ភ្នំពេញ៖ ក្រោយពីគ្រងឈុតប្រណីតបុរាណមួយចំនួនធ្វើឲ្យអ្នកគាំទ្រព្រះនាងតូច នរោត្តម ជេនណាពេញចិត្តខ្លាំងនោះ ថ្មីៗនេះទ្រង់បានបញ្ចេញនូវសកម្មភាពការងារសិល្បៈមួយចំនួនបន្ថែមពិសេសការបញ្ចេញឈុតរ៉ូបដ៏ស្រស់ស្អាតថ្មី២ឈុតធ្វើឲ្យទស្សនិកជនកាន់តែទប់ចិត្តមិនសរសើរមិនបាន។
មហាជនពិតជាទប់ចិត្តមិនសរសើរមិនបានអំពីរូបឆោម លោមពណ៌ស្រស់សោភា របស់ព្រះនាងតូច នរោត្តម ជេនណា ថាពិតជាស្រស់ស្អាតរាល់ការគ្រងគ្រប់ទម្រង់នៃសម្លៀកបំពាក់មិនថាបុរាណនិងសម័យ ។ ប្រសិនបើគេក្រឡេកមើលពីការគ្រងរ៉ូបវិញនោះគឺពិតជាសាកសមខ្លាំងប្រៀបបានទៅនឹងមនុស្សពេញវ័យក្រមុំ។ ការបញ្ចេញឈុតរ៉ូបដែលត្រូវបានរចនាយ៉ាងល្អស្អាតប៉ុន្មានឈុតចុងក្រោយនេះក៏កាន់តែបង្ហាញពីភាពប្រណីតនៃការរៀបចំព្រះកាយសាកសមទៅនឹងសិល្បករអាជីប និងលេចធ្លោរនាពេលបច្ចុប្បន្ន។ ស្របពេលដែលការងារសិល្បៈរបស់ទ្រង់នៅតែបន្តមានជាហូរហែរទាំងការបញ្ចេញបទចម្រៀងថ្មីក្រោមចំណងជើងថា “ទោះក្រក៏មិនអស់សង្ឃឹម” និងការងារសិល្បៈមួយចំនួនទៀត។ ប៉ុន្មានសប្តាហ៍កន្លងទៅនេះទ្រង់បានបញ្ចេញព្រះឆាយាលក្ខណ៍ក្នុងទម្រង់បែបបុរាណប្រណីតដែលធ្វើឲ្យទស្សនិកជនជាច្រើនពេញចិត្តមិនតិចទេ ។ ស្រាប់តែមួយរយៈចុងក្រោយនេះទ្រង់ក៏បានបញ្ចេញឈុតរ៉ូបរាត្រីសមោស២ ដែលធ្វើឲ្យទស្សនិកជនចាប់ភ្លឹកគឺឈុតពណ៌ អមដោយការរៀបចំព្រះកាយបានយ៉ាងសមសួនស្អាតរកចំណុចទាស់គ្មាន ជាមួយព្រះភ័ក្រស្រស់ផូរផង់ញញឹមប្រឹមប្រិយ។ កាន់តែធ្វើឲ្យអ្នកគាំទ្រស្រលាញ់ពេញចិត្តពេញបេះដូងក្រោយពីទ្រង់បានបញ្ចេញឈុតរ៉ូបពណ៌ក្រហមស្រាល ។ ព្រះភ័ក្រស្រទន់ រំលេចដោយការតុបតែងសក់ផាត់មុខពីក្រុមអ្នកជំនាញកាន់តែលើកសម្រស់ទ្រង់ដែលមានពីធម្មជាតិឲ្យស្រស់ត្រដែតឡើង។ អ្នកគាំទ្រជាច្រើនបានកោតសរសើរទ្រង់ថា គ្រប់ទម្រង់នៃការរៀបចំព្រះកាយគឺត្រូវបានរៀបចំបានយ៉ាងល្អប្រណីត ថ្លៃថ្នូរ និងសាកសមទៅនឹងកិត្តិនាមល្បីសុះសាយរបស់ទ្រង់ផងដែរ។
គួរបញ្ជាក់ដែរថាព្រះនាងតូច នរោត្តម ចេនណា ប្រសូតនៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១១ ។ ទ្រង់គឺជាបុត្រីទីពីររបស់អ្នកអង្គម្ចាស់នរោត្តមបុប្ផារី និងជាព្រះរាជនត្តារបស់ សម្តេចព្រះមហិស្សរា នរោត្តមចក្រពង្ស។ ទ្រង់ចាប់ផ្តើមចេះច្រៀងតាំងពីវ័យ ត្រឹមតែ ៤វស្សា។ ចាប់តាំងពីពេលនោះមក ចេនណាក៏ចាប់ផ្តើមប្រឡូកចូលវិស័យសិល្បៈបន្តិចម្តងៗ ហើយរហូតមកដល់ពេលនេះទ្រង់អាចច្រៀងនិងរាំយ៉ាងស្ទាត់ជំនាញទៀតផង។ លើសពីសមត្ថភាពក្នុងវិស័យចម្រៀង ទ្រង់ក៏មានភាពប៉ិនប្រសប់ក្នុងការរាំជាមួយនឹងកាយវិការល្វតល្វន់ គួរឲ្យក្នាញ់និងគួរឲ្យស្រលាញ់ជាទីបំផុតទៀតផង រួមទាំងក្បាច់រាំសម័យផងដែរ។ ការបង្ហាញម៉ូតក៏កាន់តែធ្វើឲ្យមហាជនចាប់អារម្មណ៍ខ្លាំងលើទ្រង់ផងដែរ។
ព្រះនាងតូច ចេនណាក៏មានសមត្ថភាពអាចនិយាយបានរហូតដល់ទៅ ៥ ភាសាឯណោះពិសេសលើភាសាបារាំងដោយទ្រង់មានឪពុកជាជនជាតិបារាំង ស្រាប់ និងក្រៅពីខេមរៈភាសាដែលជាភាសាកំណើតទ្រង់ក៏អាចនិយាយនិងច្រៀងជាភាសាថៃ ភាសាចិន និង អង់គ្លេសបានយ៉ាងច្បាស់ផងដែរដែលនេះគឺជាទេពកោសល្យមួយដែលកម្រនឹងមានក្មេងណាម្នាក់អាចនឹងធ្វើបាន៕