ម្ចាស់ជើងឯកពិភពលោកបារាំង និងជើងឯករងក្រូអាតធ្លាក់ត្រឹមវគ្គ១៦ក្រុម ក្នុងព្រឹត្តិការណ៍យូរ៉ូ

ចែករំលែក៖

ក្រុមម្ចាស់ជើងឯកពិភពលោក World Cup 2018 មាន់គកបារាំង និងម្ចាស់ជើងឯករងក្រូអាត បានធ្លាក់ទាំង២ក្រុមក្នុងការប្រកួតវគ្គជម្រុះ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍យូរ៉ូ២០២០កាលពីយប់មិញ ដែលធ្វើឲ្យអ្នកគាំទ្រ និងអ្នកទស្សនាស្ទើរមិនគួរឲ្យជឿ។ ក្រុមបារាំងចាញ់ក្រុមស្វ៊ីសក្នុងបាល់កាត់សេចក្តីប៉េណាល់ទី ក្រោយពីលទ្ធផលស្មើ៣ទល់៣ ខណៈដែលក្រូអាតចាញ់ក្រុមអេស្ប៉ាញ៥ទល់៣ ក្រោយពីលទ្ធផលស្មើដូចគ្នា ប៉ុន្តែក្រូអាតចាញ់អេស្ប៉ាញ២គ្រាប់ក្នុងម៉ោងបន្ថែម១៥នាទី។

យោងតាមលទ្ធផល និងការចេញផ្សាយរបស់ MARCA និង BBC Sport បានឲ្យដឹងនៅព្រឹកថ្ងៃទី២៩ មិថុនានេះថា ការប្រកួតរវាងក្រុមបារាំង និងស្វ៊ីសក្នុងតង់ទី១ ក្រុមស្វ៊ីសជាអ្នកមានឱកាសរកគ្រាប់បាល់បានមុន១គ្រាប់នៅនាទីទី១៥ ដោយកីឡាករ Seferović ធ្វើឲ្យចប់ការប្រកួតស្វ៊ីសនាំមុខ១ទល់០។

ចូលដល់ការប្រកួតតង់ទី២ ខ្សែប្រយុទ្ធឆ្នើមរបស់បារាំង Karim Benzemaរកបាន២គ្រាប់សងវិញនៅនាទីទី៥៧​ និងនាទីទី៥៩ ហើយនៅនាទីទី៧៥ ខ្សែបម្រើ Pogba រកបាន១គ្រាប់ទៀត ធ្វើឲ្យលទ្ធផលបារាំងនាំមុខវិញ៣ទល់១។ ប៉ុន្តែអ្វីៗមិនដូចការគិតនោះទេ ដោយកីឡាករ Seferovićនិងកីឡាករ Gavranović របស់ស្វ៊ីសរកបានម្នាក់មួយគ្រាប់សងវិញនៅនាទីទី៨១ និងនាទីទី៩០ ធ្វើឲ្យលទ្ធផលស្មើគ្នា៣ទល់៣។

លទ្ធផលនេះធ្វើឲ្យអាជ្ញាកណ្តាលសម្រេចបន្ថែមម៉ោង១៥នាទី២ដងដោយគ្មានក្រុមណាស៊ុតចូលក្រុមណាឡើយ។

ទើបអាជ្ញាកណ្តាលសម្រេចផ្តល់បាល់១១ម៉ែត្រ ដែលជាបាល់កាត់សេចក្តីរកចាញ់ឈ្នះ ហើយក្រុមស្វ៊ីសធ្វើបានល្អដោយ៥គ្រាប់សុទ្ធចូលទាំងអស់ ប៉ុន្តែក្រុមបារាំងធ្វើមិនបានល្អនៅគ្រាប់ទី៥ ដោយខ្សែប្រយុទ្ធវ័យក្មេង Mbappe ស៊ុតចំដៃអ្នកចាំទីស្វ៊ីសធ្វើឲ្យលទ្ធផលបាល់កាត់សេចក្តី៥ទល់៤។ បរាជជ័យនេះធ្វើឲ្យបារាំងបាត់បង់ក្តីសង្ឃឹមជាលើកទី២ កាលពីឆ្នាំ២០១៦ ក្នុងព្រឹត្តិការណ៍យូរ៉ូដែលធ្លាប់ចាញ់ព័រទុយហ្គាល់១ទល់០ វគ្គផ្តាច់ព្រ័ត្រក្នុងទឹកដីខ្លួនឯង។

ចំណែកក្រុមអតីតម្ចាស់ជើងឯករងពិភពលោកក្រូអាតបានចាញ់ក្រោមថ្វីជើងក្រុមអេស្ប៉ាញក្នុងលទ្ធផល៥ទល់៣។ ការប្រកួតក្នុងវគ្គទី១ ក្រូអាតមានសំណាងដោយកីឡាករ Pedri របស់អេស្ប៉ាញបានភ្លាត់ស្នៀតស៊ុតចូលទីខ្លួនឯងនៅនាទីទី២០ ហើយនៅនាទីទី៣៨ កីឡាករ Pablo Sarabiaរកបាន១គ្រាប់សងវិញធ្វើឲ្យចប់វគ្គទី១ លទ្ធផល១ទល់១។

ចូលដល់ការប្រកួតតង់ទី២ ក្រុមអេស្ប៉ាញបានព្យាយាមសម្រុកវិញម្តង ដោយមានឱកាសរកបាន២គ្រាប់ផ្ទួនៗនៅនាទីទី៥៧ និងនាទីទី៧៦ ដោយកីឡាករ Azpilicueta និងខ្សែប្រយុទ្ធ Ferran Torres ។ ប៉ុន្តែនៅជិតចប់ការប្រកួតតង់ទី២ កីឡាករ Oršić រកបាន១គ្រាប់នៅនាទីទី៨៥ និងនៅនាទីទី៩០+២ រកបាន១គ្រាប់ទៀតដោយកីឡាករ Pašalić ធ្វើឲ្យលទ្ធផល៣ទល់៣។

លទ្ធផលស្មើគ្នានេះធ្វើឲ្យអាជ្ញាកណ្តាលសម្រេចលេងក្នុងម៉ោងបន្ថែម១៥នាទី២ដង ហើយការប្រកួតនោះក្រុមអេស្ប៉ាញធ្វើបានល្អជាងក្រូអាត ដោយរកបាន២គ្រាប់បន្ថែមទៀត ក្នុងម៉ោងបន្ថែមនោះគឺនៅនាទីទី១០០ ដោយកីឡាករ Morata និងនៅនាទីទី១០៣ ដោយកីឡាករ Mikel Oyarzabal ។

ជ័យជម្នះនេះធ្វើឲ្យអេស្ប៉ាញឡើងទៅប៉ះក្រុមស្វ៊ីសនៅថ្ងៃទី២ ខែកក្កដាខាងមុខវេលាម៉ោង១១យប់ម៉ោងនៅកម្ពុជា ក្នុងការប្រកួតវគ្គ៨ក្រុមចុងក្រោយបន្តទៀត។ សម្រាប់ការប្រកួតនៅរាត្រីនេះគឺក្រុមខ្លាំងអង់គ្លេសប៉ះក្រុមខ្លាំងអាល្លឺម៉ង់ វេលាម៉ោង១១យប់ ខណៈក្រុមស៊ុយអែតប៉ះក្រុមអ៊ុយក្រែនវេលាម៉ោង២រំលងអធ្រាត្រ ដើម្បីស្វែង២ក្រុមដែលឈ្នះប៉ះគ្នា នៅវគ្គ៨ក្រុមបន្តទៀត ៕

    

...

ដោយ៖ ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print