ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ ថ្ងៃបង្កើតរដ្ឋបាលគយកម្ពុជា (២៩ មិថុនា ១៩៥១-២៩ មិថុនា ២០២១)

ចែករំលែក៖

ភ្នំពេញ, នាថ្ងៃអង្គារ ០៥រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ៤ រសៀល អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ ថ្ងៃបង្កើតរដ្ឋបាលគយកម្ពុជា (២៩ មិថុនា ១៩៥១-២៩ មិថុនា ២០២១) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅទីចាត់ការកណ្តាល និងនៅគ្រប់អង្គភាពគយនិងរដ្ឋាករទូទាំងប្រទេស តាមរយៈប្រព័ន្ធវីដេអូ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីគយនិងរដ្ឋាករមួយចំនួន ស្របតាមវិធានសុខាភិបាល បទបញ្ជានិងវិធានការនានារបស់រាជរដ្ឋាភិបាល ជាពិសេស “៣ កុំ ៣ ការពារ”។  ពិធីនេះរៀបចំឡើងក៏ដើម្បី រំឭកនូវគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ “ព្រះបរមរតនកោដ្ឋ” ដែលព្រះអង្គបានបង្កើតរដ្ឋបាលគយកម្ពុជា បំបែកចេញពីសហភាពគយឥណ្ឌូចិនក្នុងសម័យអាណានិគមបារាំង តាមព្រះរាជក្រមលេខ ៦៦១ នស ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ១៩៥១ កាលពី៧០ ឆ្នាំមុន។

នាឱកាសនោះ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានលើកឡើងនូវសមិទ្ធផលសំខាន់ៗដែលអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សម្រេចបាននាពេលថ្មីៗនេះ តាមរយៈការដាក់ចេញនិងការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃយុទ្ធសាស្ត្រកំណែទម្រង់និងទំនើបកម្មគយ, យុទ្ធសាស្រ្តអនុលោមភាពនិងការអនុវត្តច្បាប់, យុទ្ធសាស្រ្តបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន, ផែនការសកម្មភាពប្រចាំឆ្នាំ និងការកែលម្អលិខិតបទដ្ឋានគតិយុត្តិ ស្របតាមការវិវត្តនៃនយោបាយ សេដ្ឋកិច្ច សង្គម ប្រព័ន្ធបច្ចេកវិទ្យា បរិយាកាសធុរកិច្ច និងការអនុវត្តល្អជាអន្តរជាតិ។ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ ក៏បានរំឭកនូវគុណបំណាច់របស់មន្ត្រីគយជំនាន់មុនៗ ដែលបានបន្សល់ទុកនូវកេរ្តិ៍ដំណែលដ៏ថ្លៃថ្លា ជាដើមទុនសម្រាប់រដ្ឋបាលគយកម្ពុជា ក្នុងការអភិវឌ្ឍនខ្លួនបានរីកចំរើនដូចពេលបច្ចុប្បន្ននេះ។

ថ្វីដ្បឹតមិនបានអញ្ជើញចូលរួមដោយផ្ទាល់ ដោយសារស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏បានសម្តែងនូវអំណរសាទរយ៉ាងកក់ក្តៅ តាមរយៈសារលិខិតជូនពរដល់មន្ត្រីគយនិងរដ្ឋាករទាំងអស់ ប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅ។ ក្រៅពីការរំឭកនិងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ចំពោះព្រះរាជបូជនិយកិច្ចដ៏ឧត្ដុង្គឧត្ដមរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ “ព្រះបរមរតនកោដ្ឋ”ក្នុងការទាមទារឯករាជ្យជូនជាតិ និងបង្កើតរដ្ឋបាលគយកម្ពុជាកាលពី៧០ឆ្នាំមុន សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្នុងការអនុវត្តតួនាទី និងភារកិច្ច របស់ខ្លួនប្រកបដោយប្រសិទ្ធភាព លើការកៀរគរចំណូល និងការកែលម្អបរិយាកាសធុរកិច្ចប្រកបដោយសមធម៌ ព្រមទាំងយកចិត្តទុកដាក់អនុវត្តគោលនយោបាយនិងយុទ្ធសាស្រ្តនានារបស់រាជរដ្ឋាភិបាល រហូតសម្រេចបាននូវផ្លែផ្កាល្អប្រសើរជាបន្តបន្ទាប់។ ទន្ទឹមនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវអំណរគុណចំពោះទឹកចិត្តសប្បុរសរបស់មន្ត្រីគយនិងរដ្ឋាករគ្រប់រូប ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការគាំទ្រសកម្មភាពប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងការទិញវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ព្រមទាំងសកម្មភាពមនុស្សធម៌នានា នាពេលកន្លងមក។ ជាមួយនឹងការគាំទ្រយ៉ាងពេញទំហឹង សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាពិសេសអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ឱ្យបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការបំពេញបេសកកម្មរបស់ខ្លួនឱ្យទទួលបានជោគជ័យថ្មីៗ ក្នុងការប្រមូលចំណូលជូនរដ្ឋ ការលើកកម្ពស់ភាពប្រកួតប្រជែងកម្ពុជា និងការធានាបាននូវកិច្ចសម្រួលពាណិជ្ជកម្ម ជាពិសេសនៅក្នុងកាលៈទេសៈដ៏លំបាកនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩នេះ។

ជាមួយគ្នានេះដែរ លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយកររដ្ឋមន្ត្រី បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងនិងស្មារតីលះបង់របស់មន្ត្រីគយនិងរដ្ឋាករគ្រប់ជាន់ថ្នាក់ លើគ្រប់ការដ្ឋានការងារ ដូចជាកិច្ចសម្រួលពាណិជ្ជកម្ម, ការធ្វើទំនើបកម្មនិងសាមញ្ញកម្មនីតិវិធីគយតាមរយៈប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន, ការបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធ និងការងារប្រមូលចំណូល ដែលទាំងអស់នេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ លើកកម្ពស់ឧត្តមភាពប្រកួតប្រជែង និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាទៅក្នុងតំបន់ និងពិភពលោក។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានគូសរំលេចផងដែរនូវសូចនាករកំណើនសេដ្ឋកិច្ចដ៏ល្អប្រសើររបស់កម្ពុជា ក្នុងអំឡុងប៉ុន្មានទសវត្សចុងក្រោយនេះ

ដែលឆ្លុះបញ្ចាំងភាពជោគជ័យនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ក្នុងបរិបទស្ថេរភាពនយោបាយ សុខសន្តិភាពពេញលេញ ដែលជាលទ្ធផលនៃគោលនយោបាយ “ឈ្នះ-ឈ្នះ” របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី។

ជាកាយវិការឆ្លើយតប ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧០ ថ្ងៃបង្កើតរដ្ឋបាលគយកម្ពុជា ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងមន្ត្រីក្រោមឱវាទ បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្រនិងមគ្គុទេសក៍ចង្អុលបង្ហាញផ្លូវដ៏ភ្លឺស្វាងពីសំណាក់ថ្នាក់ដឹកនាំ ព្រមទាំងប្តេជ្ញាអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវអភិក្រមទាំងប្រាំប្រការរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី គឺ “ឆ្លុះកញ្ចក់  ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” និងពង្រឹងការអភិវឌ្ឍសមត្ថភាព ពង្រឹងភក្តីភាព និងអភិបាលកិច្ចល្អ ដើម្បីបុព្វហេតុសេដ្ឋកិច្ច និងសង្គមជាតិកម្ពុជា៕

ដោយ, សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print