ខេត្តកំពង់ស្ពឺ, មកដល់ថ្ងៃនេះសត្វព្រៃត្រូវបានសម្លាប់ដោយមនុស្ស បរបាញ់ ដាក់អន្ទាក់ យ៉ាងច្រើនយកទៅធ្វើជាអាហារ សុទ្ធតែជាបទល្មើសឧក្រិដ្ឋ , ហើយខាងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានឱ្យដឹងថា, មានសត្វខ្ទីងញីពេញវ័យមួយក្បាល ស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានស្លាប់ដោយសារជាប់អន្ទាក់យូរពេក បើទោះបីក្រុមអភិរក្សខិតខំជួយសង្រ្គោះយ៉ាងណាក្តី។
កន្លងទៅសត្វប្រភេទនេះជាប់អន្ទាក់ព្រាន រហូតដល់ឈ ហៀរទឹកភ្នែកកណ្តាលព្រៃដល់ស្លាប់ក៏មាន ក្នុងនោះខាងក្រោមការក្រសួងបរិស្ថាន បានចុះទៅដល់កន្លែងកើតហេតុថែមទៀត។
លោក និក ម៉ាក នាយកសង្គ្រោះនិងថែរក្សាសត្វព្រៃ នៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដែលបានទៅដល់កន្លែងខ្ទីងជាប់អន្ទាក់ បញ្ជាក់ថា សត្វខ្ទីងញីនេះ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរខ្លាំង អស់កម្លាំង និងគ្មានកម្លាំងឈរបាន ដោយជើងមុខម្ខាងជាប់នឹងអន្ទាក់។ ពេទ្យសត្វបានដាក់ថ្នាំសណ្តំទៅកាន់សត្វខ្ទីង មុននឹងដាក់អង់ទីប៊ីយ៉ូទិក ប៉ុន្តែជាអកុសល ដោយសារសភាពខ្សោយពេក គេក៏បានស្លាប់ក្រោមការប្រើថ្នាំសន្លប់។ លោកថា “ទំរាំតែសត្វជាប់អន្ទាក់ត្រូវបានរកឃើញ ភាគច្រើនគឺស្លាប់បាត់ទៅហើយ។ ពួកគេស្លាប់យឺតៗនិងឈឺចាប់បំផុត”។
លោកមានប្រសាសន៍ថា ការបាត់បង់សត្វខ្ទីងនេះ គឺជាដំណឹងអាក្រក់សម្រាប់ប្រភេទសត្វ ដែលត្រូវបានចាត់ថ្នាក់ជាសកលជាប្រភេទសត្វងាយរងគ្រោះ។ យោងតាមសហភាពអន្តរជាតិនៃការអភិរក្សធម្មជាតិ (IUCN) ចំនួនសត្វខ្ទីងនៅក្នុងព្រៃអាចមានដល់ទៅ៦០០០ក្បាល។ នៅក្នុងប្រទេសកម្ពុជា សត្វខ្ទីង គឺកម្រមានណាស់ មិនមានអ្នកណាដឹងច្បាស់ថា វានៅសល់ប៉ុន្មានក្បាលទេ ប៉ុន្តែហាក់នៅតិចតួចណាស់។
លោកបន្តថា អន្ទាក់ គឺជាការបំផ្លិចបំផ្លាញខ្លាំងបំផុត ពីព្រោះពួកវាអាចសម្លាប់សត្វបានដោយមិនរើសមុខ រួមទាំងប្រភេទសត្វដែលរងការគំរាមកំហែងផង។ នៅក្នុងព្រៃទូទាំងអាស៊ីអាគ្នេយ៍ អន្ទាក់បានឈានដល់កម្រិតវិបត្តិ។ នៅកម្ពុជាផល ប៉ះពាល់នៃអន្ទាក់លើសត្វព្រៃគឺខ្លាំងក្លា។ អន្ទាក់គឺជាមូលហេតុចម្បងនៃការបាត់បង់សត្វព្រៃជាច្រើន រួមទាំងសត្វខ្លា។ លោកបានឱ្យដឹងថា កូនសត្វដំរីត្រូវបានជាប់អន្ទាក់ជាញឹកញាប់ ហើយស្លាប់ជាបន្តបន្ទាប់ និងយ៉ាងហោចណាស់ ៥០ភាគរយនៃកូនដំរី ត្រូវបានគេរកឃើញមានស្នាមរបួសអន្ទាក់ធ្ងន់ធ្ងរនៅលើជើង និងប្រមោយរបស់ពួកគេ តាមរយៈម៉ាស៊ីនថតសត្វ។
សូមបញ្ជាក់ថា កាលពីឆ្នាំមុន ក្រុមមន្ត្រីឧទ្យានុរក្សក្នុងតំបន់ការពារទាំង៧ នៅតំបន់ជួរភ្នំក្រវាញ បានដោះចេញនូវអន្ទាក់ចំនួន ២៥.៨៨៦អន្ទាក់។
សូមបញ្ជាក់ថា, នៅខេត្តឧត្តរមានជ័យ មានសត្វខ្ទីង គោព្រៃ ជាប់អន្ទាក់ព្រាន ស្លាប់ជាបន្តបន្ទាប់ ទើបស្រាកស្រាន្តមួយរយៈនេះប៉ុណ្ណោះ ៕