លោករដ្ឋមន្ត្រី វេង សាខុន បង្ហាញពី វឌ្ឍនភាពនៃការអនុវត្តគម្រោងកម្មវីធីទី១៣៖ “កម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន៖ ផ្នែកនេសាទ“

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានបន្តបង្ហាញពី វឌ្ឍនភាពនៃការអនុវត្តគម្រោងកម្មវីធីទី១៣៖ “កម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន៖ ផ្នែកនេសាទ“ (Cambodia Program for Sustainable and Inclusive Growth in the Fisheries Sector: Capture Component) ដែលហៅកាត់ថា “CAPFISH-Capture“ CAPFISH-Capture

លោករដ្ឋមន្ត្រីបានលើកឡើងថា ,បច្ចុប្បន្ន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានរដ្ឋបាលជលផលជាសេនាធិការផ្ទាល់ បាននិងកំពុងធ្វើកិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប ដើម្បីអនុវត្តកម្មវិធីមួយជាប្រភេទជំនួយឥត សំណងដែលមានឈ្មោះថា “កម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន៖ ផ្នែកនេសាទ“ (ដែលហៅកាត់ថា “CAPFISH-Capture“ សម្រាប់រយៈពេល៥ឆ្នាំ (គឺចាប់ពីខែកក្កដា ឆ្នាំ២០១៩ រហូតដល់ខែមិថុនា ឆ្នាំ២០២៣) ដែលមានថវិកាហិរញ្ញប្រទានរបស់សហភាពអឺរ៉ុបសរុបចំនួន ៨៧លានអឺរ៉ូ (ប្រហែល ១០៤លានដុល្លាអាមេរិក)។ ក្រៅពីនេះ ក៏មានថវិកាបដិភាគចំនួន ១១លានអឺរ៉ូផ្សេងទៀត ដែលបានមកពីរាជរដ្ឋាភិបាលកម្ពុជានិងអង្គការដៃគូ អភិវឌ្ឍនានា។

I. ទស្សនៈវិស័យ
ទស្សនៈវិស័យនៃកម្មវិធីនេះ គឺជម្រុញការអនុវត្តឱ្យបានសម្រេចនូវក្របខ័ណ្ឌផែនការយុទ្ធសាស្រ្តសម្រាប់វិស័យជលផលឆ្នាំ២០១៥-២០២៤ ក៏ដូចជាផែនការអភិវឌ្ឍយុទ្ធសាស្រ្តជាតិឱ្យកាន់តែល្អប្រសើរនិងទទួលបានជោគជ័យ ដើម្បីចូលរួមធានានូវសន្តិសុខស្បៀងដល់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ព្រមទាំងជួយលើកស្ទួយសេដ្ឋកិច្ចជាតិ។
កម្មវិធីនេះអនុវត្តដោយផ្អែកទៅលើក្របខ័ណ្ឌផែនការយុទ្ធសាស្រ្តវិស័យជលផលឆ្នាំ២០១៥-២០២៤ ដែលគាំទ្រនិងផ្តោតលើសសរស្តម្ភសំខាន់ៗចំនួន៤ គឺ៖
១. ការនេសាទ និងការគ្រប់គ្រង។
២. វារីវប្បកម្មទឹកសាប និងសមុទ្រ។
៣. ខ្សែច្រវាក់ផលិតកម្មជលផល។
៤. ច្បាប់ និងសេវាកម្ម។

II. គោលបំណង
ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចឱ្យបាននូវការអភិវឌ្ឍប្រកបដោយនិរន្តរភាព ភាពធន់ទៅនឹងអាកាសធាតុ និងបរិយាប័ន្ន ធនធានជលផលទឹកសាប និងសមុទ្រនៅព្រះរាជាណាចក្រកម្ពុជា។
កម្មវិធីនេះក៏បានចូលរួមចំណែកជួយដោះស្រាយបញ្ហានានាដែលបាននិងកំពុងប្រឈមក្នុងវិស័យជលផល ជាពិសេសបញ្ហាពាក់ព័ន្ធនឹងសកម្មភាពប្រយុទ្ធប្រឆាំងនឹងសកម្មភាពការនេសាទខុសច្បាប់និងគ្មានរបាយការណ៍ (IUU) នៅកម្ពុជា។

III. ការបែងចែកថវិកា
ថវិកាសរុបរបស់កម្មវិធីមានចំនួន ៩២,៧ លានអឺរ៉ូ ដែលក្នុងនោះថវិការបស់សហភាពអឺរ៉ុប ចំនួន ៨៧ លានអឺរ៉ូ នឹងត្រូវបែងចែកជា៖
១. ថវិកា ៣៥ លានអឺរ៉ូ គាំទ្រវិស័យជលផល (Budget Support) ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់អនុវត្តន៍គម្រោងកម្មវិធីចំនួន ៥ឆ្នាំ ។
២. ថវិកា ៥២ លានអឺរ៉ូ គាំទ្របន្ថែម (Complementary Support) ក្នុងនោះមាន ៖
 ថវិកា ១៧ លានអឺរ៉ូ ផ្តល់ឱ្យអង្គការ FAO (Indirect Management with FAO)
 ថវិកា ១៦ លានអឺរ៉ូ ផ្តល់ឱ្យ UNIDO (Indirect Management with UNIDO)
 ថវិកា ១៦ លានអឺរ៉ូ ផ្តល់ឱ្យអង្គការក្រៅរដ្ឋាភិបាល (Grants: call for proposals) Direct Management by EU
 ថវិកា ០,៨ លានអឺរ៉ូ សម្រាប់ការងារលទ្ធកម្ម (Procurement-total envelope under section 2.2) Direct Management by EU
 ថវិកា ២,២ លានអឺរ៉ូ សម្រាប់វាយតម្លៃសវនកម្ម និងបម្រុងផ្សេងៗ (Direct Management by EU)

IV. ប្រវត្តិនៃកម្មវិធី
កម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាពនិងបរិយាប័ន្ន៖ ផ្នែកនេសាទ (CAPFISH-Capture) ត្រូវបានផ្តួចផ្តើមដោយសហភាពអឺរ៉ុប ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលជលផល នៅឆ្នាំ២០១៥ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលជលផល មន្ត្រីស្ថានទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា និងក្រុមជំនាញការសហភាពអឺរ៉ុប បានពិភាក្សារៀបចំ និងសម្រេចចងក្រងឯកសារនៃកម្មវិធីនេះក្នុងឆ្នាំ២០១៩។
សហភាពអឺរ៉ុបបានចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងហិរញ្ញប្បទាន ដែលជាប្រភេទជំនួយឥតសំណងនៃឯកសារលេខ ACA/2018/041-466 និង ACA/2019/041-594 នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ បន្ទាប់មកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលជាតំណាងឱ្យរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាបានចុះហត្ថលេខានៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩។

V. សកម្មភាពការងារ
បន្ទាប់ពីបានចាប់ផ្តើមអនុវត្តកម្មវិធីនេះ មន្ត្រីរាជការនៃរដ្ឋបាលជលផល ដៃគូអភិវឌ្ឍនានា និង បុគ្គលិកជំនាញការបច្ចេកទេសរបស់សហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជាបានចូលរួមរៀបចំផែនការសកម្មភាពនិងថវិកា សម្រាប់អនុវត្តក្នុងរយៈពេលមួយឆ្នាំម្តងៗ ដើម្បីបញ្ជូនទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្នុងអំឡុងខែតុលានៃឆ្នាំនីមួយៗ ដើម្បីស្នើសុំការអនុម័ត។

ថវិកាដែលសហភាពអឺរ៉ុបបានផ្តល់ជូនរដ្ឋបាលជលផលប្រចាំឆ្នាំនីមួយៗ ដោយផ្អែកលើសូចនាករទាំង៨៖
១. ពង្រឹងការអនុវត្តច្បាប់ស្តីពីជលផលនិងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។
២. កែលម្អ ស្តារប្រព័ន្ធបរិស្ថាន និងការពារតំបន់អភិរក្សជលផល។
៣. វិសោធនកម្មច្បាប់ស្តីពីជលផល និងលិខិតបទដ្ឋានគតិយុត្តិដែលពាក់ព័ន្ធ។
៤. បង្កើតប្រព័ន្ធគ្រប់គ្រងទិន្នន័យ និងព័ត៌មានជលផល។
៥. ពង្រឹងសមត្ថភាពសហគមន៍នេសាទតាមរយៈសហគ្រប់គ្រង។
៦. អភិវឌ្ឍការកែច្នៃផល ផលិតផលជលផល។
៧. បង្កើនថវិកាជាតិប្រចាំឆ្នាំសម្រាប់វិស័យជលផល។
៨. ពង្រឹងការគ្រប់គ្រងធនធានមនុស្ស។

ផែនការសកម្មភាពដែលត្រូវអនុវត្ត ដើម្បីដោះស្រាយបញ្ហា IUU រួមមាន៖
 ការធ្វើឱ្យប្រសើរនូវក្របខណ្ឌច្បាប់ដូចជាការផ្តល់សច្ចាប័នលើលិខិតុបករណ៍អន្តរជាតិ (UNCLOS, PSMA and UNFSA) ការធ្វើវិសោធនកម្មច្បាប់ស្តីពីជលផល ការចុះបញ្ជីនាវានេសាទខ្នាតមធ្យមនិងធំ ការរៀបចំនិងអនុម័តផែនការសកម្មភាព ត្រួត ពិនិត្យ និងអធិការកិច្ចជលផលសមុទ្រ (NPCI-MF)
 ការបណ្តុះបណ្តាលអ្នកអង្កេតការណ៍ស្ថិតិផលនេសាទលើនាវានេសាទនិងនៅកំពង់ផែនេសាទ
 ការរៀបចំសេចក្តីព្រាងនិងអនុម័តគោលនយោបាយសម្រាប់ការប្រមូលទិន្នន័យនាវានេសាទផលនេសាទនិងការធ្វើរបាយការណ៍
 ការរៀបចំបង្កើតប្រព័ន្ធត្រួតពិនិត្យ និងតាមដាននាវានេសាទ
 ការរៀបចំ និងអនុម័តផែនការសកម្មភាពជាតិស្តីពីការបង្ការទប់ស្កាត់និងលុបបំបាត់ ការនេសាទខុសច្បាប់គ្មានរបាយការណ៍និងគ្មានការអនុញ្ញាតក្នុងដែនសមុទ្រនៃ ព្រះរាជាណាចក្រកម្ពុជា (NPOA-IUU)
 ការពង្រឹងស្ថាប័នរដ្ឋបាលជលផល និងបង្កើនសមត្ថភាពមន្ត្រីជលផល
 ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
VI. លទ្ធផលការងារ
១. សកម្មភាពថ្នាក់ជាតិ
រដ្ឋបាលជលផលចាប់ផ្តើមអនុវត្តកម្មវិធីនេះ នាខែកក្កដាឆ្នាំ២០១៩ រហូតដល់ខែមិថុនាឆ្នាំ២០២១។ ជារួមថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលជលផលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងជំនាញការបច្ចេកទេស អង្គការដៃគូអភិវឌ្ឍនានាបានសហការ និងខិតខំប្រឹងប្រែងអនុវត្តតាមផែនការសកម្មភាពប្រចាំឆ្នាំដែល ទទួលបានលទ្ធផលសំខាន់ៗដូចខាងក្រោម៖
 ការត្រួតពិនិត្យបទល្មើសនេសាទអនុវត្តបានចំនួន ១៥ ០៣៧ ករណី ត្រូវបានកត់ត្រានៅ ក្នុងប្រព័ន្ធ SMART នៃដែននេសាទទឹកសាប
 ការបោះបង្គោលព្រំប្រទល់តំបន់អភិរក្ស និងព្រំប្រទល់ព្រៃលិចទឹកអនុវត្តបានចំនួន ៦០៣ បង្គោល (បូកយោងរួមទាំងការបោះបង្គោលឆ្នាំកន្លងទៅ)
 សេចក្តីព្រាងច្បាប់ស្តីពីជលផលត្រូវបានបញ្ចប់ការពិភាក្សានៅរដ្ឋបាលជលផល នឹងត្រូវបញ្ជូនមកក្រសូងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងខែកក្កដា ឆ្នាំ២០២១
 ផែនការសកម្មភាពត្រួតពិនិត្យ និងអធិការកិច្ចសមុទ្រអនុវត្តបាន ៧៥% នៃសកម្មភាព ឆ្នាំ២០២០
 គោលការណ៍ណែនាំនិងវិធីសាស្រ្តវាយតម្លៃផលនេសាទទឹកសាប និងសមុទ្រត្រូវបាន អនុម័ត។ ប៉ុន្តែរហូតមកដល់ខែមេសាឆ្នាំ២០២១ សកម្មភាពនេះមិនទាន់ត្រូវបានអនុវត្តនៅ ឡើយទេ។
 សហគមន៍នេសាទ និងសហគមន៍ស្រះជម្រកត្រីចំនួន ២២០ បានទទួលថវិកា ១ពាន់ ដុល្លារ ក្នុង១សហគមន៍ ដើម្បីអនុវត្តផែនការសកម្មភាពរបស់សហគមន៍
 ទីតាំងកែច្នៃចំនួន៥០កន្លែងត្រូវបានធ្វើអធិការកិច្ច
 សំណាកផល ផលិតផលជលផលចំនួន ៣៤៧ សំណាកត្រូវប្រមូល និងយកមកវិភាគ
 ថវិកាជាតិចំនួន២០%ត្រូវបានបង្កើនក្នុងឆ្នាំ២០២០។ ប៉ុន្តែក្នុងឆ្នាំ២០២១នេះថវិកាជាតិអាចបង្កើនមិនបានដោយកម្ពុជាក៏ដូចជាសកលលោកកំពុងជួបប្រទះនឹងការរីករាលដាលជាកលនៃជម្ងឺកូវិដ ១៩។
 លទ្ធផលថ្នាក់ជាតិសម្រេចអនុវត្តបានចំនួន៩៣% ហើយត្រូវបាន ទុកនៅក្នុងប្រព័ន្ធHRMIS។

២. សកម្មភាពការងារ IUU
ក) ព្រះរាជាណាចក្រកម្ពុជាបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងអន្តរជាតិចំនួន២គឺ៖
១) កិច្ចព្រមព្រៀង ស្តីពីវិធានការរដ្ឋម្ចាស់កំពង់ផែ (PSMA) នាខែកក្កដា ឆ្នាំ២០១៩។
២) កិច្ចព្រមព្រៀងសម្រាប់អនុវត្តបទប្បញ្ញត្តិនៃអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ចុះ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៨២ ទាក់ទងនឹងការគ្រប់គ្រងនិងការអភិរក្សផលស្តុកត្រីផ្លាស់ទីមធ្យម និងផល ផ្លាស់ទីឆ្ងាយ (UNFSA) នាខែមករា ឆ្នាំ២០២០។

ខ) ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ និងបន្តកិច្ចពិភាក្សាស្តីពីនីតិសមុទ្រ(UNCLOS)។ សេចក្តីព្រាងច្បាប់ ស្តីពីជលផល រដ្ឋបាលជលផល បានបញ្ចប់ការពិភាក្សាជាមួយទីប្រឹក្សា FAO នឹងបញ្ជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាចុង ខែសីហា។ សេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលស្តីពីគោលការណ៍គន្លឺះក្នុងការគ្រប់គ្រងជលផលសមុទ្រត្រូវបានអនុម័តដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានអនុម័តនាខែតុលា ឆ្នាំ២០១៩។

គ) ផែនការ NPCI-MF ២០២០-២០២៤ ត្រូវបានអនុម័តនាខែឧសភា ឆ្នាំ២០២០និង NPOA-IUU ២០២០-២០២៤ ត្រូវបានអនុម័តខែកក្កដា ឆ្នាំ២០២០។ ការអនុវត្តសកម្មភាពទាំងអស់ខាងលើ ត្រូវបានគាំទ្រទាំងថវិកានិងបច្ចេកទេសពីកម្មវិធី CAPFISH-Capture។

ឃ) ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ចូនរបាយការណ៍វឌ្ឍនភាពផែនការ សកម្មភាពក្នុងការប្រយុទ្ធប្រឆាំងនឹង IUU ទៅ DG MARE កាលពីថ្ងៃទី២៣ ខែមិនា ឆ្នាំ២០២១ ដោយ បានទទួលការឆ្លើយតបនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ និងបានស្នើសុំមកក្រសួងបញ្ជូនសេចក្តីព្រាង ច្បាប់ស្តីពីជលផល ទៅ DG MARE ជំរុញការចុះបញ្ជីនិងផ្តល់លិខិតអនុញ្ញាតដល់នាវានេសាទខ្នាតមធ្យម និងធំ ការចុះបញ្ជីនិងគ្រប់គ្រងផែនេសាទ បង្កើនចំនួននិងសមត្ថភាពមន្រ្តីអធិការកិច្ចជលផល ការកត់ត្រា ផលនេសាទតាមប្រព័ន្ធអេឡិចត្រូនិច។ ទន្ទឹមនឹងនេះ DG MARE ក៏បានកោតសរសើរកម្ពុជា ដែលបានរៀបចំផែនការនានាសម្រេចបានតាមការគ្រោងទុក និងស្នើសុំរាជរដ្ឋាភិបាលកម្ពុជាបន្តគាំទ្រ និងអនុវត្ត ផែនការទាំងនេះ៕

...


ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print