កិច្ចប្រជុំ​បូកសរុបលទ្ធផល​ការងាររយៈពេល ១ឆ្នាំ ១ខែ និងការប្រកាសបិទយុទ្ធនាការ​ដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត និងរបាយការណ៍បូកសរុបលទ្ធផលរយៈពេល៣៩៥ថ្ងៃ

ចែករំលែក៖

ភ្នំពេញ, សេចក្តីប្រកាសព័ត៌មាន​ស្តីពី​កិច្ចប្រជុំ​បូកសរុបលទ្ធផល​ការងាររយៈពេល ១ឆ្នាំ ១ខែ និងការប្រកាសបិទយុទ្ធនាការ​ដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត និងរបាយការណ៍បូកសរុបលទ្ធផលរយៈពេល៣៩៥ថ្ងៃ នៃការអនុវត្តយុទ្ធនាការដោះស្រាយ​ការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត (ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១។ 

កិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល ១ឆាំ្ន ១ខែ និងការប្រកាសបិទយុទ្ធនាការ ដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី – ខេត្ត។ 

ក្រសួងយុត្តិធម៌ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនទាំងអស់ ឱ្យបានជ្រាបថា៖ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ គណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត (គ.យ.ក.ស.) បានបើកកិច្ចប្រជុំតាមប្រព័ន្ធអេឡិចត្រូនិច (Zoom) ក្រោមអធិបតីភាពលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជា ប្រធាន គ.យ.ក.ស. ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងយុត្តិធម៌, ប្រធានសាលាដំបូង, ព្រះរាជអាជ្ញាអមសាលាដំបូង និងប្រធានលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងទាំងអស់ ដើម្បីបូកសរុបលទ្ធផលការងាររយៈពេល ១ឆ្នាំ ១ខែ និង ប្រកាសបិទយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត។

នៅក្នុងរយៈពេល ១ឆ្នាំ ១ខែ គិតពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ដែលជាថ្ងៃនៃការប្រកាសបើកយុទ្ធនាការដោះ ស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត រហូតដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១តាមរយៈយុទ្ធនាការ នេះ សាលាដំបូងរាជធានី ខេត្តទូទាំងប្រទេសបានដោះស្រាយសំណុំរឿងព្រហ្មទណ្ឌដែលកកស្ទះទាំងដំណាក់កាលអយ្យការ ទាំងដំណាក់កាលស៊ើបសួរ និងទាំងដំណាក់កាលជំនុំជម្រះ មានចំនួនសរុបជាង ៣៧.៩០០ រឿង ស្មើនឹង ៩៦ % នៃសំណុំរឿង ព្រហ្មទណ្ឌដែលកកស្ទះសរុបជាង ៣៩.៥០០ រឿង (សំណុំរឿងដែលត្រូវបានជំនុំជម្រះរួចមានចំនួនជាង ១២.៦០០ រឿង ស្មើនឹង ៩៧ % នៃចំនួនសំណុំរឿងសរុបជាង ១៣.០០០ រឿង ក្នុងដំណាក់កាលជំនុំជម្រះ)។ បន្ថែមពីនេះ សាលាដំបូង រាជធានី ខេត្តទូទាំងប្រទេស ក៏បានដោះស្រាយសំណុំរឿងព្រហ្មទណ្ឌដែលចូលថ្មី បានចំនួនជាង ៦២.៨០០ រឿង ស្មើនឹងជាង ៧៨ % នៃចំនួនសំណុំរឿងចូលថ្មីសរុបជាង ៨០.៤០០ រឿង។ ផ្អែកលើលទ្ធផលដែលសម្រេចបាននេះ ជាមួយនឹងការខិតខំ ប្រឹងប្រែងរបស់សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត ប្រកបដោយឆន្ទៈ និងការទទួលខុសត្រូវខ្ពស់ និងដោយមានការគាំទ្រពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ បើទោះបីជាកម្ពុជាបាននិងកំពុងស្ថិតក្នុងកាលៈទេសៈដ៏លំបាកន ការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងព្រឹត្តិការណ៍ “សហគមន៍ ២០ កុម្ភៈ ២០២១” ក៏ដោយ ក៏ សាលាដំបូងរាជធានី ខេត្តចំនួន ២២ ក្នុងចំណោមសាលាដំបូងសរុបទាំងអស់ចំនួន ២៤ បានប្រកាសជាបន្តបន្ទាប់នូវ ជោគជ័យរបស់ខ្លួនក្នុងការអនុវត្តយុទ្ធនាការ។ ទន្ទឹមនេះ សាលាដំបូងចំនួន២ទៀត គឺសាលាដំបូងរាជធានីភ្នំពេញ និង សាលាដំបូងខេត្តព្រះសីហនុ ដែលជាសាលាដំបូងមានសំណុំរឿងច្រើនជាងគេ និងមានទីតាំងស្ថិតនៅក្នុងតំបន់បិទខ្ទប់ ដោយសារផលប៉ះពាល់នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩. មិនទាន់អាចសម្រេចគោលដៅ និងប្រកាសអំពីជោគជ័យនៃការ អនុវត្តយុទ្ធនាការនេះនៅឡើយទេ។ យោងតាមផែនការការងារ និងថវិការយៈពេល១ឆ្នាំ សម្រាប់អនុវត្តយុទ្ធនាការនេះ និងបន្ទាប់ពីបានប្រជុំពិភាក្សាជាមួយសាលាដំបូងនៅទូទាំងប្រទេសរួចមក ក្រសួងយុត្តិធម៌សម្រេចប្រកាសបិទបញ្ចប់ យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត និងរំសាយគណៈកម្មការដឹកនាំយុទ្ធនាការ ដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត (គ.យ.ក.ស.) ដើម្បីបង្កលក្ខណៈឱ្យក្រុមការងារ យុទ្ធនាការដែលបានចុះធ្វើការងារជាប់ជាប្រចាំជាមួយសាលាដំបូងកន្លងមក អាចប្រមូលផ្តុំការយកចិត្តទុកដាក់លើការងារ អាទិភាពផ្សេងទៀតរបស់ក្រសួងយុត្តិធម៌។ ជាមួយគ្នានេះ គ.យ.ក.ស ក៏មានសង្ឃឹមជឿជាក់ថា សាលាដំបូងរាជធានី ភ្នំពេញ និងសាលាដំបូងខេត្តព្រះសីហនុ នឹងបន្តខិតខំដោះស្រាយសំណុំរឿងនៅក្នុងសមត្ថកិច្ចរបស់ខ្លួនឱ្យបានច្រើនទៀត ស្របតាមគោលការណ៍អនុវត្តដែលមាននៅក្នុងយុទ្ធនាការកន្លងមក ហើយឈានទៅប្រកាសជោគជ័យនាពេលដ៏ខ្លី ខាងមុខនេះ។ របាយការណ៍ស្តីពីការបូកសរុបលទ្ធផលនៃការអនុវត្តយុទ្ធនាការរយៈពេល ១ឆ្នាំ ១ខែ មានភ្ជាប់ជាឧបសម្ព័ន្ធ នៃសេចក្ដីប្រកាសព័ត៌មាននេះ។

ជាមួយនឹងលទ្ធផលល្អប្រសើរដូចការរំពឹងទុក និងជាទីមោទក យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅ តាមសាលាដំបូងរាជធានី ខេត្ត មិនត្រឹមតែអាចជួយដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត និងចូលរួមចំណែកក្នុងការដោះស្រាយភាពចង្អៀតណែននៅតាមពន្ធនាគារបានយ៉ាងច្រើនប៉ុណ្ណោះទេ ប៉ុន្តែយុទ្ធនាការនេះ ក៏បានជួយលើកកម្ពស់សមត្ថភាពស្ថាប័នតុលាការ ក្នុងការផ្តល់សេវាយុត្តិធម៌ជូនដល់ប្រជាពលរដ្ឋផងដែរ ដោយក្នុងរយៈពេល អនុវត្តយុទ្ធនាការនេះ ចំណាត់ការសំណុំរឿងក្ដីព្រហ្មទណ្ឌនៅគ្រប់ដំណាក់កាលនៅតាមសាលាដំបូង និងអយ្យការអម សាលាដំបូងរាជធានី

ខេត្ត ទទួលបានលទ្ធផលខ្ពស់ជាង ២ដង បើធៀបនឹងឆ្នាំ២០១៨ និងឆ្នាំ២០១៩ កន្លងទៅ។ ផ្តើមចេញពីបទពិសោធន៍ល្អនៃការអនុវត្តយុទ្ធនាការនេះ ក្រសួងយុត្តិធម៌មានក្តីសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា បើទោះបីជាយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងត្រូវបានបិទបញ្ចប់នាពេលនេះក្ដី ក៏សាលាដំបូង និងអយ្យការ អមសាលាដំបូងរាជធានី រខេត្តទាំងអស់នឹងនៅតែបន្តយកចិត្តទុកដាក់ និងខិតខំពន្លឿនការដោះស្រាយសំណុំរឿងនៅតាម អង្គភាពរបស់ខ្លួនឱ្យបានឆាប់រហ័ស ត្រឹមត្រូវ និងប្រកបដោយគុណភាព ដោយមិនឱ្យមានការកកស្ទះសំណុំរឿងនៅ ក្នុងអង្គភាពរបស់ខ្លួនឡើយ។

ទន្ទឹមនឹងការប្រកាសបិទយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត ជាមួយ នឹងការអបអរសាទរចំពោះសាលាដំបូង និងអយ្យការអមសាលាដំបូងទាំងអស់ ដែលបានអនុវត្តដោយជោគជ័យនូវយុទ្ធនាការ នាពេលនេះ, ជាថ្មីម្ដងទៀត គ.យ.ក.ស. ក៏សូមឆ្លៀតឱកាសនៃកិច្ចប្រជុំនេះសម្តែងការកោតសរសើរ, វាយតម្លៃខ្ពស់ និងអគុណ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា មន្ត្រីរាជការនៃអង្គភាពរដ្ឋបាលនៃសាលាដំបូង និងអយ្យការអមសាលាដំបូងទាំងអស់ ព្រមទាំងក្រុមការងារនៃ គ.យ.ក.ស. និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានគាំទ្រ ក៏ដូចជាបានចូលរួមយ៉ាងសកម្មប្រកបដោយឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់ ដែលនេះគឺជាចលករដ៏សំខាន់មួយក្នុងការ ជំរុញការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត ឱ្យសម្រេចបាននូវសមិទ្ធផល មួយល្អប្រសើរគួរជាទីមោទក តាមគោលដៅដែលបានគ្រោងទុក និងដោយធានាបាននូវការអនុវត្តយ៉ាងត្រឹមត្រូវនូវអភិក្រម ការងារក្នុងយុទ្ធនាការគឺ “លឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ» ដើម្បីឈានទៅសម្រេចគោលដៅចុងក្រោយ គឺការបមើ នូវសេវាយុត្តិធម៌មួយដ៏ល្អប្រសើរជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាលើកកម្ពស់នូវទំនុកចិត្តពីប្រជាពលរដ្ឋលើវិស័យយុត្តិធម៌ ផងដែរ។

សេចក្តីដូចបានជម្រាបជូនខាងលើនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕

ដោយ, សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print