ភ្នំពេញ៖ មកដល់រសៀលថ្ងៃទី២៩ មិថុនា បងប្អូនអាជីវករផ្សារបឹងកេងកង និងប្រជា ពលរដ្ឋនៅជុំវិញផ្សារ បឹងកេងកងចំនួនជិត២៧០នាក់ហើយ ពិនិត្យឃើញថា មានវិជ្ជមានកូវីដ-១៩ ហើយករណីនេះអាជ្ញាធរ រាជធានីបាននិងកំពុងយកចិត្តទុកដាក់ណាស់ ដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាល។
នេះបើតាមការបញ្ជាក់របស់ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងកិច្ចប្រជុំជាមួយអាជ្ញាធរខណ្ឌទាំង១៤នៅរសៀល ថ្វៃទី២៩មិថុនា ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ គិតមកដល់រសៀលថ្ងៃទី២៩មិថុនានេះ បងប្អូនអាជីវករនៅផ្សារបឹងកេងកងចំនួន២៦៧នាក់ហើយ ដែលក្រុមគ្រូពេទ្យបញ្ជាក់ថា ពួកគាត់មានវិជ្ជមានកូវីដ-១៩។ វាពិតជាឆ្លងរាលដាលលឿនពេកហើយ លោកបានអោយវិទ្យាដ្ឋានសុខភាពសាធារណៈNIPH យកទៅ ពិនិត្យមើល ព្រោះវាលឿនពេក ។ ចាប់ពីថ្ងៃ២៥ មិថុនា រហូតមកដល់ពេលនេះមានចំនួន២៦៧នាក់ទៅហើយ ហើយប្រធានផ្សារក៏កើតជម្ងឺកូវិដ-១៩នេះដែរ ចាក់វ៉ាក់សាំង ២ដងហើយរត់ចុះរត់ឡើង ហត់ខុសធម្មតា ទៅពិនិត្យយកសំណាក មានវិជ្ជមានកូវីដ-១៩ បាត់។
លោក ឃួង ស្រេង បានមានប្រសាសន៍បន្តទៀតថា អាជ្ញាធរខណ្ឌយើង ប្រៀបធៀបដូចជាមេមាន់ដែលត្រូវ ក្រុង មើលខុសត្រូវកូនចៅ យើងប្រើ ប្រើហើយ តែត្រូវចេះការពារពួកគាត់កុំអោយឆ្លងកូវីដ-១៩នេះ។ បើយើងឆ្លងបានអីទៅបំរើប្រជាពលរដ្ឋទៀតនោះ ដូច្នេះ មន្ត្រីរបស់យើងត្រូវតែប្រុង ប្រយ័ត្នអោយបានគ្រប់គ្នា។
លោកបន្តទៀតថា ចំពោះប្រធានផ្សារទាំងអស់នៅក្នុងរាជធានីភ្នំពេញ អភិបាលខណ្ឌទាំងអស់ត្រូវពង្រឹង នៃការទប់ស្កាត់កូវីដ-១៩ នៅតាមទីផ្សារនេះ អោយបានខ្លាំងជាមុនទ្វេដង សំដៅធ្វើយ៉ាងណាកុំអោយផ្សាររបស់យើងវិលទៅរកការបិទដូចមុនម្តងទៀត៕.
សំរិត