ខេត្តស្ទឹងត្រែង, នៅយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តស្ទឹងត្រែង ចេញសេចក្ដីសម្រេចស្ដីពីការបិទខ្ទប់បណ្ដោះអាសន្នភូមិសាស្ត្រភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ចាប់ពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ រហូតដល់មានការសម្រេចជាថ្មី។
ប្រការ ១.…ត្រូវបានបិទខ្ទប់ជាបណ្តោះអាសន្នភូមិសាស្ត្រ ភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ចាប់ពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២១ រហូតដល់មានការសម្រេចជាថ្មី។ ការបិទខ្ទប់មូលដ្ឋានភូមិសាស្ត្រ ភូមិច្រប់” ជាបណ្តោះអាសន្ននេះ មានគោលបំណងដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ធានាការពារបានអាយុជីវិតប្រជាជន សុខភាពសាធារណៈ និងសន្តិសុខ សុវត្ថិភាពសង្គម។
ប្រការ ២…ក្នុងអំឡុងពេលបិទខ្ទប់ជាបណ្តោះអាសន្នមូលដ្ឋានភូមិសាស្ត្រ ភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន អាជ្ញាធរ មូលដ្ឋានមានសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តស្ទឹងត្រែង ត្រូវ៖
– ចាត់តាំងឲ្យមានកងកម្លាំងមានសមត្ថកិច្ចក្នុងមូលដ្ឋាន និងផ្នែកពាក់ព័ន្ធហាមឃាត់ សកម្មភាពចេញ-ចូលក្នុងមូលដ្ឋានភូមិសាស្ត្រដែលបានកំណត់ខាងលើមិនឲ្យមាន
– ផ្អាកការធ្វើដំណើរចេញ-ចូលចំពោះទីតាំងផ្ទះ ទីតាំងអាជីវកម្ម និងទីតាំងផ្សេងៗទៀតដែលបាន រកឃើញមានករណ៏វិជ្ជមានជំងឺកូវីដ-១៩
– អ្នកដែលមានការប៉ះពាល់នឹងអ្នកវិជ្ជមានជំងឺកូវីដ-១៩ក្នុងផ្ទះ និងទីតាំងដែលមានករណីវិជ្ជមានជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី១៣ ខែមិថុនា ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ត្រូវធ្វើចត្តាឡីស័កនៅតាមលំនៅឋានរៀងៗខ្លួនឲ្យបានខ្ជាប់ខ្ជួន និងធ្វើតេស្តសំណាកវិភាគរកជំងឺកូវីដ-១៩
– បន្តស្រាវជ្រាវរកអ្នកដែលមានការពាក់ព័ន្ធផ្ទាល់ និងប្រយោលដើម្បីយកសំណាកវត្ថុវិភាគ និងធ្វើ ចត្តាឡីស័ក អនុលោមទៅតាមវិធានការសុខាភិបាល និងបទដ្ឋានបច្ចេកទេសសុខាភិបាល
– អនុវត្តវិធានការពិន័យអន្តរការណ៍តាមច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន ចំពោះបុគ្គលណា ដែលមិនគោរពដោយចេតនានូវវិធានការរដ្ឋបាល និងវិធានការសុខាភិបាលរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូរីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះ ថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដោយមិនទាន់គិតដល់បទល្មើសព្រហ្មទណ្ឌផ្សេងទៀត។
ប្រការ ៣…ក្នុងអំឡុងពេលបិទខ្ទប់ជាបណ្តោះអាសន្នមូលដ្ឋាន “ភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ត្រូវបាន លើកលែងករណីដូចខាងក្រោម៖
– ឲ្យធ្វើសកម្មភាពអាជីវកម្ម និងប្រកបមុខរបរជាធម្មតានៅក្នុងភូមិសាស្ត្របិទខ្ទប់ខាងលើ ចំពោះ តែទីតាំងផ្ទះ ទីតាំងអាជីវកម្ម និងទីតាំងផ្សេងៗទៀតដែលមិនមានការពាក់ព័ន្ធ និងប៉ះពាល់ ករណីវិជ្ជមានជំងឺកូវីដ-១៩ តាមការកំណត់របស់ផ្នែកជំនាញមានសមត្ថកិច្ច
– ការធ្វើដំណើរពីភូមិសាស្ត្រផ្សេងឆ្លងកាត់”ភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ទៅកាន់ភូមិសាស្ត ផ្សេងទៀតដែលមិនមែនជាទីតាំងភូមិសាស្ត្របិទខ្ទប់
– ការធ្វើដំណើរដោយមូលហេតុមានបញ្ហាសុខភាពបន្ទាន់ ឬ/និងមានការចាំបាច់ជាក់លាក់ក្នុងក្រុម គ្រួសារ ដែលមានលិខិតបញ្ជាក់ ឬ/និងអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច
– ការធ្វើដំណើររបស់មន្រ្តី បុគ្គលិកសុខាភិបាល ក្រុមអន្តរាគមន៍ពន្លត់អគ្គិភ័យ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធបំពេញបេសកកម្មការងារជូនអង្គភាពដែលមានឯកសារ និងលិខិតបញ្ជាក់
– ការធ្វើចរាចរណ៍របស់រថយន្តដឹកទំនិញ ដឹកស្បៀងអាហារ ដែលមានការបញ្ជាក់ពីគោលដៅចេញ ដំណើរ និងគោលដៅទៅដល់ច្បាស់លាស់
– ការធ្វើដំណើររបស់បុគ្គលិក កម្មករ និយោជិត ទៅបំពេញការងារក្នុងក្រុមហ៊ុន រោងចក្រ គ្រឹះស្ថាន សហគ្រាស ទីតាំងអាជីវកម្មដែលបាននិងកំពុងអនុញ្ញាតឲ្យបើកដំណើរការធម្មតា
– ការធ្វើដំណើរចាំបាច់ជាក់ស្តែងផ្សេងទៀតដែលមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។
ប្រការ ៤…បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។
ប្រការ ៥…នាយករដ្ឋបាលសាលាខេត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត មេបញ្ជាការនៃបញ្ជាការដ្ឋានតំបន់ ប្រតិបត្តិការសឹករងស្ទឹងត្រែង មេបញ្ជាការនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត អភិបាលនៃគណៈអភិបាល ស្រុកសេសាន ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ប្រធានមន្ទីរ -អង្គភាពក្នុងខេត្ត និងអ្នកពាក់ព័ន្ធ ត្រូវ ទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះឲ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕
ដោយ, សុខ ខេមរា