ភ្នំពេញ៖ រថយន្តដឹកទំនិញធុន)ធំបានបុកនិងកិនម៉ូតូមួយគ្រឿងបណ្តាលឲ្យបុរសអ្នកបើកម៉ូតូរងរបួសបាក់ជើងម្ខាង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៩និង៣០ព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ លើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខព្រះសីហនុ 1D-5896 តាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុក៏ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយសណ្តោងកន្ទុយរុឺម៉កដឹកទំនិញធុនធំពណ៌សលាយខៀវ ពាក់ស្លាកលេខកំពង់ចាម3A-7969 បើកស្របទិសដៅគ្នា ហើយក៏បានប៉ះជាមួយម៉ូតូបណ្ដាលឲ្យបុរសអ្នកបើកម៉ូតូរងរបួសបាក់ជើងម្ខាង។
ក្រោយបង្កហេតុ រថយន្តបង្កបានបន្ថែមល្បឿនបើករត់គេចបានចម្ងាយប្រមាណ៥០០ម៉ែត្រ អ្នកបើកបររថយន្តបង្កបានបើកទ្វាររថយន្តឡើងជិះម៉ូតូឌុបគេចខ្លួនបាត់ស្រមោលបន្សល់ទុកព្រូឡាននៅកន្លែងកើតហេតុ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ខណ្ឌព្រែកព្នៅបានចុះមកវាស់វែង រួចបានទាក់ទងទៅរថយន្តសាមុយមកដឹកជនរងគ្រោះយកទៅព្យាបាលនៅមន្ទីរពេទ្យ។ ចំណែករថយន្តបង្កនិងម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ៖ ជ្រោយពេជ្រ