ភ្នំពេញ ៖ ជនជាប់ចោទ សុខ ប៊ុន ដែលបានប្រើអំពើហិង្សាវាយទាត់ធាក់ បោចសក់ អូសសម្រាតកញ្ញា ឯក សុជាតា ហៅសាសា និងបញ្ជាឱ្យអង្គរក្ស បាញ់សម្លាប់នាងត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលោក លាង សំណាត់ សម្រេចឃុំខ្លួនបណ្ដោះ អាសន្នដាក់ពន្ធនាគារព្រៃសកាលពី រសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥ ។
ជនជាប់ចោទ សុខ ប៊ុន ត្រូវបាន សមត្ថកិច្ចនាំខ្លួនពីប្រទេសសិង្ហបុរីតាម ជើងយន្ដហោះរបស់ក្រុមហ៊ុនអាកាស ចរ Silk Air មកដល់កម្ពុជាវេលានៅ ម៉ោង៨និង៤៥នាទីព្រឹកថ្ងៃទី១៨ ខែកក្កដា ហើយនៅវេលាម៉ោង៩និង១៥នាទីព្រឹក ជនជាប់ចោទត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់សាលា
ដំបូងរាជធានីភ្នំពេញ ស្ថិតក្រោមការសាកសួរពីលោក លាង សំណាត់ ចៅក្រមស៊ើបសួរសាលាដំបូង រាជធានីភ្នំពេញ បន្ទាប់ពីលោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញបានចោទប្រកាន់ពីបទ “ហិង្សាដោយចេតនាមានស្ថានទម្ងន់ ទោស” ប្រព្រឹត្ដនៅចំណុចក្លិបកម្សាន្ដ យីហោឡាហ្គេនបា ស្ថិតនៅក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន កាលពីថ្ងៃ ទី២ ខែកក្កដា ឆ្នាំ២០១៥ តាមបញ្ញត្ដិ មាត្រា២១៨នៃក្រមព្រហ្មទណ្ឌ ។
បើតាមការអះអាងពីក្រុមគ្រួសារ ជនជាប់ចោទសុខ ប៊ុន បានប្រាប់កាសែត ក្នុងស្រុកថា សុខ ប៊ុន នឹងចូលខ្លួនមក តុលាការនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០១៥ ពីទីក្រុងប៉ារីស ប្រទេសបារាំង ប៉ុន្ដែសុខ ប៊ុន ត្រូវបានសមត្ថកិច្ចចាប់ ខ្លួននៅប្រទេសសិង្ហបុរី ។
បញ្ហានេះហើយ ដែលគេបានចាត់ទុកក្រុមគ្រួសាររបស់ជនជាប់ចោទ សុខ ប៊ុន មានចេតនា ភូតកុហកសមត្ថកិច្ចនិងតុលាការម្ដង ហើយម្ដងទៀត ដូចអ្វីដែលជនជាប់ចោទ សុខ ប៊ុន ធ្លាប់ធ្វើសេចក្ដីបំភ្លឺជូនសាធា រណជនកន្លងមកនោះដែរ ។
គួររំលឹកថា ជនជាប់ចោទ សុខ ប៊ុន ដែលជាអ្នកមានទ្រព្យសម្បត្ដិស្ដុកស្ដម្ភ បានរងនូវការរិះគន់យ៉ាងខ្លាំងពីមជ្ឈដ្ឋាន ប្រជាពលរដ្ឋ សមត្ថកិច្ច មន្ដ្រីរាជការ ហើយសម្ដេចតេជោនាយករដ្ឋមន្ដ្រីក៏ បានចាត់ទុកថា សកម្មភាពរបស់សុខ ប៊ុន វាយមកលើកញ្ញាសាសា គឺជាអំពើ ដ៏ឃោឃៅដែលមិនអាចឱ្យជនរងគ្រោះ ទទួលយកបាន ។
ក្នុងនោះសម្ដេចតេជោ ថែមទាំងតម្រូវឱ្យជនបង្ករូបនេះចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់ ដោយ មិនយកប្រាក់មកដោះស្រាយ ហើយជន បង្កត្រូវបានរំលត់បណ្ដឹងអាជ្ញានោះឡើយ។
ចំពោះសកម្មភាពវាយទាត់ធាក់ បោចសក់ អូសសម្រាតកញ្ញាសាសា បង្កឡើងដោយសុខ ប៊ុន ក៏មានអង្គរក្ស ចំនួន២នាក់ទៀតត្រូវបានតំណាងអយ្យ ការចោទប្រកាន់ចំនួន២បទល្មើស គឺបទ “ប្រើប្រាស់អាវុធខុសច្បាប់” និងបទ “ប៉ុន ប៉ងឃាតកម្ម” ។
ប៉ុន្ដែជនជាប់ចោទជា អង្គរក្សកំពុងគេចខ្លួន ឬសំងំលាក់ខ្លួន កន្លែងណា ដូចអ្វីដែលជនបង្កសុខ ប៊ុន ធ្លាប់គេចខ្លួន ហើយព្យាយាមភូតកុហក សមត្ថកិច្ច តុលាការ មហាជនជាដើម។
ប្រជាពលរដ្ឋក៏ដូចជាជនរងគ្រោះពិត ជាគាំទ្រចំពោះចំណាត់ការរបស់សមត្ថកិច្ច និងស្ថាប័នតុលាការដែលបានដំណើរ ការនីតិវិធីឈានដល់ការឃាត់ខ្លួនជន បង្កហេតុដាក់ពន្ធនាគារបណ្ដោះអាសន្ន ហើយក៏គាំទ្រចំពោះការអំពាវនាវរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រីដែលតម្រូវ ឱ្យជនប្រព្រឹត្ដបទល្មើសចូលខ្លួនមកដោះ ស្រាយតាមច្បាប់ ។ ចាន់ ធឿន