ខេត្តបាត់ដំបង÷ប្រភព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានបញ្ជាក់ថា÷ ជនរងគ្រោះមានជំងឺប្រចាំកាយ ហើយនិងមានសតិមិនល្អផងដែរ នៅព្រឹកថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២១នេះបានសម្រេចចិត្តបញ្ចប់ជីវិតដោយចាក់សាំងដុតខ្លួនឯងនៅក្នុងផ្ទះកម្សត់របស់ខ្លួននៅត្រង់ចំណុចភូមិកំពង់ឡី ក្នុងឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងជុំវិញហេតុការណ៍នេះថា÷ ជនរងគ្រោះដែលធ្វើអត្តឃាតខ្លួនឯងនេះមានឈ្មោះគី ឈាន មានប្រពន្ធ និងកូន ១នាក់ នៅក្នុងបន្ទុកគ្រួសារ។ នៅមុនពេលកើតហេតុមួយថ្ងៃជនវិបល្លាសនេះបាននិយាយប្រាប់អ្នកភូមិថា ប្រពន្ធ និងកូនរបស់ខ្លួនគ្រាន់តែអោយដេកសុីសោះក៏យ៉ាប់ដែរចាំមើលយប់នេះគាត់នឹងសម្លាប់ចោលហើយ គ្រាន់តែលឺបែបនេះអ្នកភូមិនោះក៏បានទៅប្រាប់ប្រពន្ធរបស់ជនបង្កឲ្យគេចខ្លួនទៅសម្រាកនៅផ្ទះឳពុក ម្តាយបង្កើតសិនក្រែងជួបរឿងមិនល្អ។ ដូចការគិតមែនរហូតដល់វេលាម៉ោងជាង ៦:០០នាទីព្រឹកថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២១នេះអ្នកភូមិក្បែរខាងក៏ផ្ទុះការភ្ញាក់ផ្អើលឡើងព្រោះតែធុំឆួលក្លិនសាំង បន្ទាប់មកក៏ពួកគេបបានឃើញអណ្តាតភ្លើងឆាបឆេះយ៉ាងពេញបន្ទុកផ្តើមចេញពីក្នុងផ្ទះគ្រួសាររបស់ជនរងគ្រោះយ៉ាងសន្ធោសន្ធៅតែម្តង។
ប្រភពដដែលបន្ថែមថា÷ ក្រោយពេលដែលភ្លើងរោចរន្លត់អស់ទាំងស្រុងហើយសមត្ថកិច្ច ក៏ដូចជាប្រជាពលរដ្ឋបានចុះទៅពិនិត្យមើលក៏បានប្រទះឃើញសាកសពឆេះរោលខ្លោចនៅក្នុងកម្ទេចផេះផ្ទះ រួចសមត្ថកិច្ចក៏បានធ្វើកំណត់ហេតុប្រគល់សាកសពជនរងគ្រោះឲ្យទៅប្រពន្ធ និងសាច់ញាតិដើម្បីធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ ស សារ៉េត