លោកសុខ សម្បត្តិ បានលើកឡើងថាផ្លូវលេខ១៥១ក្នុងសង្កាត់ពញាពន់ នឹងធ្វើការជួសជុលស្អាតឡើងវិញនាពេលឆាប់ៗខាងមុខនេះ

ចែករំលែក៖

ភ្នំពេញ ៖ លោកសុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅបានលើកឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៥ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ អាណត្តិទី៣ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះថា ផ្លូវលេខ១៥១នៅចំណុចភូមិធំត្បូង និងភូមិធំជើងស្ថិតក្នុងសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ ដែលរងការខូចខាតប្រមាណជាង៣០០ម៉ែត្រការ៉េ ត្រូវបានលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ អនុញ្ញាតឲ្យធ្វើការជួសជុលស្អាតឡើងវិញនាពេលឆាប់ៗខាងមុខនេះ ដែលជាថវិការបស់សាលារាជធានីភ្នំពេញ។
លោកសុខ សម្បត្តិ បន្តថា ដោយមើលឃើញពីការលំបាកក្នុងការធ្វើចរាចរណ៍ ហើយដើម្បីជួយសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋឲ្យបានស្រួលនាពេលកន្លងមក ផ្លូវលេខ១៥១នេះត្រូវបានសាលាខណ្ឌកៀរគរថវិកាពីសប្បុរសជន និងថវិការបស់សាលាខណ្ឌផ្ទាល់ បានធ្វើការជួសជុលបឋមជាច្រើនលើកមកហើយ ហើយបន្ទាប់ពីសាលារាជធានីភ្នំពេញអនុញ្ញាតឲ្យធ្វើការជួសជុលស្អាតឡើងវិញហើយ សូមបងប្អូនប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន មេត្តាជួយថែរក្សាផ្លូវនេះផង ជាពិសេសកងកម្លាំងមានសមត្ថកិច្ច ត្រូវហាមដាច់ខាតមិនឱ្យរថយន្តធុនធំឆ្លងកាត់ជាដាច់ខាត ព្រោះអាចធ្វើឱ្យខូចផ្លូវដូចមុនទៀត។
ក្នុងនោះផងដែរលោកអភិបាលខណ្ឌព្រែកព្នៅ ក៏បានដាស់តឿនដល់អាជ្ញាធរសង្កាត់ទាំងអស់ត្រូវធ្វើរបាយការណ៍ឱ្យទាន់ពេលវេលា បើការងារដែលយើងធ្វើហើយ ហើយគ្មានរបាយការណ៍ទេគឺដូចយើងអត់បានធ្វើដែរ។ ជាងនេះទៅទៀតដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩ មិនទាន់ថមថយនោះ សង្កាត់ទាំងអស់ត្រូវរៀបចំវីដេអូហ្ស៊ូមឱ្យបានគ្រប់ៗគ្នានិងបានឆាប់ ដើម្បីមានការប្រជុំគឺយើងមិនបាច់ប្រមូលផ្តុំមនុស្សច្រើន។
គួរបញ្ជាក់ថា របៀបវារ:ក្នុងអង្គប្រជុំនេះរួមមាន ទី១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុលើកទី២៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ទី២-ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែឆមាសទី១ ឆ្នាំ២០២១ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខណ្ឌព្រែកព្នៅ ទី៣-ពិនិត្យ និងអនុម័តស្តីពីការបែងចែកប្រាក់រង្វាន់ប្រចាំខែមិថុនា និងយន្តការរបស់ការិយាល័យច្រកចេញចូលតែមួយ
និងទី៤-បញ្ហាផ្សេងៗ៕

...

ដោយ ៖ ព្រែកសំរោង

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print