ខេត្តកំពង់ចាម៖ នារីម្នាក់ត្រូវគេដឹងថា មានសតិមិនគ្រប់គ្រាន់ បានរត់ចេញពីអង្គការដែលខ្លួនស្នាក់ រួចសុំរថយន្តគេជិះ ប៉ុន្តែជាអកុសល ជួបម្ចាស់រថយន្តដែលជាមនុស្សល្មោភកាមនោះចាប់រំលោភសេពសន្ថវៈរួចហើយយកទៅទម្លាក់ចោលតាមដងផ្លូវបង្កឲ្យមានការភ្ញាក់ផ្អើល ។
ករណីនេះបានភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅភូមិក្រឡែង ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ។
ប្រជាពលរដ្ឋដែលបានឃើញនារីរងគ្រោះត្រូវជនសង្ស័យទម្លាក់ចោលទាំងសន្លប់បាត់ស្មារតីនោះបាននាំគ្នារាយការណ៍ប្រាប់សមត្ថកិច្ចស្រុកចំការលើ ហើយលោក អ៊ិត ដារា អធិការនគរបាលស្រុកក៏បានចាត់កម្លាំងឲ្យចុះពិនិត្យមើលដល់កន្លែងកើតហេតុ ហើយនាំនាងរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកស្រុកចំការលើដើម្បីព្យាបាល ។
បន្ទាប់នៅពេលនារីរងគ្រោះដឹងខ្លួនវិញ បានប្រាប់សមត្ថកិច្ចថា នាងឈ្មោះ ស.ក. អាយុ២១ឆ្នាំ ទីលំនៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ នាងរងគ្រោះបន្តថា ម្តាយរបស់នាងបានស្លាប់យូរហើយ ៗឪពុករបស់នាងបានយកប្រពន្ធថ្មី រួចទៅរស់នៅឯខេត្តរតនគិរី ។ ប្រភពបន្តថា នាងមានបញ្ហាផ្លូវចិត្ត គឺមានសតិមិនប្រក្រតី ក៏ត្រូវអង្គការមួយនៅភ្នំពេញទទួលឲ្យស្នាក់នៅក្នុងអង្គការ ។ ប៉ុន្តែក្នុងរយៈពេលថ្មីៗ នាងបានរត់ចេញពីអង្គការ ហើយក៏ជិះរថយន្តមកដល់ខេត្តកំពង់ធំ ដោយមិនដឹងខ្លួន ។
ប្រភពបន្តថា នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី១៦ ខែមីនា នាងបានសុំជិះរថយន្តគេដើម្បីមកកាន់ស្រុកកំណើតឯខេត្តត្បូងឃ្មុំ ហើយពេលឡើងជិះក្នុងរថយន្តនោះមានមនុស្ស៤នាក់ រួមដំណើរជាមួយគ្នា ហើយពួកគេបានឲ្យភេសជ្ជៈនាងផឹករួចក៏បាត់ស្មារតី តែនាងដឹងថា ខ្លួនត្រូវគេចាប់រំលោភសេពសន្ថវៈរួចហើយ លុះពេលនាងដឹងខ្លួនវិញ ស្រាប់តែស្ថិតនៅក្នុងមន្ទីរពេទ្យ ៕ ហេង សូរិយា