តម្លៃបំពង់អុកស៊ីហ្សែននៅក្នុងប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដល់ទៅ៣ដង ក្នុងពេលចំនួនអ្នកឆ្លងកូវីដ-១៩ ក្នុងប្រទេសនេះកើនឡើងខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។
សារព័ត៌មានរ៉យទ័របានផ្សាយថា ប៉ុន្មានថ្ងៃចុងក្រោយនេះ ឥណ្ឌូនេស៊ី មានករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់លើសពី២ម៉ឺននាក់ក្នុងមួយថ្ងៃ ។ ក្រុមអ្នកឯកទេសបានវាយតម្លៃថា ការឆ្លងកូវីដក្នុងប្រទេសនេះកាន់តែអាក្រក់ ក្រោយពីមានវត្តមានវីរុសបំប្លែងខ្លួនថ្មី Delta មានប្រភពមកពីប្រទេសឥណ្ឌា ។
ពេលនេះមន្ទីរពេទ្យមានអ្នកជំងឺច្រើនលើសលប់ ដោយមិនទទួលអ្នកជំងឺកូវីដ-១៩ថ្មីទៀតឡើយ។ ពលរដ្ឋជាច្រើនបាននាំគ្នាទិញបំពង់អុកស៊ីហ្សែនមករក្សាទុកក្នុងផ្ទះ ហើយបើមានអ្នកឆ្លងកូវីដ-១៩ គឺត្រូវព្យាបាលក្នុងផ្ទះដោយពេទ្យឈប់ទទួលព្យាបាលហើយ ។ ដោយសារតែតម្រូវការច្រើន តម្លៃបំពង់អុកស៊ីហ្សែន ដែលមានតម្លៃត្រឹមតែ៥០ដុល្លារប៉ុណ្ណោះ បានកើនឡើងដល់ទៅ១៤០ដុល្លារក្នុងមួយបំពង់។
លោក Taufik Hidayat អាយុ៥១ឆ្នាំ ដែលបានរង់ចាំទិញបំពងអុកស៊ីហ្សែន បានលើកឡើងថា «ខ្ញុំតម្រង់ជួររង់ចាំទិញបំពង់អុកស៊ីហ្សែនសម្រាប់ប្រពន្ធនិងកូនប្រុសដែលមានវិជ្ជមានកូវីដ-១៩ ។ ខ្ញុំបានដើរទៅកាន់តំបន់ជាច្រើន ប៉ុន្តែគេបានលក់អស់រលីង»។ ចំណែកម្ចាស់ហាងលក់បំពង់អុកស៊ីហ្សែនបានលើកឡើងថា អុកស៊ីហ្សែនដែលស្តុកទុកគឺត្រូវយកមកលក់អស់ដោយមានតម្លៃថ្លៃមួយគុណជាបី។
ឥណ្ឌូនេស៊ីបានខិតខំចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល ប៉ុន្តែមកទល់ពេលនេះ ទើបតែមានពលរដ្ឋជាង ១៣,៣លាននាក់ប៉ុណ្ណោះដែលបានចាក់វ៉ាក់សាំង ក្នុងចំណោមពលរដ្ឋជាង១៨១លាននាក់ ។ គិតត្រឹមថ្ងៃទី៣០ខែមិថុនាឥណ្ឌូនេស៊ីមានករណីឆ្លងកូវីដ-១៩ សរុបជាង ២,១លាននាក់ និងស្លាប់ជាង ៥៨ពាន់នាក់៕ ដោយ៖ធីរីណា
និយោជិកបានបំពេញធុងអុកស៊ីសែនដើម្បីព្យាបាលអ្នកជម្ងឺជាមួយកូវីដ ១៩ នៅពេលតម្រូវការកើនឡើងនៅJavaខាងលិច។ រូបភាព៖Reuters