ខេត្តបន្ទាយមានជ័យ÷ ពិតជាឈាមស្រែកស្បែកហៅមែន ឃាត កវ័យ៦៧ឆ្នាំម្នាក់ដែលបានធ្វើសកម្មភាពយកពូថៅកាប់សម្លាប់លោកយាយវ័យ៧៤ឆ្នាំដល់ក្នុងផ្ទះ រួចហើយរត់គេចខ្លួនបាន២ថ្ងៃ ដាច់បាយដាច់ទឹក ពេលដើរមករកបាយស៊ីនៅនឹងផ្ទះត្រូវសមត្ថកិច្ចឃាត់ខ្លួននៅវេលាម៉ោង៥និង១៦ល្ងាចថ្ងៃទី២៧ខែមិថុនា ឆ្នាំ២០២១ នៅនឹងផ្ទះជនដៃដល់តែម្តង ស្ថិតនៅភូមិឃូស្វាយ ឃុំ បុស្បូវ ស្រុកព្រះនេត្រព្រះ ។
លោកមាស ប្ញទ្ធី អធិការនគរបាល ស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា ក្រោយពីកើតមានអំពើឃាតកម្មយ៉ាងព្រៃផ្សៃ កាលពីវេលាម៉ោង១២និង០៥នាទីថ្ងៃត្រង់ថ្ងៃទី២៦ខែមិថុនា ឆ្នាំ២០២១ ទៅលើជនរងគ្រោះឈ្មោះសួ សួង ភេទស្រី អាយុ៧៤ឆ្នាំរស់នៅភូមិឃូស្វាយ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ រួចមក ជនសង្ស័យជាឃាត.ក បានរត់គេចខ្លួនបាត់។ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលពីលោក កើត សុវណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យកម្លាំងនគរបាលស្រុកព្រះនេត្រព្រះនិងកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ ចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវនិងពួនចាំឃ្លាំមើលនៅជិតផ្ទះជនល្មើស។ រហូតដល់វេលាម៉ោង០៥ល្ងាចថ្ងៃទី២៧ខែមិថុនា ឆ្នាំ២០២១ ជនដៃដល់ឈ្មោះ ចយ សឺន ភេទប្រុសអាយុ៦៧ឆ្នាំ បានដើរមកផ្ទះរបស់ខ្លួនវិញ នៅភូមិខាងលើ ដើម្បីរកបាយហូប ក៏ត្រូវកម្លាំងនគរបាលយើងដែលនៅឃ្លាំមើលទីនោះ ចាប់ឃាត់ខ្លួនភ្លាមៗ និងស្រាវជ្រាវរកឃើញពូថៅពុះអុសលាក់ទុកនៅនឹងផ្ទះជាវត្ថុតាង ដែលជនដៃដល់កាន់ទៅកាប់លើជនរងគ្រោះផងដែរ។
លោកអធិការបញ្ជាក់ថាករណីឃាតកម្មនេះកើតឡើងក៏ព្រោះតែជនដៃដល់ជាឃាត.ក មានទំនាស់ក្នុងរឿងព្រំដីជាប់គ្នា ជាមួយស្ត្រីរងគ្រោះ ។
បច្ចុប្បន្នជនសង្ស័យ ត្រូវកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ កំពុងរៀបចំសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕