តោកំណាចអង់គ្លេសឡើងវគ្គ៨ក្រុមក្រោយឈ្នះអាល្លឺម៉ង់២ទល់០ ខណៈអ៊ុយក្រែនមានសំណាងក្នុងម៉ោងបន្ថែម

ចែករំលែក៖

អង់គ្លេសបានយកឈ្នះអាល្លឺម៉ង់នៅក្នុងការប្រកួតប្រជែងមួយនៅឯកីឡដ្ឋាន Wembley ជាលើកដំបូងចាប់តាំងពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំ១៩៦៦ ក្នុងការប្រកួតវគ្គជម្រុះយូរ៉ូ២០២០កាលពីរាត្រីថ្ងៃទី២៩ មិថុនាម្សិលមិញនេះ។

សារព័ត៌មាន BBC Sport បានផ្សាយថា ក្រោយឈ្នះអាល្លឺម៉ង់ក្នុងវគ្គ១៦ក្រុម ធ្វើឲ្យអង់គ្លេសក្លាយជាក្រុមទី២ក្នុងប្រវត្តិសាស្ត្រអឺរ៉ុបមិនទាន់ចាញ់ក្នុង៤ប្រកួតដំបូងនៃការប្រកួតបន្ទាប់ពីប្រទេសអាល្លឺម៉ង់ក្នុងឆ្នាំ២០១៦។

២គ្រាប់របស់ក្រុមអង់គ្លេសរកបានដោយកីឡាករ Sterling ខ្សែប្រយុទ្ធមកពីក្លិប Man City នៅនាទីទី៧៥ និង១គ្រាប់ទៀតនៅនាទីទី៨៦ ដោយកីឡាករ Harry Kane ខ្សែប្រយុទ្ធមកពីក្លិប Tottenham ។ ជ័យជម្នះនេះធ្វើឲ្យក្រុមអង់គ្លេសមានឱកាសឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយនៃព្រឹត្តិការណ៍យូរ៉ូឆ្នាំនេះ។

ចំណែកក្រុមជម្រើសជាតិអ៊ុយក្រែនមានសំណាងខ្លាំងដោយបានយកឈ្នះក្រុមជម្រើសជាតិស៊ុយអែតក្នុងលទ្ធផល២ទល់១ ក្នុងម៉ោងបន្ថែម។ ការប្រកួតក្នុងតង់ទី១ ក្រុមទាំង២ទទួលបានលទ្ធផលស្មើគ្នា១ទល់១ ដោយក្រុមអ៊ុយក្រែនជាអ្នករកគ្រាប់បាល់នាំមុខ ដោយកីឡាករ Zinchenko នៅនាទីទី២៧ ប៉ុន្តែត្រូវក្រុមស៊ុយអែតរកតាមស្មើវិញនៅនាទីទី៤៣ ដោយកីឡាករ Forsberg នៅនាទីទី៤៣ ហើយលទ្ធផលនេះបន្តរហូតដល់ចប់ការប្រកួត។

ក្រោយពីលទ្ធផល១ទល់១ អាជ្ញាកណ្តាលឲ្យបានផ្តល់ការកាត់សេចក្តីដោយបន្តបន្ថែម១៥នាទីចំនួន២ដង។ ការប្រកួតក្នុងម៉ោងបន្ថែមនោះ ធ្វើឲ្យក្រុមអ៊ុយក្រែនមានឱកាសរកគ្រាប់បាល់១គ្រាប់នាំមុខនៅនាទីទី១២០+១ ដោយកីឡាករ Dovbyk ដែលជាគ្រាប់បាល់ជ័យជម្នះលើក្រុមស៊ុយអែត។ ជ័យជម្នះនេះធ្វើឲ្យក្រុមអ៊ុយក្រែនឡើងទៅជួបអង់គ្លេសក្នុងវគ្គ៨ក្រុមចុងក្រោយនៅថ្ងៃទី៤ ខែកក្កដាខាងមុខនេះ។

សូមបញ្ជាក់ថា ការប្រកួតវគ្គ១៦ក្រុមចុងក្រោយពានរង្វាន់ទ្វីបអឺរ៉ុប(យូរ៉ូ) បានបញ្ចប់ហើយ ដោយរកឃើញ៨ក្រុមចុងក្រោយនឹងត្រូវប្រកួតនៅថ្ងៃបន្តបន្ទាប់ទៀត។ ក្នុងនោះក្រុម បែលហ្ស៊ិកត្រូវប៉ះអុីតាលីនៅថ្ងៃទី២ កក្កដា, ស្វ៊ីសត្រូវប៉ះអេស្ប៉ាញនៅថ្ងៃទី២ កក្កដាដែរ ខណៈសាធារណរដ្ឋឆេកប៉ះដាណឺម៉ាក និងអង់គ្លេសប៉ះអ៊ុយក្រែននៅថ្ងៃទី៣ កក្កដាខាងមុខ ៕ដោយ ៖ ភារៈ

...

     

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print