ភ្នំពេញ៖ ពិតជាមិនធ្វើឲ្យអ្នកគាំទ្រខកចិត្តឡើយ ក្រោយពីFreshie Boy ចំណាក់ថ្នាក់លេខ១ប្រចាំឆ្នាំ២០១៦ និងជាបុរសតំណាងឲ្យកម្ពុជាចូលរួមប្រកួត Man Of The Year 2019 លោក ទ្រី តារាវុធ កាន់តែលេចមុខមាត់ខ្លាំងក្នុងការងារសិល្បៈ ទាំងការងារជាតារាបង្ហាញម៉ូត ពិធីករ ពិសេសការសម្តែងក្នុងភាពយន្តតែម្តង ដែលពេលនេះលោកក្តោបបានតំណែងតួឯកក្នុងភាពយន្តជាច្រើនបន្តបន្ទាប់ ហើយគ្រាន់តែពេលនេះភាពយន្តរបស់លោក៤រឿងបាននិងកំពុងតែធ្វើការចាក់បញ្ចាំង និងទទួលបានពេញចិត្តច្រើនពីអ្នកគាំទ្រ
ភាពយន្តដែលបញ្ចប់ការផលិតនិងដាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ និង App នោះគឺមានមិនក្រោម៤រឿងឡើយ។ ភាពយន្តទាំងនោះមានដូចជារឿង ក្រមុំមុខពីរ របស់ទូរទស្សន៍ Bayon ដែលលោកសម្តែងជាតួឯករួមគ្នាជាមួយតារាស្រីកញ្ញា ព្រះកាយច័ន្ទ រឿង”Bro ខូចចិត្ត”របស់ផលិតកម្ម sastra filmដែលបានចាក់ផ្សាយនៅលើ appរបស់សាស្ត្រា ដែលសម្តែងរួមគ្នាជាមួយតារាស្រីកញ្ញា ចិនចិនរឿង”កញ្ញាមុខឈើ”របស់ទូរទស្សន៍ហង្សមាស ដែលសម្តែងជាមួយកញ្ញាសឹម ស្រីនិចនិងរឿង អូនចុងភៅកំពូលស្នេហ៌ របស់ទូរទស្សន៍ PNN ដែលលោកសម្តែងរួមគ្នាជាមួយកញ្ញា គង់ ច័ន្ទស្រីដែន នឹងចាក់បញ្ចាំងក្នុងពេលដ៏ខ្លីខាងមុខនេះ។ តារាសម្តែងប្រុសរូបនេះបានបញ្ជាក់ថា លោកពិតជារីករាយដែលឆ្នាំនេះទទួលបានការងារសិល្បៈ ពិសេសការសម្តែងកាន់តែច្រើនបើទោះបីជាប្រឈមនឹងបញ្ហារាលដាលនៃជំងឺកូវីដ១៩ក៏ដោយ។ លោកថានៅមានភាពយន្តមួយចំនួនផ្សេងទៀតដែលោកបាននិងកំពុងថត សម្រាប់ផលិតកម្ម និងទូរទស្សន៍នានា។ លោក ពិតជាអរគុណសម្រាប់ការគាំទ្ររបស់ទស្សនិកជន និងការតែងតែផ្តល់ឱកាសពីសំណាក់ផលិតករនានា និងមើលឃើញពីការខិតខំប្រឹងប្រែងរបស់លោក ដើម្បីរួមគ្នាបង្កើតទស្សនីយភាពល្អប្លែកជូនទៅកាន់ទស្សនិកជន ហើយលោករំពឹងថាស្នាដៃទាំងនេះនឹងកាន់តែធ្វើឲ្យទស្សនិកជនគាំទ្រលោក និងស្នាដៃរបស់កូនខ្មែរដែលបានបង្កើតភាពយន្តប្រកបដោយគុណភាព។
គួរបញ្ជាក់ដែរថា លោក ទ្រី តារាវុធ ត្រូវបានទស្សនិកជនបានស្គាល់ខ្លាំងក្នុងការងារសិល្បៈជាច្រើនទម្រង់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទាំងការសម្តែង ពិធី និងតារាបង្ហាញម៉ូតជាដើម។ ពិសេសលោកធ្លាប់បានបង្ហាញមុខក្នុងកម្មវិធីប្រកួតកញ្ញាឯកចក្រវាឡកម្ពុជា២០២០កន្លងទៅ រួមទាំងការលេចមុខក្នុងភាពយន្តភាគ និងភាពយន្តខ្លីជាច្រើនបន្តបន្ទាប់៕