មនុស្សរាប់រយនាក់បានស្លាប់ ដោយសារតែអាកាសធាតុក្តៅខ្លាំង នៅអាមេរិកនិងកាណាដា ក្នុងពេលរដ្ឋាភិបាលប្រទេសទាំងពីរបង្ហាញនូវក្តីបារម្ភយ៉ាងខ្លាំងពីហានិភ័យនៃភ្លើងឆេះព្រៃដោយសារតែសីតុណ្ហភាពកើនឡើងខ្ពស់រហូតដល់៤៩អង្សាសេ។
នៅក្នុងរដ្ឋ Oregon អាមេរិក ក្នុងថ្ងៃទី៣០ខែមិថុនា មានមនុស្ស ៦៣នាក់ស្លាប់ពាក់ព័ន្ធនឹងអាកាសធាតុក្តៅខ្លាំង ។ នេះជាការស្លាប់ច្រើនបំផុតនៅក្នុងរដ្ឋ Oregon នៅក្នុងឆ្នាំ២០១៧ក៏មានមនុស្ស១២នាក់ស្លាប់ដែរ ដោយសារតែក្តៅខ្លាំងពេក ។ ក្រៅពីអ្នកស្លាប់នៅមានពលរដ្ឋជាច្រើនត្រូវចូលព្យាបាលក្នុងមន្ទីរពេទ្យ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។
ចំណែកនៅក្នុងខេត្ត British Columbia ប្រទេសកាណាដា សីតុណ្ហភាពក្តៅខ្លាំងបានសម្លាប់មនុស្សកើនឡើងដល់ទៅ៤៨៦នាក់ គឺកើនឡើងដល់ទៅ៣ដងបើប្រៀបធៀបនឹងរលកកម្តៅកាលពីឆ្នាំមុន។
លោក David Philips អ្នកឯកទេសព្យាករណ៍អាកាសធាតុកាណាដា បានលើកឡើងថា «នៅតំបន់មួយចំនួនមានសីតុណ្ហភាពកើនឡើងខ្ពស់មិនធ្លាប់មានពីមុនមក»។ លោក Philips បន្តទៀតថា បម្រែបម្រួលអាកាសធាតុជាមូលហេតុបណ្តាលឲ្យមានរលកកម្តៅកើនឡើងខ្ពស់នៅក្នុងឆ្នាំនេះ។
នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានថ្លែងសុន្ទរកថានៅទីក្រុង Ottawa ដើម្បីរំលឹកដល់អ្នកស្លាប់ដោយអាកាសធាតុក្តៅខ្លាំង ។ ទន្ទឹមនឹងនោះលោកបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំងខ្លាចមានភ្លើងឆេះព្រៃកើតឡើង៕ ដោយ៖ធីរីណា
ស្ត្រីម្នាក់កាន់កូនរបស់នាងនៅឯឧទ្យានមួយក្នុងរដ្ឋធានីវ៉ាស៊ីនតោនសហរដ្ឋអាមេរិកនៅថ្ងៃទី ២៨ ខែមិថុនា។ រូបភាពAFP