ខេត្តកំពង់ធំ៖ រដ្ឋបាលខេត្តកំពង់ធំ សូមជម្រាបជូនដំណឹងដល់សាធារណជនជ្រាបថា យោងតាមលទ្ធផលនៃការធ្វើតេស្ត រហ័ស(Rapid Test) នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ខេត្តកំពង់ធំបានរកឃើញវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៤០នាក់ ក្នុងនោះ ពាក់ព័ន្ធព្រឹត្តិការណ៏២០កុម្ភៈ ចំនួន៣៣នាក់ និងពលករមកពីប្រទេសថៃចំនួន ០៧នាក់ ដូចមានរាយនាមខាងក្រោមតាមតារាង ៖
រដ្ឋបាលខេត្តនឹងបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្សេងទៀតដើម្បីយកមកធ្វើចត្តាឡីស័ក និងធ្វើតេស្តរកមេរោគ កូវីដ១៩ ឲ្យបានឆាប់បំផុត។ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ បន្ថែមទៀត រដ្ឋបាលខេត្ត សូមអំពាវនាវ ដល់អ្នកដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ទំនាក់ទំនងទៅអាជ្ញាធរ ឬមណ្ឌលសុខភាព ដែលនៅកៀកបំផុតដើម្បីពិនិត្យសុខភាព និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃឲ្យបានត្រឹមត្រូវ។
នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ នេះដែរ ដោយបានទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ អ្នកជំងឺកូវីដ១៩ ចំនួន ០៧នាក់ ស្រី ០៤នាក់ បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចេញទៅផ្ទះ ដោយត្រូវបន្តធ្វើ ចត្តាឡីស័កដោយខ្លួនឯងរយៈពេល១៤ថ្ងៃ។
គិតមកដល់ថ្ងៃនេះ ខេត្តកំពង់ធំបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន ៧៩៦នាក់ ស្រី ៤៦៣នាក់ ក្នុងនោះបានជាសះស្បើយចំនួន ៣៥២នាក់ ស្រី ១៩៩នាក់ និងស្លាប់ចំនួន ០៨នាក់ ស្រី ០៦នាក់។ អ្នកជំងឺដែលនៅ សល់ចំនួន ៤៣៦នាក់ ស្រី ២៥៨នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក មន្ទីរពេទ្យបង្អែកស្ទោង មណ្ឌលវិទ្យាល័យ ជា ស៊ីម ប្រឡាយ និងមណ្ឌលវិទ្យាល័យ ហ៊ុន សែន បល្ល័ង្ក។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាប និងចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ “៣ការពារ ៣កុំ” របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ដើម្បីការពារ ក្រុមគ្រួសារ និងសហគមន៍ចៀសផុតពីជំងឺដ៏កាចសាហាវនេះ៕ ដោយ៖ សិលា