចូលរួមពីកម្លាំងទាហានជនជាតិភាគតិច។ អំពើហិង្សាបានសម្លាប់មនុស្ស ៨៧៧នាក់ហើយមកទល់ពេលនេះនិងជាង៦០០០នាក់ ត្រូទាហានរដ្ឋាភិបាលចាប់ខ្លួនចាប់តាំងពីការធ្វើរដ្ឋប្រហារ ៕ដោយ៖ធីរីណា
រូបថត៖THE STRAITS TIMES